ថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ឆ្នាំ២០២៥

សេដ្ឋកិច្ច

ឆមាសទី ១ កម្ពុជា សម្រេចការនាំចេញស្រូវអង្ករជាង ១ពាន់លានដុល្លារ

ឆមាសទី ១ កម្ពុជា សម្រេចការនាំចេញស្រូវអង្ករជាង ១ពាន់លានដុល្លារ

 នៅក្នុងឆមាសទី ១ ឆ្នាំ២០២៥ ការនាំចេញស្រូវអង្កររបស់កម្ពុជា សម្រេចបានទឹកប្រាក់ប្រមាណជាង ១ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមទិន្នន័យចេញផ្សាយដោយ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃនេះ។   សហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ខែមិថុនា កម្ពុជា រកចំណូលពីការនាំចេញស្រូវ និងអង្ករ សរុបជាង ១ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះ ការនាំចេញអង្ករគ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិចំនួន ៦៣ប្រទេសនិងតំបន់ និងរកចំណូលបាន ២៨៣លានដុល្លារអាមេរិក។ ជាមួយគ្នានេះដែរ កម្ពុជា បាននាំចេញស្រូវសរុបបានចំនួនជាង ៣លានតោន ដែលគិតជាទឹកប្រាក់មានចំនួន ៧៥៧លានដុល្លារអាមេរិក។ដោយឡែក សម្រាប់អង្ករនាំចេញ គឺមានអង្ករក្រអូបគ្រប់ប្រភេទ នាំចេញបានចំនួន ៧៥%  អង្ករ ស ចំនួន ១៩% និងប្រភេទអង្ករផ្សេងៗប្រមាណ ៥%ទៀត។ បណ្តាប្រទេសក្នុងសហភាពអឺរ៉ុប ឈរជាទីផ្សារនាំមុខគេ សម្រាប់ការនាំចេញអង្ករររបស់កម្ពុជា ក្នុងរយៈពេល ៦ខែនេះ បើគិតជាទឹកប្រាក់សរុបជាង ១៤៣លានដុល្លារអាមេរិក ហើយបន្ទាប់ពីនោះ គឺប្រទេសចិន ជាអ្នកទិញអង្ករកម្ពុជាលំដាប់ទី ២ គិតជាទឹកប្រាក់ ៦០លានដុល្លារអាមេរិក។សូមជម្រាបថា គិតត្រឹមមួយឆ្នាំពេញ ២០២៤ ការនាំចេញស្រូវអង្កររបស់កម្ពុជា សម្រេចបានទឹកប្រាក់ប្រមាណជិត ២ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញអង្ករសម្រេចបានជាង ៤៩០លានដុល្លារ និងស្រូវ ជិត ១ពាន់ ៥រយលានដុល្លារអាមេរិក៕   អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ 

០៣ កក្កដា ២០២៥
អាមេរិក សម្រេចដំឡើងពន្ធ ២០% លើការនាំចេញរបស់វៀតណាម

អាមេរិក សម្រេចដំឡើងពន្ធ ២០% លើការនាំចេញរបស់វៀតណាម

 ប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងដាក់ពន្ធ ២០% លើការនាំចេញរបស់វៀតណាមជាច្រើនប្រភេទ ដែលកាត់បន្ថយភាពតានតឹង ជាមួយនឹងដៃគូពាណិជ្ជកម្មធំបំផុតទី ១០ របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានលើកឡើងថា ទំនិញវៀតណាម នឹងប្រឈមនឹងការយកពន្ធ ២០% ហើយការនាំចេញពីប្រទេសទី ៣ តាមរយៈវៀតណាម នឹងប្រឈមនឹងការយកពន្ធ ៤០% ខណៈប្រទេសវៀតណាម អាចនាំចូលផលិតផលអាមេរិក ជាមួយនឹងពន្ធ សូន្យភាគរយ។ លោក ដូណាល់ ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គមថា វាជាកិត្តិយសដ៏អស្ចារ្យរបស់លោក ក្នុងការប្រកាសថា លោកទើបតែបានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ សាធារណរដ្ឋសង្គមនិយមវៀតណាម បន្ទាប់ពីការជជែកគ្នាជាមួយថ្នាក់ដឹកនាំកំពូលនៃប្រទេសវៀតណាម។ការប្រកាសរបស់ប្រធានាធិបតីអាមេរិក បានធ្វើឡើងតែប៉ុន្មានថ្ងៃ មុនកាលបរិច្ឆេទកំណត់ថ្ងៃទី ៩ ខែកក្កដា ជាពេលដែលត្រូវដំឡើងពន្ធលើការនាំចូល រហូតដល់ទៅ ៤៦% សម្រាប់វៀតណាម។ យ៉ាងណាក៏ដោយ គឺពុំទាន់មានព័ត៌មានច្បាស់ទេថា តើផលិតផលណាដែលជាប់ពន្ធ ២០% របស់អាមេរិក ហើយផលិតផលមួយណា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ពន្ធទាបជាងនេះ ឬខ្ពស់ជាងនេះ។ចំពោះ រដ្ឋាភិបាលវៀតណាម មិនបានបញ្ជាក់ពីកម្រិតពន្ធគយជាក់លាក់ នៅក្នុងសេចក្តីថ្លែងការណ៍រួមអំពីក្របខ័ណ្ឌពាណិជ្ជកម្មនោះទេ។ គួរជម្រាបថា កិច្ចព្រមព្រៀងរវាងប្រទេសទាំង ២ នឹងក្លាយជាការជំរុញផ្នែកនយោបាយសម្រាប់លោក ដូណាល់ ត្រាំ ដែលក្រុមរបស់ពួកគេ បានព្យាយាមសម្រេចកិច្ចព្រមព្រៀងយ៉ាងឆាប់រហ័សជាមួយ ដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន នៅមុនថ្ងៃកំណត់៕   អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ  

០៣ កក្កដា ២០២៥
ក្នុងឆមាសទី ១ ភ្ញៀវទេសចរបរទេស ទៅកម្សាន្តនៅប្រទេសថៃ ធ្លាក់ចុះ ៤%

ក្នុងឆមាសទី ១ ភ្ញៀវទេសចរបរទេស ទៅកម្សាន្តនៅប្រទេសថៃ ធ្លាក់ចុះ ៤%

 ក្រសួងទេសចរណ៍ និងកីឡាថៃ បានបង្ហាញថា ការមកដល់របស់ភ្ញៀវទេសចរបរទេស មកកាន់ប្រទេសថៃ នៅក្នុងឆមាសទី ១ ឆ្នាំនេះ គឺបានធ្លាក់ចុះ ៤% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានក្នុងស្រុកថៃ នៅថ្ងៃនេះ។ ក្រសួងទេសចរណ៍ និងកីឡាថៃ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានភ្ញៀវបរទេសប្រហែល ១៦លាននាក់ ក្នុងអំឡុង ៦ខែនេះ បានមកកម្សាន្តនៅប្រទេសថៃ ដោយម៉ាឡេស៊ី ជាប្រទេសប្រភពធំជាងគេ ដែលមានភ្ញៀវទេសចរជាង ២លាន ៣សែននាក់ តាមពីក្រោយដោយប្រទេសចិន មាន២លាន ២សែននាក់។ កាលពីសប្តាហ៍មុន ធនាគារកណ្តាលថៃ បានកាត់បន្ថយការព្យាករណ៍របស់ខ្លួន សម្រាប់ការមកដល់នៃភ្ញៀវទេសចរបរទេសនៅឆ្នាំនេះ មកត្រឹម ៣៥លាននាក់ ដែលធ្លាក់ចុះពី ៣៧លាននាក់។ទន្ទឹមគ្នានេះ ធនាគារកណ្តាលថៃ បានកាត់បន្ថយការព្យាករណ៍ សម្រាប់ការមកដល់របស់ភ្ញៀវទេសចរចិននៅឆ្នាំនេះពី ៧លាននាក់ មកត្រឹម ៥លាននាក់ សម្រាប់ការមកដល់សរុបក្នុងឆ្នាំ ២០២៥។ នាយកជាន់ខ្ពស់នៃនាយកដ្ឋានម៉ាក្រូសេដ្ឋកិច្ច បានបញ្ជាក់ថា ធនាគារកណ្តាលថៃ បានកាត់បន្ថយការព្យាករណ៍ សម្រាប់ការមកដល់របស់ភ្ញៀវបរទេសនៅឆ្នាំនេះពី ៣៩លាននាក់ មកត្រឹម ៣៧លាននាក់ ដោយសារការធ្លាក់ចុះនៃចំនួនភ្ញៀវចិន។ កាលពីឆ្នាំ ២០២៤ ការមកដល់របស់ភ្ញៀវទេសចរចិន មានចំនួនសរុប ៦,៧លាននាក់ ដែលទាបជាងកំណត់ត្រាចំនួន ១១លាននាក់ នៅមុនការផ្ទុះកូវីដ ឆ្នាំ ២០១៩។ធនាគារកណ្តាលថៃ បន្តទៀតថា សេដ្ឋកិច្ចរបស់ប្រទេសថៃ ក្នុងខែឧសភា ក៏បានធ្លាក់ចុះផងដែរ បន្ទាប់ពីការធ្លាក់ចុះនៃវិស័យទេសចរណ៍ និងការធ្លាក់ចុះនៃឧស្សាហកម្មផលិតកម្ម និងប៉ះប៉ូវដោយកំណើននៃការនាំចេញ។ សូមជម្រាបថា ក្រសួងទេសចរណ៍ថៃ បានបង្ហាញថា ថៃ ទទួលការមកដល់របស់ភ្ញៀវទេសចរបរទេសចំនួន ៣៥លាននាក់ កាលពីឆ្នាំ ២០២៤កន្លងទៅ និងរកចំណូលបានប្រមាណ ៤៦ពាន់លានដុល្លារអាមេរិក៕  អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ    

