ថ្ងៃអង្គារ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៥
ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ ២០២៥នេះ មហាអំណាចសេដ្ឋកិច្ចចិន បានទាក់ទាញលំហូរនិយោគផ្ទាល់ពីបរទេសប្រមាណ ៤៤ពាន់លានដុល្លារអាមេរិក ដែលបានធ្លាក់ចុះ ១១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានអន្តរជាតិ CCTV នៅថ្ងៃនេះ។
បើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មចិន បានប្រកាសថា ក្រុមហ៊ុនវិនិយោគបរទេសថ្មីជាង ១ម៉ឺន ៨ពាន់ ត្រូវបានបង្កើតឡើង ក្នុងអំឡុងខែមករាដល់ខែមេសា កើនឡើងប្រមាណជាង ១២% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ខណៈអ្នកជំនាញអះអាងថា សេដ្ឋកិច្ចរបស់ប្រទេសចិន កំពុងស្ទុះងើបឡើងវិញ ជាមួយនឹងសន្ទុះខ្លាំងជាងការរំពឹងទុក ហើយសក្តានុពលទីផ្សារ កំពុងត្រូវបានបញ្ចេញក្នុងល្បឿនលឿន ចាប់តាំងពីដើមឆ្នាំនេះ។
ក្រសួងពាណិជ្ជកម្មចិន បន្តថា ការវិនិយោគពីប្រទេសសមាជិកអាស៊ាន បានកើនឡើង ៤២% ហើយការវិនិយោគពីប្រទេសជប៉ុន បានកើនឡើង ៧៤% ក្នុងអំឡុងពេលនេះ។
យ៉ាងណាមិញ ក្រសួងពាណិជ្ជកម្មចិន បានបន្ថែមថា ប្រទេសចិន នឹងចាត់វិធានការជាក់ស្តែង ដើម្បីពង្រីកការបើកចំហទីផ្សារបន្ថែមទៀត ដើម្បីទាក់ទាញនិងប្រើប្រាស់មូលធនបរទេស។
សូមជម្រាបថា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្រសួង នឹងប្រកាន់ខ្ជាប់នូវ គោលការណ៍រក្សាស្ថិរភាព ខណៈពេលដែលកំពុងស្វែងរកវឌ្ឍនភាព ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងស្ថិរភាព បង្កើន និងលើកកំពស់គុណភាពនៃការវិនិយោគបរទេស៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