ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥

សហភាពអឺរ៉ុប បង្កើនការនាំចូលផ្លែឈើ និងបន្លែពីប្រទេសវៀតណាម

១៧ មិថុនា ២០២៥ | សេដ្ឋកិច្ច

 

ទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម បានបង្ហាញថា ការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាមទៅកាន់ សហភាពអឺរ៉ុប មានចំនួនសរុប ១៣២លានដុល្លារអាមេរិក ចាប់ពីខែមករាដល់ ខែមេសា កើនឡើង ៣៣% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។

 

 

សហភាពអឺរ៉ុប កំពុងបង្កើនការនាំចូលផ្លែឈើពី វៀតណាម មានដូចជា ផ្លែស្វាយ ម្នាស់ និងដូង ដែលកើនឡើងចន្លោះពី ៤១% ទៅ ២០០% ក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំនេះ។ទិន្នន័យពីអគ្គនាយកដ្ឋានគយ បានបង្ហាញថា ការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាមទៅកាន់សហភាពអឺរ៉ុប មានចំនួនសរុប ១៣២លានដុល្លារអាមេរិក ក្នុងរយៈពេល ៤ខែដើមឆ្នាំនេះ។

 


ផ្លែស្វាយ បានឈរនៅកំពូលតារាងជាមួយនឹងតម្លៃនាំចេញ ២៧លានដុល្លារ ខណៈការនាំចេញម្នាស់ទៅសហភាពអឺរ៉ុប បានកើនឡើង ៣ដងដល់ ១១លានដុល្លារ ហើយដូងបានកើនឡើងដល់ ១០លានដុល្លារ។ក្នុងចំណោមនោះ ប្រទេសហូឡង់ នៅតែជាទីផ្សារដ៏ធំបំផុតសម្រាប់ផលិតផលវៀតណាម ដែលមានទំហំ ៣៧លានដុល្លារ ឬ ២៨% នៃតម្លៃនាំចេញសរុប។

 


អគ្គលេខាធិការនៃសមាគមន៍បន្លែ និងផ្លែឈើវៀតណាម បានឲ្យដឹងថា ផ្លែឈើវៀតណាមកំពុងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើង នៅក្នុងសហភាពអឺរ៉ុប បន្ទាប់ពី តម្រូវការកើនឡើង ក្រោយជំងឺរាតត្បាតកូវីដ១៩។លើសពីនេះ អាកាសធាតុមិនអំណោយផលនៅក្នុងបណ្តាប្រទេសសហភាពអឺរ៉ុបមួយចំនួន បានកាត់បន្ថយទិន្នផលផ្លែឈើក្នុងស្រុក ដោយបង្ខំឱ្យប្លុកនេះ ពឹងផ្អែកកាន់តែខ្លាំងលើការនាំចូល។

 


ការនាំចេញរបស់វៀតណាម ក៏ទទួលបានអត្ថប្រយោជន៍ផងដែរពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សហភាពអឺរ៉ុប-វៀតណាម ជាមួយនឹងការដកពន្ធលើប្រភេទផ្លែឈើជាច្រើន ដែលផ្តល់ឱ្យអ្នកនាំចេញវៀតណាម ទទួលបានអត្ថប្រយោជន៍ប្រកួតប្រជែង។គួររម្លឹកថា ការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាមទៅកាន់សហភាពអឺរ៉ុប បានកើនឡើងដល់ ៤ពាន់ ២រយលានដុល្លារកាលពីឆ្នាំមុន៕

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025