០៣ កក្កដា ២០២៥
កម្ពុជា-ជប៉ុន ឯកភាពគ្នាពង្រីកទំនាក់ទំនងសេដ្ឋកិច្ច

កម្ពុជា-ជប៉ុន ឯកភាពគ្នាពង្រីកទំនាក់ទំនងសេដ្ឋកិច្ច

 ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តម ណាហ្គាស៊ីម៉ា អាគិហិសា (NAGASHIMA Akihisa) ទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រី និងជាសមាជិករដ្ឋសភាជប៉ុន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តមសមាជិករដ្ឋសភាជប៉ុន បានប្ដេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ខណៈជប៉ុនគាំទ្រលើកញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន ដើម្បីទាក់ទាញនូវវិនិយោគិនជប៉ុនបន្ថែមទៀតផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមសមាជិករដ្ឋសភាជប៉ុន វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅជប៉ុន-កម្ពុជា នៅក្នុងវិស័យគន្លឹះនានា និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច  កញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន ( Economic Co-Creations Package) ដែលនេះគឺជាកាលានុវត្តភាពថ្មីមួយ ក្នុងការទាក់ទាញវិនិយោគិនជប៉ុនបន្ថែមទៀត មកវិនិយោគនៅប្រទេសកម្ពុជា។ លើសពីនេះ កញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន នឹងផ្តោតលើការកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា តាមរយៈការគាំទ្រដល់ក្រុមហ៊ុនជប៉ុន ការបង្កើតគម្រោងភាពជាដៃគូរដ្ឋ និងឯកជន ធ្វើឱ្យរីកចម្រើននៃបណ្តាញទូរគមនាគមន៍ ដើម្បីពង្រឹងឧស្សាហកម្ម និងភាពធន់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់។ ជាការឆ្លើយតប សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា ក៏ដូចជាការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ពេញចិត្តចំពោះការដាក់ចេញនូវយន្តការថ្មីសម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ផ្តោតលើសសរស្តម្ភសំខាន់ៗទាំង៣ និងបានគូសបញ្ជាក់ថា ក្រសួងស្ថាប័នកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្សារភ្ជាប់ ទំនាក់ទំនង និងកិច្ចសហការជាមួយភាគីជប៉ុន ដើម្បីអនុវត្តយន្តការនៃកិច្ចសហប្រតិបត្តិការថ្មីនេះ ឱ្យទទួលបានជោគជ័យ។  គួរជម្រាបថា ប្រទេសជប៉ុនឈរនៅក្នុងចំណោមអ្នកវិនិយោគ និងដៃគូពាណិជ្ជកម្មដ៏ធំ និងសំខាន់បំផុតរបស់កម្ពុជា ដែលរួមចំណែកយ៉ាងខ្លាំងដល់វឌ្ឍនភាពសេដ្ឋកិច្ចសង្គមកម្ពុជា។ ក្នុងនោះ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន មានការរីកចម្រើនជាប់លាប់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយឈានដល់ប្រមាណ ២,៧ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤ ខណៈកម្ពុជាជឿជាក់យ៉ាងមុតមាំថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន-កម្ពុជា នឹងបំពេញគ្នាទៅវិញទៅមក ដែលអាចជំរុញឱ្យមានវិបុលភាពរួមគ្នាសម្រាប់ប្រជាជាតិទាំងពីរ៕   អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ   

០៣ កក្កដា ២០២៥
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងមហាអំណាចចិន ឈានដល់ ៧,៦ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែ

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងមហាអំណាចចិន ឈានដល់ ៧,៦ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែ

 ក្នុងរយៈពេល ៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៥នេះ ប្រទេសចិន នៅតែជាដៃគូពាណិជ្ជកម្មដ៏ធំរបស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីជាង ៧ពាន់ ៦រយលានដុល្លារអាមេរិក មានកំណើន ២៧% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យផ្លូវការពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។  អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់ថា អំឡុងពេល ៥ខែនេះ ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន មានទំហំ ៦៣៤លានដុល្លារអាមេរិក ធ្លាក់ចុះ ៣% ដោយការនាំចូលមកកាន់កម្ពុជាវិញ មានដល់ទៅ ៧ពាន់លានដុល្លារអាមេរិក កើន ៣១% ដែលធ្វើឲ្យ កម្ពុជា កើតនូវ ឱនភាពពាណិជ្ជកម្មជាង ៦ពាន់លានដុល្លារអាមេរិក។ យ៉ាងណាមិញ កម្ពុជា ក៏ត្រូវការនាំចូល វត្ថុធាតុដើមជាច្រើនមកពីប្រទេសចិន ដូចជា វត្ថុធាតុដើមនៅក្នុងវិស័យកាត់ដេរ កាបូប ស្បែកជើង ដើម្បីកែច្នៃ និងនាំចេញទៅវិញ។អំឡុងពេល ៥ខែនេះ ចិន គឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា រីឯ អាមេរិក ឈរនៅលំដាប់លេខ ២ ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា គិតជាទឹកប្រាក់ប្រមាណ ៤ពាន់ ៤រយលានដុល្លារអាមេរិក ដោយក្នុងនោះ កម្ពុជា នាំចេញទំនិញទៅកាន់អាមេរិក ជាង ៤ពាន់ ៣រយលានដុល្លារអាមេរិក ខណៈកម្ពុជា នាំចូលមកជាង ១២០លានដុល្លារអាមេរិក។ ក្រៅពីប្រទេសចិន ដៃគូពាណិជ្ជកម្មសំខាន់របស់កម្ពុជា រួមមាន សហរដ្ឋអាមេរិក វៀតណាម ថៃ ជប៉ុន ឥណ្ឌូនេស៊ី និងកាណាដា ខណៈទីផ្សារនាំចេញធំៗរួមមាន អាមេរិក ចិន វៀតណាម ជប៉ុន ថៃ និងកាណាដា។ជាមួយគ្នានេះ មុខទំនិញសំខាន់ៗ ដែលកម្ពុជា នាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន ផលិតផលវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ផលិតផលកសិកម្ម គ្រឿងអេឡិចត្រូនិក ឧបករណ៍អគ្គិសនី និងផលិតផលកង់ជាដើម។ សូមជម្រាបថា ក្នុងរយៈពេល ៥ខែ ដើមឆ្នាំនេះ ប្រទេសកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មអន្តរជាតិប្រមាណ ២៥ពាន់លានដុល្លារអាមេរិក មានការកើនឡើង ១៨% បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ខណៈក្នុងឆ្នាំ ២០២៤កន្លងទៅនេះ ប្រទេសកម្ពុជា សម្រេចបាននូវ ការនាំចេញ-នាំចូលទំនិញទៅកាន់ទីផ្សារអន្តរជាតិប្រមាណ ៥៤ពាន់លានដុល្លារអាមេរិក មានការកើនឡើង ១៧% ដោយ កម្ពុជា សម្រេចបានការនាំចេញជាង ២៦ពាន់លានដុល្លារអាមេរិក កើនឡើង ១៥% និងការនាំចូលមកវិញ ប្រមាណ ២៨ពាន់លានដុល្លារអាមេរិក ដែលមានការកើនឡើង ប្រហែល ១៨% ហើយវាបានធ្វើឲ្យ កម្ពុជា សម្រេចឱនភាពពាណិជ្ជកម្មប្រមាណ ២,៣ពាន់លានដុល្លារអាមេរិក៕   អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ 

០៣ កក្កដា ២០២៥
តម្លៃប្រេងឆៅសកល កើនឡើងបន្តិច ខណៈវិនិយោគិនរង់ចាំមើលលទ្ធផលនៃកិច្ចប្រជុំ OPEC+

