ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពាវនាវ ឱ្យចូលរួមលើកតម្លៃ និងប្រើប្រាស់ផលិតផលក្នុងស្រុក ជាពិសេសផលិតផល មានម៉ាកសម្គាល់ភូមិសាស្រ្តទំនិញជាការជំរុញកំណើនទាំងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចពលរដ្ឋ។
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ក្នុងវិស័យទេសចរណ៍ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ (CKCC) ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវឱ្យចូលរួមលើកតម្លៃ និងប្រើប្រាស់ផលិតផលក្នុងស្រុក ជាពិសេសផលិតផល ដែលមានម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ (GI) ព្រមទាំងចូលរួមប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ក្នុងវិស័យទេសចរណ៍។
ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ផលិតផលក្លែងក្លាយ មិនត្រឹមតែបានប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យបាត់ជំនឿទុកចិត្តដល់វិស័យទេសចរណ៍ និងកិត្តិនាមកម្ពុជា ថែមទៀតផងដែរ ខណៈការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ រួមចំណែកក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍។ បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញការលើកតម្កើងផលិតផលខ្មែរ និងគាំទ្រកសិករ និងអ្នកផលិតក្នុងស្រុក ឱ្យផ្តោតលើគុណភាព ជាពិសេសលើកទឹកចិត្តភ្ញៀវទេសចរ ឱ្យទិញវត្ថុអនុស្សាវរីយ៍ ដែលធ្វើដោយដៃ និងផលិតនៅកម្ពុជា។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវឱ្យម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ ត្រូវចូលរួមអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការគ្រប់គ្រងគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដោយណែនាំឱ្យមានការយកចិត្តទុកដាក់ រៀបចំឱ្យមានបន្ទប់ទឹកនិងបន្ទប់ទឹក ឱ្យមានអនាម័យស្អាតបាត ប្រកបដោយគុណភាព។
ទន្ទឹមនឹងនេះ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ គឺជាឧបករណ៍កម្មសិទ្ធិបញ្ញាមួយដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សហគ្រិនភាព ការអភិវឌ្ឍសហគមន៍កសិកម្ម បង្កើនចំណូលរបស់សហគមន៍ បង្កើតភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម ដែលរួមចំណែកក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍។
សូមជម្រាបថា សិក្ខាសាលា ស្តីពីការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមក្នុងវិស័យទេសចរណ៍ បានផ្តោតសំខាន់លើ ប្រធានបទសំខាន់ៗចំនួន៣ រួមមាន៖ ទី១.កម្មសិទ្ធិបញ្ញាក្នុងវិស័យទេសចរណ៍ ទី២.ការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ក្នុងវិស័យទេសចរណ៍ និងទី៣. ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភា៖ ឯកសារ