ថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០២៥

ឥណ្ឌា ស្វែងរកឱកាសវិនិយោគលើ ផលិតផលកសិកម្មកម្ពុជា

១៧ មិថុនា ២០២៥ | សេដ្ឋកិច្ច

 

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បានឲ្យដឹងថា គណៈប្រតិភូសភាពាណិជ្ជកម្មឥណ្ឌា (ICC) មានបំណងស្វែងរកឱកាសវិនិយោគ និងធ្វើពាណិជ្ជកម្មលើ វិស័យកសិកម្មនៅកម្ពុជា។ 

 

 

ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូសភាពាណិជ្ជកម្មឥណ្ឌា (ICC) នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានលើកឡើងថា គណៈប្រតិភូសភាពាណិជ្ជកម្មឥណ្ឌា (ICC) មានបំណងស្វែងរកឱកាសវិនិយោគ និងធ្វើពាណិជ្ជកម្មលេីវិស័យកសិកម្ម ដោយផ្តោតលើការកសាងសហគមន៍កសិកម្មទំនើប និងផ្តល់បច្ចេកទេសចិញ្ចឹមគោទឹកដោះ កាន់តែច្បាស់ និងទូលំទូលាយ។

 


ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្ម បានលើកឡើង ពីសក្ដានុពលកសិកម្មរបស់កម្ពុជា មានដូចជា ស្រូវអង្ករ ស្វាយចន្ទី ដំឡូងមី ម្រេច គ្រឿងទេស ដែលមានគុណភាពខ្ពស់ ជាឱកាសល្អសម្រាប់អ្នកវិនិយោគឥណ្ឌាក្នុងការកែច្នៃ វេចខ្ចប់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ក្នុងនោះ កម្ពុជាចង់ប្រែក្លាយពីការនាំចេញវត្ថុធាតុដើមមកជាការនាំចេញ ផលិតផលសម្រេច ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់។ 

 


លើសពីនេះ ប្រទេសកម្ពុជា មានច្បាប់ស្តីពីការវិនិយោគដែលជួយគាំទ្រដល់រាល់វិនិយោគិន ឱ្យទទួលបានអត្ថប្រយោជន៍ជាច្រើន និងក្របខណ្ឌច្បាប់ដែលអំណោយផលដល់ការវិនិយោគផងដែរ។

 

 

 ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់រូបនេះ បានស្នើឱ្យភាគីឥណ្ឌាពិនិត្យលទ្ធភាព ក្នុងការជួយគាំទ្រដល់ការស្រាវជ្រាវ និងអភិវឌ្ឍន៍(R&D) ចូលរួមរៀបចំប្រព័ន្ធផលិតកម្មផ្តោតលើការកសាងសហគមន៍កសិកម្មទំនើប។

 


ទន្ទឹមនឹងនេះ លោក Rajjev Singh Tyagi អគ្គនាយកសភាពាណិជ្ជកម្មឥណ្ឌា(ICC) បានបង្ហាញគោលជំហរផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យកសិកម្ម ពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សំដៅបំពេញឱ្យគ្នាទៅវិញទៅមក។ 

 


សូមជម្រាបថា បើយោងតាមក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ការនាំចូលជី-ថ្នាំកសិកម្ម ដែលមានគុណភាពល្អ និងតម្លៃសមរម្យ ផ្តល់បច្ចេកទេសចិញ្ចឹមគោទឹកដោះកាន់តែច្បាស់ទូលំទូលាយ និងការអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ដែលជាអាហារូបត្ថម្ភសម្រាប់ប្រជាជន សំដៅបង្កើននូវភោគផលសេដ្ឋកិច្ច និងជួយកាត់បន្ថយសម្ពាធធនធានធម្មជាតិចេញពីការនេសាទ៕

 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភា៖ ឯកសារ 

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025