តម្លៃប្រេងឆៅសកល កើនឡើងបន្តិច ខណៈវិនិយោគិនរង់ចាំមើលលទ្ធផលនៃកិច្ចប្រជុំ OPEC+

 នៅសប្តាហ៍ទី ១ ដើមខែកក្កដានេះ តម្លៃប្រេងឆៅសកល បានកើនឡើងបន្តិច ដោយវិនិយោគិន កំពុងតាមដាន និងរង់ចាំលទ្ធផលនៃកិច្ចប្រជុំរបស់ អង្គការ OPEC+ ស្តីពីការដំឡើងទិន្នផលប្រេងឆៅសកល។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិរ៉យទ័រ នៅថ្ងៃនេះ។នៅលើទីផ្សារប្រេងសកល ក្នុងសប្តាហ៍ទី ១ ខែកក្កដានេះ តម្លៃប្រេងឆៅ Brent របស់អង់គ្លេស ស្ថិតនៅរង្វង់ ៦៧ដុល្លារអាមេរិកក្នុងមួយបារ៉ែល បន្ទាប់ពីកើនឡើងជិត ១% ខណៈប្រេងឆៅ West Texas Intermediate របស់អាមេរិក ស្ថិតនៅចន្លោះ ៦៥ដុល្លារអាមេរិកក្នុងមួយបារ៉ែល ដែលមានការកើនឡើងប្រមាណ ១%។ តម្លៃប្រេងឆៅសកល បានបន្តកើនឡើងបន្តិច បន្ទាប់ពីវិនិយោគិន រង់ចាំមើលលទ្ធផលនៃកិច្ចប្រជុំរបស់ អង្គការ OPEC+ ដែលអាចបង្កើនទិន្នផលនៅក្នុងខែសីហា ជាង ៤សែនបារ៉ែលក្នុងមួយថ្ងៃ ស្របតាមការរំពឹងទុករបស់ទីផ្សារ។ ប្រភពចំនួន ៤ ចេញពី OPEC + បានប្រាប់ រ៉យទ័រ កាលពីសប្តាហ៍មុនថា ក្រុមនេះរួមមាន សមាជិកនៃអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត រុស្ស៊ី គ្រោងនឹងបង្កើនទិន្នផល ៤សែនបារ៉ែលក្នុងមួយថ្ងៃ នៅខែក្រោយ បន្ទាប់ពីការដំឡើងស្រដៀងគ្នានេះ កើតមានរួចហើយ នៅក្នុងខែឧសភា ខែមិថុនា និងខែកក្កដា។ សូមជម្រាបថា ប្រសិនបើត្រូវបានអនុម័ត ការដំឡើងទិន្នផលប្រេងនេះ នឹងជំរុញការផ្គត់ផ្គង់សរុបរបស់ OPEC+ សម្រាប់ឆ្នាំនេះដល់ ១លាន ៧សែនបារ៉ែលក្នុងមួយថ្ងៃ ស្មើនឹងជាង ១,៥% នៃតម្រូវការប្រេងពិភពលោក៕   អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ   

០៣ កក្កដា ២០២៥
 វិស័យភស្តុភារ និងដឹកជញ្ជូនចិន សម្រេចបានជាង ១៩ទ្រីលានដុល្លារ ក្នុងរយៈពេល ៥ខែ

វិស័យភស្តុភារ និងដឹកជញ្ជូនចិន សម្រេចបានជាង ១៩ទ្រីលានដុល្លារ ក្នុងរយៈពេល ៥ខែ

 សហព័ន្ធភស្តុភារ និងការទិញរបស់ប្រទេសចិន បានលើកឡើងថា វិស័យភស្តុភារ និងដឹកជញ្ជូនរបស់ប្រទេសចិន សម្រេចកំណើនប្រមាណ ៥% ដល់ ១៩ទ្រីលានដុល្លារអាមេរិក ក្នុងរយៈពេល ៥ខែ ឆ្នាំ ២០២៥នេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CCTV នៅថ្ងៃនេះ។  សហព័ន្ធភស្តុភារ និងការទិញរបស់ប្រទេសចិន បានគូសបញ្ជាក់ថា ឧស្សាហកម្មភស្តុភាររបស់ប្រទេសចិន រក្សាបាននូវកំណើនជាលំដាប់ និងបន្តការបង្កើនប្រសិទ្ធភាពរចនាសម្ព័ន្ធ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ ២០២៥ ជាមួយនឹងតម្រូវការដ៏រឹងមាំនៅក្នុងផ្នែកភស្តុភារឧស្សាហកម្ម និងការកើនឡើងនៃសន្ទុះនៃការដឹកជញ្ជូនទាក់ទងនឹងផលិតផលអ្នកប្រើប្រាស់។  ទិន្នន័យបានបង្ហាញថា ចាប់ពីខែមករា ដល់ខែឧសភា តម្លៃសរុបនៃការដឹកជញ្ជូនទូទាំងប្រទេសចិន បានឈានដល់ ១៩ទ្រីលានដុល្លារ កើនឡើង ៥% ដោយនៅក្នុងខែឧសភាតែមួយ ភស្តុភារ បានកើនឡើង ៥%។ ការដឹកជញ្ជូនគ្រឿងបរិក្ខារ បានរួមចំណែកជាង ៥០% នៃកំណើននៅក្នុងឧស្សាហកម្មដឹកជញ្ជូន ហើយតម្រូវការផ្នែកដឹកជញ្ជូននៅក្នុងឧស្សាហកម្មផលិតរថយន្ត ឧបករណ៍កុំព្យូទ័រ និងឧស្សាហកម្មអេឡិចត្រូនិចផ្សេងទៀតទាំងអស់ បានកើនឡើងច្រើនជាង ១០%។ក្នុងរយៈពេល ៥ខែដំបូងក្នុងឆ្នាំនេះ ភស្តុភារទាក់ទងនឹងទំនិញសម្រាប់បុគ្គល និងគ្រួសារ បានកើនឡើង ៦% ធៀបនឹងឆ្នាំមុន។  ទោះជាយ៉ាងណាក៏ដោយ ភស្តុភារនាំចូល បានបន្តធ្លាក់ចុះ ចំពេលមានភាពមិនប្រាកដប្រជា ជាសកល ដោយអំឡុងពេល ៥ខែនេះ តម្លៃសរុបនៃភស្តុភារនាំចូលបានធ្លាក់ចុះ ៤%។ជាចុងក្រោយ ទិន្នន័យបានបង្ហាញថា តម្រូវការដឹកជញ្ជូនសម្រាប់រថយន្តថាមពលថ្មី និងថ្មលីចូម-អ៊ីយ៉ុងសម្រាប់ការប្រើប្រាស់ បានកើនឡើងជាង ៣០% ធៀបនឹងឆ្នាំមុន៕  អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ  

០៣ កក្កដា ២០២៥
 កម្ពុជា បានត្រៀមខ្លួនជាស្រេចក្នុងការធានានូវសន្តិសុខស្បៀងផ្គត់ផ្គង់ក្នុងស្រុក

កម្ពុជា បានត្រៀមខ្លួនជាស្រេចក្នុងការធានានូវសន្តិសុខស្បៀងផ្គត់ផ្គង់ក្នុងស្រុក

 ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា កម្ពុជា បានត្រៀមខ្លួនជាស្រេច ក្នុងការធានានូវសន្តិសុខស្បៀងផ្គត់ផ្គង់ក្នុងស្រុក ទោះបីជាបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ អូសបន្លាយរយៈពេលវែង។ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១,៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ការបិទព្រំដែនជាមួយថៃ មិនធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខស្បៀងកម្ពុជាឡើយ ខណៈកម្ពុជា ធានាបានទាំងស្រុងនៅការដោះស្រាយទីផ្សារសម្រាប់ទំនិញរបស់ខ្លួន ដោយមិនចាំបាច់ពឹងពាក់ប្រទេសថៃ។  ក្នុងឱកាសនោះ សម្តេចមហាបវរធិបតី បានបន្តថា ផលិតផលកសិកម្មមួយចំនួនរបស់កម្ពុជា ត្រូវបានបញ្ជូនផ្ទាល់ទៅបរទេសតែម្ដង ដោយមិនចាំបាច់ឆ្លងកាត់ ឬ លក់ឲ្យប្រទេសថៃនោះឡើយ។ បច្ចុប្បន្ននេះ ផលិតផលកសិកម្មរបស់កម្ពុជា មួយចំនួនមិនទាន់ដល់ពេលត្រូវប្រមូលផល ប៉ុន្ដែ ក្នុងករណីបញ្ហាត្រូវបានអូសបន្លាយរយៈពេលវែង ជាមួយប្រទេសថៃ ហើយព្រំដែនបន្ដបិទ កម្ពុជា ក៏នៅតែមានភាពម្ចាស់ការសម្រាប់ខ្លួនឯង ក្នុងការដោះស្រាយបញ្ហា។ ហើយផលិតផលកសិកម្ម របស់កម្ពុជា អាចនាំចេញផ្ទាល់នៅកាន់ប្រទេសផ្សេងបានក្រៅពីប្រទេសថៃ។  ជាមួយគ្នានេះ តាមរយៈហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ នៅក្នុងប្រទេសដែលមានភាពប្រទាក់ក្រឡាគ្នា ពីតំបន់មួយទៅតំបន់មួយ ធ្វើឲ្យកម្ពុជាមានភាពងាយស្រួលក្នុងការដឹកជញ្ជូនផលិតផលកសិកម្ម ដើម្បីធ្វើការនាំចេញទៅក្រៅប្រទេស ហើយគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ធ្វើឲ្យកម្ពុជាយកឈ្នះលើការគំរាមទាំងឡាយរបស់ថៃ។ ទន្ទឹមនឹងនេះ សម្ដេចមហាបវរធិបតី ក៏បានចង្អុលបង្ហាញឱ្យក្រុមការងារគណៈកម្មាធិការគោលនយោបាយ ត្រៀមដាក់ចេញនូវក្របខណ្ឌគោលនយោបាយ ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម និងឧស្សាហកម្ម នៅភាគខាងលិចប្រទេសថែមទៀត មានដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ មិនត្រឹមតែការដាំដុះលើវិស័យកសិកម្មប៉ុណ្ណោះទេ តែកម្ពុជាត្រូវជំរុញឱ្យមានការកែច្នៃកសិផល ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ។  គួរជម្រាបថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ គាំទ្រផលិតផលរបស់ខ្មែរ សូមឲ្យស្មារតីជាតិនិយមមួយនេះ ស្ថិតស្ថេរជារឿងរហូត។ ដោយឡែក សម្រាប់អ្នកផលិតទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវគុណភាពផលិតផល មិនអាចបង្ខំឲ្យប្រជាពលរដ្ឋទិញផលិតផលគ្មានគុណភាពឡើយ៕  អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ក្រុមការងារនាយករដ្ឋមន្ត្រី និងឯកសារ   

