ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបន្តជំរុញ និងលើកទឹកចិត្តឱ្យ វិនិយោគិនកូរ៉េ មកបណ្តាក់ទុន និងធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែច្រើនបន្ថែមទៀត នៅកម្ពុជា ជាពិសេសក្នុងវិស័យសក្តានុពល ដូចជាកសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ វិស័យយានយន្ត អេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថល។
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍ Mini-Korea Brand & Entertainment Expo 2025 ឱ្យបានដឹងថា ក្នុងបរិការណ៍បច្ចុប្បន្ន ព្រឹត្តិការណ៍ពិព័រណ៍នេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាង កម្ពុជានិងសាធារណរដ្ឋកូរ៉េ និងការបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាផ្នែកមួយក្នុងការជួយបង្កើនគុណតម្លៃនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ការផ្លាស់ប្តូរប្រពៃណី វប្បធម៌ ក្នុងស្មារតីលើកកម្ពស់មិត្តភាពឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅ។
លើសពីនេះ ព្រឹត្តិការណ៍ពិព័រណ៍នេះ ក៏នឹងបង្កើនតម្លៃបន្ថែម ដោយនាំមកនូវកាលានុវត្តភាពរួមគ្នាលើផ្នែកពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងការស្វែងរកកិច្ចសហការ ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំង២ ផងដែរ។លោកជំទាវ ក៏បានបន្តជំរុញ និងលើកទឹកចិត្តឱ្យ វិនិយោគិនកូរ៉េមកបណ្តាក់ទុន និងធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែច្រើនបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុង វិស័យមានសក្តានុពលខ្ពស់ ដែលអាចថ្ពក់ទៅនឹងខ្សែច្រវាក់ផលិតកម្មនៅកូរ៉េ។
ជាចុងក្រោយ ក្រសួងពាណិជ្ជកម្ម ក៏បន្តលើកទឹកចិត្តឱ្យ ទីភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ ពិនិត្យលទ្ធភាពចាប់ដៃគូសហការជាមួយ ក្រុមការងារជំរុញការនាំចេញ និងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ដើម្បីរៀបចំជាកម្មវិធី Roadshow, សិក្ខាសាលាផ្សព្វផ្សាយអំពីតម្រូវការផលិតផល/សេវាកម្មនៅទីផ្សារកូរ៉េ-កម្ពុជា និងនីតិវិធីនាំចូលនានា, ជំនួបផ្គូរផ្គងធុរកិច្ច, និងកម្មវិធីតាំងពិព័រណ៍រួមគ្នា ជាដើម ដើម្បីបន្តនិងពង្រីកវិសាលភាពក្នុងការបង្កើតឱកាសដល់វិស័យឯកជនទាំងពីរ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