ថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០២៥

វិស័យស្រូវអង្ករកម្ពុជា ដើរតួនាទីជាសសរស្តម្ភ ទ្រទ្រង់វិស័យសន្តិសុខស្បៀង និងសេដ្ឋកិច្ច

១៧ មិថុនា ២០២៥ | សេដ្ឋកិច្ច

 

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា វិស័យស្រូវអង្ករកម្ពុជា បានដើរតួនាទីជាសសរស្តម្ភមួយយ៉ាងសំខាន់ ក្នុងការទ្រទ្រង់វិស័យសន្តិសុខស្បៀង និងសេដ្ឋកិច្ច។

 

 

នៅថ្ងៃចន្ទ ទី១៦ ខែមិថុនា ក្នុងពិធីប្រារព្ធខួប ១០ឆ្នាំ នៃការបង្កើតសហព័ន្ធស្រូវអង្ករកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា រយៈពេលជាង ១០ឆ្នាំមកនេះ វិស័យស្រូវអង្ករកម្ពុជា បានធ្វើឱ្យមានលំនឹងសន្តិសុខស្បៀង និងការពង្រីកសក្តានុពលពាណិជ្ជកម្ម និងវិនិយោគ ដោយក្នុងឆ្នាំ ២០២៤ កម្ពុជា បាននាំចេញអង្ករចំនួនជាង ៦សែនតោន និងស្រូវចំនួនជាង ៥លានតោន ដែលផ្តល់ចំណូលសរុបចំនួនជិត ២ពាន់លានដុល្លារអាម៉េរិក។

 


ឯកឧត្តម បន្តថា វិស័យនេះបានទាញយកការវិនិយោគពីវិនិយោគិនក្នុងស្រុក និងក្រៅប្រទេស និងបានជំរុញឱ្យវិស័យនេះមានការវិនិយោគយ៉ាងគំហុកពី រោងម៉ាស៊ីនកិនស្រូវមានចំនួនមិនដល់ ១០ទីតាំង បានកើនឡើងរហូតដល់ទៅជាង ៨០ទីតាំង ដែលមានបំពាក់នូវឧបករណ៍សម្ភារៈបច្ចេកវិទ្យាទំនើបបំផុតចុងក្រោយរបស់ពិភពលោក។

 


នាឱកាសនោះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងអំពី អត្ថប្រយោជន៍របស់ស្រូវ ដែលជាដំណាំយុទ្ធសាស្ត្ររបស់កម្ពុជា សម្រាប់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដោយមិនត្រឹមតែជាអាហារមូលដ្ឋានដ៏ចាំបាច់ប៉ុណ្ណោះទេ ថែមទាំងជាទំនិញនាំចេញដ៏មានសក្ដានុពល ក្នុងចំណោមបញ្ជីផលិតផលកសិកម្ម ដែលបានជ្រើសរើសជាអាទិភាព សម្រាប់ជំរុញការនាំចេញ។

 


សូមរម្លឹកបន្តិចថា ទិន្នន័យចេញផ្សាយដោយ សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញថា នៅក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៥ ការនាំចេញស្រូវអង្កររបស់កម្ពុជា សម្រេចបានទឹកប្រាក់ប្រមាណជិត ១ពាន់លានដុល្លារអាមេរិក៕

 


 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025