០២ កក្កដា ២០២៥
 រយៈពេល ៥ខែ ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣លាននាក់ ធ្វើដំណើរមកកម្សាន្តនៅកម្ពុជា

រយៈពេល ៥ខែ ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣លាននាក់ ធ្វើដំណើរមកកម្សាន្តនៅកម្ពុជា

 គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៥នេះ ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ ដែលមកកម្សាន្តនៅកម្ពុជា កើនឡើង ១១% ដល់ជិត ៣លាននាក់ ដោយក្នុងនោះ ភ្ញៀវទេសចរថៃ មានចំនួនច្រើនជាងគេ សរុបប្រមាណ ៨សែននាក់។  បើយោងតាមរបាយការណ៍ថ្មីចុងក្រោយមួយរបស់ ក្រសួងទេសចរណ៍ ចេញផ្សាយសម្រាប់ខែឧសភា ឆ្នាំ ២០២៥នេះ បានបង្ហាញថា គិតចាប់ពីខែមករា ដល់ខែឧសភា កន្លងទៅនេះ ចំនួនភ្ញៀវទេសចរណ៍បរទេសមានជាង ២លាន ៩សែននាក់ ដែលតួលេខនេះ កើនឡើងរង្វង់ ១១% បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ ២០២៤កន្លងទៅ។ ប្រទេសថៃ ឈរលើកំពូលតារាងក្នុងចំណោមភ្ញៀវបរទេសមកកាន់ កម្ពុជា ដោយមានចំនួន ៨៥ម៉ឺននាក់ បន្ទាប់មក គឺមានប្រទេសវៀតណាម ចិន ឡាវ និងសហរដ្ឋអាមេរិក។ទន្ទឹមគ្នានេះ ភ្ញៀវទេសចរមកពីប្រទេសវៀតណាម មាន ៥១ម៉ឺននាក់, ភ្ញៀវចិន មាន ៤៨ម៉ឺននាក់ និងភ្ញៀវឡាវមាន ១សែននាក់។ជាមួយគ្នានេះ ភ្ញៀវទេសចរអន្តរជាតិប្រមាណ ១លាន ២សែននាក់ បានមកដល់ប្រទេសកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិទំាង ៣ ដែលកើនឡើង ២៣% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ដោយឡែក ភ្ញៀវទេសចរកម្ពុជា ចេញទៅកម្សាន្តនៅក្រៅប្រទេសមានប្រមាណ ៧៣ម៉ឺននាក់ ធ្លាក់ចុះ ១%។ កាលពីខែមីនា ឆ្នាំ ២០២៥ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប៉ាន់ប្រមាណថា នៅក្នុងឆ្នាំ ២០២៥នេះ កម្ពុជា រំពឹងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧,២លាន ទៅ ៧,៥លាននាក់។សូមរម្លឹកផងដែរថា វិស័យទេសចរណ៍កម្ពុជា ក្នុងឆ្នាំ ២០២៤កន្លងទៅ មានភ្ញៀវទេសចរបរទេស ដែលមកកម្សាន្តនៅកម្ពុជា កើនឡើងជាងដល់ ៦លាន ៧សែននាក់ កើន ២២% ធៀបនឹងឆ្នាំ ២០២៣ និងរកចំណូលបានជាង ៣ពាន់ ៦រយលានដុល្លារអាម៉េរិក កើនឡើង ១៧%៕ អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ     

០២ កក្កដា ២០២៥
ថៃ អាចនឹងខាតបង់ទឹកប្រាក់ពាណិជ្ជកម្មជាង ២ពាន់លានដុល្លារ លើបញ្ហាបិទច្រកព្រំដែនជាមួយកម្ពុជា

ថៃ អាចនឹងខាតបង់ទឹកប្រាក់ពាណិជ្ជកម្មជាង ២ពាន់លានដុល្លារ លើបញ្ហាបិទច្រកព្រំដែនជាមួយកម្ពុជា

 នាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ថៃ បានបញ្ជាក់ថា ប្រទេសថៃ អាចនឹងខាតបង់ទឹកប្រាក់ពាណិជ្ជកម្មប្រមាណជិត ២ពាន់លានដុល្លារអាមេរិក បើសិនជា ច្រកព្រំដែនកម្ពុជា-ថៃ នៅតែបន្តបិទរហូតដល់ដំណាច់ឆ្នាំ ២០២៥នេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកថៃ។  លោកស្រី Arada Fuangtong អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេស បានបញ្ជាក់ថា បើសិនជា ច្រកព្រំដែនកម្ពុជា-ថៃ បន្តបិទនៅក្នុងឆមាសទី ២ ឆ្នាំ ២០២៥នេះ ប្រាក់ចំណូលនៃការនាំចេញទំនិញរបស់ថៃ អាចនឹងខាតបង់លើសពី ២ពាន់លានដុល្លារអាមេរិក ខណៈទំហំពាណិជ្ជកម្មតាមព្រំដែនជារួម នឹងធ្លាក់ចុះចន្លោះ ១% ទៅ ២%។ តួលេខខាងលើនេះ ត្រូវបានព្យាករដោយផ្អែកលើ តម្លៃពាណិជ្ជកម្មតាមព្រំដែនសរុប កាលពីឆ្នាំមុន ដែលមានចំនួន ៥ពាន់ ៤រយលានដុល្លារអាមេរិក រវាងប្រទេសទាំង ២ ជាមួយនឹងការនាំចេញរបស់ថៃមានចំនួន ៤ពាន់ ៣រយលានដុល្លារអាមេរិក។លោកស្រី Arada បានថ្លែងថា សកម្មភាពនៅច្រកព្រំដែនមានការថមថយ ដោយអាជីវកម្មរបស់ប្រទេសទាំងសងខាង ត្រូវបិទជាបណ្ដោះអាសន្ន។ ការិយាល័យពាណិជ្ជកម្មខេត្តនៅជាប់ព្រំដែន បានរកឃើញហាងទំនិញថៃ និងកម្ពុជាជាច្រើន ត្រូវបានបិទ ចាប់តាំងពីវិធានការត្រួតពិនិត្យព្រំដែន ត្រូវបានអនុវត្តកាលពីថ្ងៃទី ៧ ខែមិថុនា។ចំពោះ វិស័យនាំចេញដែលរងផលប៉ះពាល់ខ្លាំងជាងគេ រួមមាន បន្លែ ផ្លែឈើ និងទំនិញប្រើប្រាស់ផ្សេងៗ ហើយអ្នកនាំចេញកំពុងស្វែងរកផ្លូវដឹកជញ្ជូនជំនួស ដូចជាការដឹកជញ្ជូនតាមឆ្នេរសមុទ្រ តាមកំពង់ផែក្នុងខេត្តត្រាត ឬដឹកជញ្ជូនទំនិញឧស្សាហកម្មតាមកំពង់ផែ ឡាំចាបាង។ អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេស បញ្ជាក់ទៀតថា ការនាំចូលតាមព្រំដែនពីកម្ពុជា មានទំហំប្រហែល ១ពាន់លានដុល្លារ កាលពីឆ្នាំ ២០២៤ ហើយបរិមាណដ៏ធំបំផុត រួមមាន ដំឡូងមី និងសំណល់សម្រាប់កែច្នៃឧស្សាហកម្ម។គួរជម្រាបថា ក្នុងអំឡុងពេល ៥ខែដំបូងនៃឆ្នាំនេះ ការនាំចេញរបស់ថៃមកកម្ពុជា មានចំនួនសរុប ៤ពាន់ ៥រយលានដុល្លារ កើនឡើង ៨% ហើយការនាំចេញរបស់កម្ពុជា ទៅកាន់ថៃ វិញ មានប្រមាណ ៦០០លានដុល្លារអាមេរិក៕   អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ   

០២ កក្កដា ២០២៥
ពលរដ្ឋវៀតណាម ចំណាយទិញទំនិញអនឡាញជាង ១៦ពាន់លានដុល្លារក្នុងឆ្នាំ២០២៤

ពលរដ្ឋវៀតណាម ចំណាយទិញទំនិញអនឡាញជាង ១៦ពាន់លានដុល្លារក្នុងឆ្នាំ២០២៤

 ពលរដ្ឋវៀតណាម បានចំណាយប្រាក់ប្រមាណ ១៦ពាន់លានដុល្លារអាមេរិកលើការទិញទំនិញតាមប្រព័ន្ធអនឡាញ តាមរយៈវេទិកាដូចជា Shopee, Lazada និង TikTok Shop ក្នុងឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។   របាយការណ៍ E-commerce 3.0 របស់អាស៊ីអាគ្នេយ៍ ដែលទើបចេញផ្សាយថ្មីៗនេះ ដោយក្រុមហ៊ុនស្រាវជ្រាវ Momentum Works របស់សិង្ហបុរី បានបង្ហាញថា ពលរដ្ឋវៀតណាម បានចំណាយប្រាក់ប្រមាណ ១៦ពាន់លានដុល្លារអាមេរិកលើការទិញទំនិញតាមប្រព័ន្ធអនឡាញ និងបានធ្វើឱ្យប្រទេសវៀតណាម ក្នុងចំណោមទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកកំពូលទាំង ៣ នៅអាស៊ីអាគ្នេយ៍។ របាយការណ៍ បង្ហាញទៀតថា តម្លៃទំនិញសរុបក្នុងតំបន់នៅលើ វេទិកាពាណិជ្ជកម្មអេឡិចត្រូនិកទាំងអស់ គឺឈានដល់ ១២៨ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៤ កើនឡើង ១២% ធៀបនឹងឆ្នាំ ២០២៣។ជាមធ្យម តំបន់អាស៊ីអាគ្នេយ៍ បានដំណើរការការបញ្ជាទិញតាមអ៊ីនធឺណិតចំនួនជាង ៤៣លានដងក្នុងមួយថ្ងៃ ដែលខិតជិតដល់ ទំហំទីផ្សារសហរដ្ឋអាមេរិក។ ឥណ្ឌូណេស៊ី នៅតែជាទីផ្សារ E-commerce ដ៏ធំបំផុតក្នុងតំបន់ ជាមួយនឹងទំហំ ៥៦ពាន់លានដុល្លារ និងកាន់កាប់ចំណែកទីផ្សារ ៤៤%។នៅប្រទេសវៀតណាម ទិដ្ឋភាពពាណិជ្ជកម្មអេឡិចត្រូនិក ត្រូវបានគ្របដណ្ដប់ដោយវេទិកាធំៗចំនួន ៣ រួមមាន Shopee កាន់កាប់ចំណែកទីផ្សារធំជាងគេ ប្រហែល ១០ពាន់លានដុល្លារ តាមពីក្រោយដោយ TikTok Shop ជាង ៤ពាន់លានដុល្លារ និង Lazada ១ពាន់លានដុល្លារ។ ជាចុងក្រោយ Momentum Works បានព្យាករថា វិស័យពាណិជ្ជកម្មអេឡិចត្រូនិករបស់អាស៊ីអាគ្នេយ៍ អាចបង្កើតតម្លៃប្រតិបត្តិការបន្ថែម ១៣១ពាន់លានដុល្លារ នៅឆ្នាំ 2030 ប្រសិនបើអាជីវកម្ម ចាប់ផ្តើមអនុវត្តបញ្ញាសិប្បនិម្មិត A.I ប្រកបដោយប្រសិទ្ធភាពលើការលក់ ប្រតិបត្តិការ ដឹកជញ្ជូន និងសេវាកម្មបម្រើអតិថិជន៕   អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ   

០២ កក្កដា ២០២៥
 អ្នកជំនាញ និងកសិករខ្មែរ៖ ការបិទព្រំដែនកម្ពុជា-ថៃ ជាឱកាសល្អ សម្រាប់កសិករចាប់ផ្តើមពង្រឹងសមត្ថភាពក្នុងការផលិតបន្លែ និងជំនួសបានទាំងស្រុងដោយផលិតផលក្នុងស្រុក 

អ្នកជំនាញ និងកសិករខ្មែរ៖ ការបិទព្រំដែនកម្ពុជា-ថៃ ជាឱកាសល្អ សម្រាប់កសិករចាប់ផ្តើមពង្រឹងសមត្ថភាពក្នុងការផលិតបន្លែ និងជំនួសបានទាំងស្រុងដោយផលិតផលក្នុងស្រុក 

 អ្នកជំនាញក្នុងវិស័យកសិកម្ម នៅខេត្តសៀមរាប និងកសិករខ្មែរ នៅខេត្តបន្ទាយមានជ័យ បានលើកឡើងថា ក្រោយការបិទព្រំដែនមិនឲ្យនាំចូលបន្លែ កសិករមិនមានការព្រួយបារម្មណ៍ឡើយ ព្រោះអាចនិយាយបានថា វាអាចជាឱកាសល្អ សម្រាប់ឲ្យកសិករចាប់ផ្តើមពង្រឹងសមត្ថភាពក្នុងការផលិត ខណៈរាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានអះអាងថា បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីធានានិរន្តរភាពនៃដំណើរការផលិតកម្មកសិកម្ម និងរក្សាឱ្យបាននូវស្ថិរភាព នៃខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេស។  ស្របពេលដែលមានការបិទការនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃ ក្រសួងកសិកម្ម បានបញ្ជាក់ថា កម្ពុជាមានសមត្ថភាពផលិតគ្រប់គ្រាន់ ដើម្បីធានាដល់តម្រូវការសន្តិសុខស្បៀង ហើយរាល់ការនាំចូលបន្លែ ផ្លែឈើ និងធាតុចូលកសិកម្មនានា សុទ្ធតែអាចជំនួសបានទាំងស្រុងដោយផលិតកម្មក្នុងស្រុក និងប្រភពនាំចូលដទៃទៀតបាន។ កសិករ និងអ្នកជំនាញកសិកម្ម បានលើកឡើងថា មុខរបរដាំបន្លែរបស់កសិករនៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ នឹងជួយជំរុញជីវភាពរស់នៅរបស់កសិករឲ្យមានភាពល្អប្រសើរ កាត់បន្ថយការនាំចូល និងបំពេញតម្រូវការក្នុងស្រុក លើកទឹកចិត្តឲ្យអ្នកប្រើប្រាស់ងាកមកគាំទ្រនូវបន្លែ ដែលដាំតាមស្តង់ដារសុវត្ថិភាព មិនប្រើប្រាស់សារធាតុគីមី។  លោកស្រី ប៊ូ សៅឌី រស់នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ មានបទពិសោធន៍ដាំបន្លែចម្រុះរយៈពេល ២៥ឆ្នាំ លោកស្រី បានឲ្យក្រុមការងារសេដ្ឋកិច្ច ភីអិនអិនដឹងថា បច្ចុប្បន្ន លោកស្រីជាកសិករដាំបន្លែនៅលើទំហំដី ៦ពាន់៤រយ ម៉ែត្រការ៉េ រួមមានបន្លែ ៤ប្រភេទ ដូចជា ប៉េងបោះឈើរី ខាត់ណាផ្កា ប៉េងបោះហាវៃ និងត្រសក់ផ្អែម។ ក្នុងនោះ ចំណាយដើមទុន ៥លានរៀល ដោយចំណាយពេលវេលា ៣ខែ ចាប់តាំងពីការដាំដុះរហូតដល់ការប្រមូលផល ខណៈក្នុងឆ្នាំ ២០២៥នេះ លោកស្រី ទទួលបានទិន្នផល និងតម្លៃជាទីគាប់ប្រសើរ។   លោកស្រី ប៊ូ សៅឌី បានបន្តថា បច្ចុប្បន្ន លោកស្រី និងកសិករដាំបន្លែដទៃទៀត នៅខេត្តបន្ទាយមានជ័យ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីស្ថាប័នពាក់ព័ន្ធ មានរាជរដ្ឋាភិបាល មន្ទីរកសិកម្ម អង្គការនានា ដែលបានគាំទ្រផ្នែកបច្ចេកទេស ព្រមទាំងមន្ទីរពាណិជ្ជកម្ម តាមរយៈគម្រោង អេមស៍ អង្គការ IDE និងគម្រោង ណែតឆ័រ ជាដើម។ ដោយសារ តែមានការគាំទ្រផ្នែកទីផ្សារទាំងនេះ បានធ្វើឲ្យការដាំដុះរបស់កសិករ កាន់តែមានប្រសិទ្ធភាព កាត់បន្ថយហានិភ័យ។ កត្តាទាំងអស់នេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការរកចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាព ការសិក្សារបស់កូន និងមិនចាំចាច់ឲ្យកសិករទៅរកការងាធ្វើឆ្ងាយពីស្រុកកំណើត។  លើសពីនេះ កសិករ មិនមានការព្រួយបារម្មណ៍ទៅលើការបិទច្រកព្រំដែនឡើយ ព្រោះកសិករយល់ឃើញថា ការបិទច្រក គឺជាការបិទមិនឲ្យមានការហូរចូលបន្លែ។ ផ្ទុយទៅវិញកសិករមានក្តីសប្បាយរីករាយ និងបាអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ជួយគាំទ្រ ប្រើសប្រាស់ផលិតផលរបស់ខ្មែរ កាលណាមានទីផ្សារ ច្បាស់ណាស់នឹងមានការដាំដុះ ថែមទាំងអាចកាត់បន្តយនូវការចំណាយថ្លៃផ្នែកសេដ្ឋកិច្ចបន្លែផ្លែឈើពីប្រទេសកម្ពុជា ទៅប្រទេសថៃផងដែរ។ដូច្នេះ បន្លែដែលកសិករដាំ អាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក កសិករ ក៏ទទួលបានតម្លៃសមរម្យ មិនព្រួយរឿងបន្លែជន់ ខណៈកសិរកនៅខេត្តបន្ទាយមានជ័យ ប្រមូលផលបន្លែចម្រុះ និងបន្លែស្លឹក ១តោនជាងជារៀងរាល់ថ្ងៃ បោះលក់ទៅខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ និងរាជធានីភ្នំពេញ។  ចំណែក លោក ទួត សេងហ័ង ជាអ្នកគ្រប់គ្រងផលិតកម្មសាកវប្បកម្មធន់ទ្រាំនឹងបម្រែបម្រួលអាកាសធាតុ នៃគម្រោងស៊ីស្មាត អង្គការ អាយ ឌី អ៊ី នៅខេត្តសៀមរាប បានលើកឡើងថា ប្រភពនៃការនាំចូលបន្លែមិនមែនមានតែប្រទេសថៃតែមួយនោះទេ បើទោះបីជាមានការបិទខ្ទប់មិនឲ្យមានការហូរចូលពីប្រទេសថៃ តែក៏នៅតែមានលំហូរចូលបន្លែពីខាងវៀតណាម និងចិន នៅតែបន្តចរាចរណ៍ជាធម្មតា ខណៈនៃការហូរចូលបន្លែពីវៀតណាម មានលំហូរច្រើនជាងថៃ។ លោក ទួត សេងហ័ង បន្តថា លោក និង កសិករមួយចំនួនដូចគ្នាដែរ មិនមានការព្រួយបារម្មណ៍ចំពោះការបិទព្រំដែននៅពេលនេះនោះទេ ព្រោះអាចនិយាយបានថា វាអាចជាឱកាសល្អ សម្រាប់ឲ្យកសិករចាប់ផ្តើមពង្រឹងសមត្ថភាពក្នុងការផលិត ហើយក៏ជាឱកាសរបស់កសិករខ្មែរក្នុងការពង្រីកផ្ទៃដីដាំដុះ បន្លែ និងផ្លែឈើ ដើម្បីបំពេញតម្រូវការក្នុងស្រុកជំនួសឲ្យការនាំចូល ខណៈនៅពេលនេះបន្លែផ្លែឈើខ្មែរ ចាប់ផ្ដើមមានទីផ្សារ ហើយបានធ្វើឲ្យកសិករខ្មែរមានកម្លាំងចិត្តនៅក្នុងការផលិតដំណាំកសិកម្មរបស់ខ្លួន។  ជាមួយគ្នានេះ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានគូសបញ្ជាក់លើហ្វេសប៊ុករបស់ ឯកឧត្តម នៅថ្ងៃទី១៧ ខែមិថុនាថា ស្របពេលដែលមានការបិទការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ កម្ពុជាមានសមត្ថភាពផលិតគ្រប់គ្រាន់ដើម្បីធានាដល់តម្រូវការសន្តិសុខស្បៀង រាល់ការនាំចូលបន្លែ ផ្លែឈើ និងធាតុចូលកសិកម្មនានា សុទ្ធតែអាចជំនួសបានទាំងស្រុងដោយផលិតកម្មក្នុងស្រុក និងប្រភពនាំចូលដទៃទៀត។ ក្រសួង បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីធានានិរន្តរភាពនៃដំណើរការផលិតកម្មកសិកម្ម និងរក្សាឱ្យបាននូវស្ថិរភាពនៃការផ្គត់ផ្គង់នៅក្នុងប្រទេស។ គួររម្លឹកថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញជាអធិបតី បិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅខេត្តសៀមរាប សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកលក់ដូរបន្លែ និងផ្លែឈើ កុំឆ្លៀតឱកាសតម្លើងថ្លៃទំនិញ ដោយយកចំណេញហួសប្រមាណ ដែលនាំឲ្យមានការលំបាកដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ក្នុងស្រុកខ្លួនឯង ពោលត្រូវរួមគ្នា សាមគ្គីគ្នា បន្ទាប់ពីកម្ពុជាមានការប្រមាថនិងគំរាមគំហែងពីភាគីយោធាថៃ ខណៈសម្តេចមហាបវរធីបតី មានការជឿជាក់ថា អាជីវករខ្មែរមិនតម្លើងថ្លៃទំនិញនៅពេលនេះឡើយ ខណៈរាជរដ្ឋាភិបាលកម្ពុជា បានងាកមកជំរុញឲ្យមានការប្រើប្រាស់ និងគាំទ្រផលិតផលក្នុងស្រុកជំនួសវិញ ខណៈកម្ពុជាមានលទ្ធភាពម្ចាស់ការណ៍គ្រប់គ្រាន់ និងឯករាជ្យក្នុងការរស់នៅ ដោយមិនពឹងដង្ហើមប្រទេសជិតខាងដើម្បីដកនោះឡើយ ពោល បើទោះបីមិនមានទំនិញមួយចំនួននាំចូល តែអាចផ្គត់ផ្គង់បាននៅក្នុងស្រុក។គួរជម្រាបថា យោងតាមក្រសួងកសិកម្ម បានបង្ហាញថា កម្ពុជា មានតម្រូវការបន្លែជាង ១លានតោន ក្នុងនោះ ផលិតខ្លួនឯងបានជាង ៧០ម៉ឺនតោន និងនាំចូលជាង ៣០ម៉ឺនតោន។ ការផ្គត់ផ្គង់បន្លែ អាចប្រែប្រួលតាមរដូវកាល ពោល គឺនៅរដូវប្រាំងកម្ពុជាអាចផ្គត់ផ្គង់បន្លែបានក្រោម ៧០% តែនៅរដូវរំហើយ កម្ពុជាមានសមត្ថភាពផ្គត់ផ្គង់បាន ៨០%៕  អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ   

២៨ មិថុនា ២០២៥
 ក្រុមហ៊ុនធំមួយរបស់ម៉ាទ្បេស៊ី បង្ហាញបំណងបង្កើតរោងចក្រផ្គុំដំទ្បើងម៉ូតូនៅកម្ពុជា

ក្រុមហ៊ុនធំមួយរបស់ម៉ាទ្បេស៊ី បង្ហាញបំណងបង្កើតរោងចក្រផ្គុំដំទ្បើងម៉ូតូនៅកម្ពុជា

 ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុនដ៏ធំមួយរបស់ម៉ាឡេស៊ី មានបំណងវិនិយោគបង្កើតរោងចក្រផ្គុំដំទ្បើងម៉ូតូម៉ាក Yamaha នៅកម្ពុជា។ ក្នុងជំនួបពិភាក្សាការងាររវាង លោក Hoo Wan Tim អគ្គនាយកក្រុមហ៊ុន Hong Leong Yamaha Motor Co., Ltd. និង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ជា វុទ្ធី បានលើកឡើងថា ក្រុមហ៊ុន Hong Leong Yamaha Motor Co., Ltd. របស់ម៉ាឡេស៊ី បានបង្ហាញពីបំណងបង្កើតរោងចក្រផ្គុំដំទ្បើងម៉ូតូម៉ាក Yamaha នៅកម្ពុជា។ ក្នុងឱកាសនោះ អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពី ស្ថានភាពគម្រោងផ្គុំដំទ្បើងទោចក្រយានយន្តមួយចំនួន ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា និងរបបលើកទឹកចិត្តដល់គម្រោងវិនិយោគផ្គុំ និងដំទ្បើងទោចក្រយានយន្តនៅកម្ពុជាផងដែរ។ លើសពីនេះ សក្តានុពលវិនិយោគក្នុងវិស័យមួយចំនួនផ្សេងទៀត ដូចជា វិស័យកសិ-ឧស្សាហកម្ម ការផលិតឧបករណ៍អេឡិចត្រូនិក និងគ្រឿងបង្គុំអគ្គិសនី ដែលជាកន្សោមឧស្សាហកម្មដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការផលិតគ្រឿងសង្ហារិម ដែលក្រុមហ៊ុនអាចគិតគូរពិចារណាបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ជាការឆ្លើយតប អគ្គនាយកក្រុមហ៊ុន Hong Leong Yamaha Motor Co., Ltd. គឺជាក្រុមហ៊ុនផលិតម៉ូតូម៉ាក Yamaha នៅប្រទេសម៉ាទ្បេស៊ី តាំងពី ឆ្នាំ១៩៧៩ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hong Leong Group ដែលមានសកម្មភាពអាជីវកម្ម ក្នុងវិស័យជាច្រើន ដូចជា ហិរញ្ញវត្ថុ កម្មន្តសាល ការអភិវឌ្ឍអចលនទ្រព្យ និងបដិសណ្ឋារកិច្ច។  ជាមួយគ្នានេះ ក្រុមហ៊ុន ដោយមានការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា បានបណ្តាក់ទុនវិនិយោគបង្កើតធនាគារឈ្មោះ Hong Leong Bank (Cambodia) Plc ដែលបានចាប់ផ្តើមដំណើរការតាំងពី ឆ្នាំ២០១៣ ខណ:នៅពេលនេះ ក្រុមហ៊ុន មានបំណងបង្កើតរោងចក្រផ្គុំដំទ្បើងម៉ូតូម៉ាក Yamaha នៅកម្ពុជាបន្ថែមផងដែរ។  សូមជម្រាបថា យោងតាមសម្តេចមហាបវរធិបតី បានបញ្ជាក់នៅលើហ្វេសប៊ុកថា កម្ពុជា មានរោងចក្រតំឡើងម៉ូតូមួយកន្លែង មានទីតាំងស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានសមត្ថភាពតំឡើងម៉ូតូរហូតដល់ ១៥០០គ្រឿង ក្នុងមួយថ្ងៃ ដើម្បីចែកចាយទីផ្សារនៅកម្ពុជា និងនៅក្រៅប្រទេស។  ក្នុងនោះ រោងចក្របានប្រើប្រាស់បុគ្គលិកខ្មែរ នៅគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ ដោយបានអនុវត្តន៍ទៅតាមស្តង់ដាររបស់ក្រុមហ៊ុនយ៉ាងត្រឹមត្រូវ ព្រមទាំងមានកម្មវិធីបង្កើនជំនាញដល់បុគ្គលិក កម្មករ ស្របតាមបរិបទនៃការវិវឌ្ឍនៃបច្ចេកវិទ្យា និងសម័យកាលឌីជីថល៕   អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ  

២៧ មិថុនា ២០២៥
គម្រោងវិនិយោគចំនួន ៣៥ ក្នុងខេត្តព្រះសីហនុ មានទុនជាង ៣២៧លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេស

គម្រោងវិនិយោគចំនួន ៣៥ ក្នុងខេត្តព្រះសីហនុ មានទុនជាង ៣២៧លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេស

 គម្រោងវិនិយោគ និងធុរកិច្ច ចំនួន ៣៥ ក្នុងខេត្តព្រះសីហនុ ដែលមានទុនវិនិយោគប្រមាណ ៣២៧លានដុល្លារអាមេរិក ទទួលបានការលើកទឹកចិត្តពិសេសពី រាជរដ្ឋាភិបាលកម្ពុជា ក្រោមក្របខណ្ឌកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ។  នាថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំលើកទី ១៧ របស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ដល់គម្រោងវិនិយោគចំនួន ៣៥បន្ថែមទៀត ក្នុងក្របខណ្ឌកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលសម្រេចបន្តអនុវត្ត រហូតដល់ដំណាច់ឆ្នាំ ២០២៥ ។ ក្នុងនោះ គម្រោងដែលបានសម្រេចជាគោលការណ៍ទាំង ៣៥គម្រោង រួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ២២, គម្រោងថ្មីចំនួន ១២ និង គម្រោងមានស្រាប់ចំនួន ១ ដោយមានទុនវិនិយោគប៉ាន់ស្មានសរុប ៣២៧លានដុល្លារអាមេរិក និង អាចបង្កើតការងារប្រមាណជាង ៣ពាន់កន្លែង។ ក្នុងចំណោមគម្រោងខាងលើ គឺមាន គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស, គម្រោងបង្កើតសួនឧស្សាហកម្ម, រោងចក្រកែច្នៃចំណីសត្វ, រោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ, គម្រោងសណ្ឋាគារ, គម្រោងផ្ទះលំហែ និង អគារពាណិជ្ជកម្ម។ ក្នុងឆមាសទី ១ ឆ្នាំ ២០២៥នេះ ក្រុមការងារបានផ្តល់ការលើកទឹកចិត្តជូនគម្រោងចំនួន ១១៨ គម្រោង ក្នុងនោះ អគារជាប់គាំង ចំនួន ៥១ គម្រោង, គម្រោងវិនិយោគថ្មី ចំនួន ៥៤ គម្រោង, គម្រោងពង្រីក ចំនួន ៨ គម្រោង និង គម្រោងមានស្រាប់ ចំនួន ៥ គម្រោង ។ សូមជម្រាបជូនថា រាជរដ្ឋាភិបាលបានដាក់ចេញ "កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ដែលបន្តអនុវត្តរហូតដល់ដំណាច់ឆ្នាំ ២០២៥ ក្នុងគោលបំណងជំរុញសម្ទុះសេដ្ឋកិច្ច និង បង្កើតការងារជូនប្រជាពលរដ្ឋ ព្រមទាំងកែប្រែមុខមាត់ខេត្តព្រះសីហនុ ។  បច្ចុប្បន្ន, ខេត្តព្រះសីហនុ មានសន្តិសុខ សណ្តាប់ធ្នាប់ និង បរិយកាសវិនិយោគល្អប្រសើរ ដែលបានទាក់ទាញការវិនិយោគ និង ភ្ញៀវទេសចរ ក្នុងចំនួនច្រើន និង ច្រើនជាតិសាសន៍ សមស្របជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍពហុបំណង និង ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា៕  អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ   

២៧ មិថុនា ២០២៥
អាមេរិក និងវៀតណាម បង្កើនកិច្ចសហការលើពាណិជ្ជកម្មឈើ និងគ្រឿងសង្ហារឹម

អាមេរិក និងវៀតណាម បង្កើនកិច្ចសហការលើពាណិជ្ជកម្មឈើ និងគ្រឿងសង្ហារឹម

 សហរដ្ឋអាមេរិក និងប្រទេសវៀតណាម បង្កើនកិច្ចសហការបន្ថែមទៀត ទៅលើពាណិជ្ជកម្មលើ ឈើ និងគ្រឿងសង្ហារឹម ដែលសម្រេចបានប្រមាណ ៩ពាន់លានដុល្លារ កាលពីឆ្នាំ ២០២៤ កើនឡើង ២៤%។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។ វៀតណាម កំពុងក្លាយជាអ្នកផ្គត់ផ្គង់ឈើ និងផលិតផលឈើឈានមុខគេមួយទៅកាន់ សហរដ្ឋអាមេរិក ក៏ដូចជាអ្នកនាំចូលឈើពីអាមេរិកផងដែរ នេះបើយោងតាមការបញ្ជាក់នៅក្នុងជំនួបរវាង រដ្ឋបាលព្រៃឈើវៀតណាម ក្រោមក្រសួងកសិកម្មនិងបរិស្ថាន អង្គការនិន្នាការព្រៃឈើ រួមទាំងសមាគមនិងម្ចាស់អាជីវកម្មឈើជាច្រើន។ អគ្គលេខាធិកាសមាគមឈើ និងផលិតផលព្រៃឈើវៀតណាម បានលើកឡើងថា ការនាំចេញឈើ និងផលិតផលឈើរបស់វៀតណាម ទៅកាន់ សហរដ្ឋអាមេរិកបានឈានដល់ ៩ពាន់លានដុល្លារ កាលពីឆ្នាំមុន ពោលគឺកើនឡើង ២៤%។បច្ចុប្បន្ន សហរដ្ឋអាមេរិកគឺជាទីផ្សារធំជាងគេ ដោយប្រើប្រាស់ ៥៥% នៃការនាំចេញឈើ និងផលិតផលឈើសរុបរបស់វៀតណាម បន្ទាប់មកគឺប្រទេសចិន ១២% ជប៉ុន ១១% កូរ៉េខាងត្បូង ៥% និងសហភាពអឺរ៉ុប ៤%។ការនាំចេញសំខាន់ៗរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិក រួមមាន គ្រឿងសង្ហារឹមឈើ បន្ទះឈើ ទ្វារឈើ និងផលិតផលឈើ។ ផ្ទុយទៅវិញ វៀតណាមបាននាំចូលឈើ និងផលិតផលឈើមានតម្លៃ ៣១៦លានដុល្លារពី សហរដ្ឋអាមេរិក កាលពីឆ្នាំ ២០២៤ កើនឡើង ៣៣% ធៀបនឹងឆ្នាំ ២០២៣ ដែលស្មើនឹង ១១% នៃការនាំចូលឈើ និងផលិតផលឈើសរុបរបស់ប្រទេសវៀតណាម។សូមជម្រាបថា ពាណិជ្ជកម្មឈើរវាងវៀតណាម និងអាមេរិក មិនត្រឹមតែរួមចំណែកយ៉ាងសំខាន់ក្នុងតម្លៃប៉ុណ្ណោះទេ ប៉ុន្តែក៏នាំមកនូវអត្ថប្រយោជន៍បន្ថែមទៀត អ្នកប្រើប្រាស់អាមេរិក រីករាយនឹងជម្រើសកាន់តែច្រើន សម្រាប់ផលិតផលដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ និងស្របតាមច្បាប់៕   អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ 

២៧ មិថុនា ២០២៥
វៀតណាម ពង្រឹងការនាំចេញគ្រឿងសមុទ្រទៅកាន់ទីផ្សារពិភពលោក

វៀតណាម ពង្រឹងការនាំចេញគ្រឿងសមុទ្រទៅកាន់ទីផ្សារពិភពលោក

 សហគមន៍ និងអាជីវកម្មគ្រឿងសមុទ្រវៀតណាម បានបង្ហាញគោលបំណងធ្វើទំនើបកម្ម និងការអភិវឌ្ឍវិស័យប្រកបដោយនិរន្តរភាព ធ្វើឱ្យ ការនាំចេញគ្រឿងសមុទ្រ កាន់តែមានការប្រកួតប្រជែងជាសកល នៅឆ្នាំ ២០៣០។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។  សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម បានឱ្យដឹងថា បច្ចុប្បន្ន វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៣ លើពិភពលោក សម្រាប់ការនាំចេញអាហារសមុទ្រ ដែលមានចំនួនជាង ៧%នៃចំណែកទីផ្សារពិភពលោក តាមពីក្រោយប្រទេសចិន និងន័រវេស។ ទោះជាយ៉ាងណាក៏ដោយ ឧស្សាហកម្មនេះកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន និងការប្រកួតប្រជែងដ៏ខ្លាំងក្លា ចំពេលមានការប្រែប្រួលពាណិជ្ជកម្មសកល។ការអភិវឌ្ឍន៍របស់វិស័យមួយនេះ មិនត្រឹមតែផ្អែកលើតួលេខនាំចេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើការកែលម្អប្រសិទ្ធភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងប្រាក់ចំណេញក្នុងខ្សែសង្វាក់តម្លៃទាំងមូលផងដែរ។ បញ្ហាសំខាន់មួយដែលឧស្សាហកម្មគ្រឿងសមុទ្រវៀតណាម ត្រូវដោះស្រាយគឺ ការនាំចេញនៅទ្រឹងដែលខ្លួនបានជួបប្រទះក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ដោយមានទំហំប្រហែល ៨ ទៅ ១០ពាន់លានដុល្លារក្នុងមួយឆ្នាំ ខណៈតួលេខនេះ គឺនៅឆ្ងាយពីគោលដៅ ១៤ ទៅ ១៦ពាន់លានដុល្លារ ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍នៃវិស័យអាហារសមុទ្រសម្រាប់ឆ្នាំ ២០៣០។អនុប្រធាន VASEP លោក Truong Thi Lê Khanh បានមានប្រសាសន៍ថា ឧស្សាហកម្មគ្រឿងសមុទ្រកំពុងប្រឈមមុខនឹងបញ្ហាទាំងខាងក្រៅ និងខាងក្នុង។ គួរជម្រាបថា ទីផ្សារអាហារសមុទ្រសំខាន់ៗ ក៏កំពុងអនុវត្តស្តង់ដារតឹងរ៉ឹងកាន់តែខ្លាំងឡើង ទាក់ទងនឹងគុណភាព សុវត្ថិភាពចំណីអាហារ និងនិរន្តរភាពបរិស្ថាន ដោយដាក់កម្រិតលើសមត្ថភាពរបស់អាជីវកម្មវៀតណាម ក្នុងការចូលទៅកាន់ទីផ្សារទាំងនេះ ហើយការប្រកួតប្រជែងអន្តរជាតិកាន់តែខ្លាំង មកពីប្រទេសមួយចំនួនដូចជា ឥណ្ឌា អេក្វាឌ័រ ថៃ និងចិន ដែលពួកគេ កំពុងបន្តធ្វើឱ្យប្រសើរឡើងនូវបរិមាណ និងគុណភាពនៃការនាំចេញអាហារសមុទ្ររបស់ពួកគេ៕    អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ  

២៧ មិថុនា ២០២៥
ទំហំពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់កម្ពុជា រំពឹងកើនដល់ ១,៧៨ពាន់លានដុល្លារនៅឆ្នាំ ២០២៥

ទំហំពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់កម្ពុជា រំពឹងកើនដល់ ១,៧៨ពាន់លានដុល្លារនៅឆ្នាំ ២០២៥

  បើតាមព្រឹត្តិបត្រស្រាវជ្រាវអេឡិចត្រូនិកលេខ ២ សម្រាប់ខែមីនា របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញឱ្យដឹងថា តម្លៃទីផ្សារសរុបនៃពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា ក្នុងឆ្នាំ ២០២៤ មានចំនួន ១ពាន់ ៥រយលានដុល្លារអាមេរិក ហើយរំពឹងនឹងកើនដល់ ១ពាន់ ៧រយលានដុល្លារអាមេរិក នៅឆ្នាំ ២០២៥នេះ ដែលជាកំណើនប្រមាណ ១៧%។ ជាក់ស្តែង វិស័យពាណិជ្ជកម្មអេឡិចត្រូនិករបស់កម្ពុជា ក្នុងឆ្នាំ ២០២៤ ដែលមានទំហំ ១ពាន់ ៥រយលានដុល្លារអាមេរិក បានរួមចំណែកប្រមាណ ៦% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។លើសពីនេះ កម្ពុជា បានរួមចំណែក ១,៣% នៃចំណែកពាណិជ្ជកម្មអេឡិចត្រូនិកក្នុងទីផ្សារអាស៊ាន ដែលទីផ្សារសរុបមានទំហំជាង ១១៦ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៤។ យ៉ាងណាចំពោះពាណិជ្ជកម្មអេឡិចត្រូនិកក្នុងទីផ្សារអាស៊ាន រំពឹងនឹងកើនឡើង ១៧% ដល់ ១៣៧ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៥នេះ។ចំពោះវិធីទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកវិញ គឺការទូទាត់តាមប្រព័ន្ធ QR កូដ មានចំណែកធំជាងគេ ៤៧% នៃការទូទាត់សរុប ខណៈការទូទាត់ជាសាច់ប្រាក់មានជាង ២៦%។ រីឯបណ្តាញសង្គម Facebook, TikTok និង Telegram បានគ្របដណ្តប់លើ ទីផ្សារអនឡាញនៅកម្ពុជា ខណៈថ្នាលទិញទំនិញសំខាន់ៗ គឺមាន Facebook ដែលមានអ្នកប្រើប្រាស់ ១១លានគណនី និង TikTok ដែលមានជិត ១០លានគណនី ដោយអ្នកទិញភាគច្រើនចំណាយមួយដងក្នុងមួយខែចន្លោះពី ១១ដុល្លារ ទៅ ៥០ដុល្លារ។សូមបញ្ជាក់ដែរថា អ្នកប្រើប្រាស់ទូរសព្ទចល័តលើបណ្តាញសង្គមនៅកម្ពុជា ក្នុងឆ្នាំ ២០២៤ មានជិត ២២លានគណនី៕  អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ  

២៥ មិថុនា ២០២៥
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា បង្ហាញបំណងស្វែងរកដៃគូផ្គត់ផ្គង់វត្ថុធាតុដើមក្នុងស្រុក

ក្រុមហ៊ុនភេសជ្ជៈកម្ពុជា បង្ហាញបំណងស្វែងរកដៃគូផ្គត់ផ្គង់វត្ថុធាតុដើមក្នុងស្រុក

 ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុន ភេសជ្ជៈកម្ពុជា កូកា កូឡា បានបង្ហាញការប្តេជ្ញាចិត្តស្វែងរកដៃគូផ្គត់ផ្គង់វត្ថុធាតុដើម និងពង្រីកប្រតិបត្តិការវិនិយោគនៅកម្ពុជា។   នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) និង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា នាយកប្រតិបត្តិក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា បានបង្ហាញពីការតាំងចិត្តខ្ពស់ក្នុងការស្វែងរក ដៃគូផ្គត់ផ្គង់វត្ថុធាតុដើមនៅក្នុងស្រុក ដែលមានគុណភាព និងកម្លាំងផលិតភាពស្របទៅតាមតម្រូវការផលិតកម្មរបស់ក្រុមហ៊ុន។  ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាកត្តាដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ។ ក្នុងនោះ ការទិញធាតុចូល ឬប្រើប្រាស់វត្ថុធាតុដើមនៅក្នុងស្រុក វិនិយោគិន នឹងទទួលបានការលើកចិត្តបន្ថែម ដែលនេះគឺជាការលើកទឹកចិត្តមួយក្នុងចំណោមយន្តការលើកទឹកចិត្តជាច្រើនដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីទាក់ទាញ និងជំរុញការវិនិយោគប្រកបដោយគុណភាព ប្រសិទ្ធភាព និងចីរភាព។  ជាការឆ្លើយតប លោក Paulo Gaspar Rodrigues នាយកប្រតិបត្តិក្រុមហ៊ុន ភេសជ្ជៈកម្ពុជា (កូកា-កូឡា) ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តពង្រឹង និងពង្រីកប្រតិបត្តិការវិនិយោគរបស់ខ្លួននៅកម្ពុជា សំដៅជាចំណែកដល់ការចូលរួម អភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។ ទន្ទឹមនឹងនេះ ផលិតភាព ពិពិធកម្ម និងការវិនិយោគក្នុងស្រុក ជាកត្តាគន្លឹះសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា។ សូមជម្រាបថា ជំនួបនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សា អំពីបច្ចុប្បន្នភាពនៃដំណើរការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា និងចំណុចគន្លឹះពាក់ព័ន្ធនានា សំដៅលើកកម្ពស់កិច្ចសហការឱ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត រវាងផ្នែករដ្ឋ និងក្រុមហ៊ុនផ្ទាល់៕   អត្ថបទ៖ ថុន សុកេតុមាលា  រូបភាព៖ ឯកសារ   

២៥ មិថុនា ២០២៥
សេដ្ឋកិច្ចផ្សេងទៀត

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025