ថ្ងៃអង្គារ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៥

កម្ពុជា ត្រៀមបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជន នៅចក្រភពអង់គ្លេស

១៦ មិថុនា ២០២៥ | សេដ្ឋកិច្ច

 

ប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះត្រួតពិនិត្យទីតាំងជាក់ស្តែង ដើម្បីបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងឡុងដ៍ និងទីក្រុងប៊ើមិនហែម នៃចក្រភពអង់គ្លេស ជំរុញវិស័យពាណិជ្ជកម្ម និងវិនិយោគ។ នេះបើយោងតាមការចេញផ្សាយដោយ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃនេះ។

 

 

អំឡុងថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចុះត្រួតពិនិត្យទីតាំងជាក់ស្តែង ដើម្បីបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងឡុងដ៍ និងទីក្រុងប៊ើមិនហែម នៃចក្រភពអង់គ្លេស ក្នុងគោលបំណងដាក់តាំងបង្ហាញផ្សព្វផ្សាយផលិតផលខ្មែរ និងព័ត៌មានអំពីវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ជូនធុរជន និងវិនិយោគិនអង់គ្លេស។

 


នាឱកាសនោះ ឯកឧត្តម ស៊ាង ថៃ បានជួបពិភាក្សាការងារជាមួយ លោកជំទាវ ទួត បញ្ញា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅចក្រភពអង់គ្លេស ដើម្បីជម្រាបជូនអំពី គោលបំណងនៃដំណើរទស្សនកិច្ចខាងលើ ខណៈ លោកជំទាវ ក៏បានសម្តែងនូវ ទឹកចិត្តរីករាយ និងគាំទ្រក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅចក្រភពអង់គ្លេស ដើម្បីជំរុញធុរជន វិនិយោគិនអង់គ្លេស មកធ្វើធុរកិច្ច និងបណ្តាក់ទុននៅកម្ពុជា ក៍ដូចជាជំរុញកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេស ឱ្យមានការកើនឡើងជាបន្តបន្ទាប់ នាពេលអនាគតខាងមុខ។

 


ទិន្នន័យផ្លូវការចេញផ្សាយដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញឱ្យដឹងថា អំឡុងពេល ៥ខែដើមឆ្នាំ ២០២៥នេះ កម្ពុជា និងចក្រភពអង់គ្លេស សម្រេចបាននូវទំហំពាណិជ្ជកម្មទ្វេភាគីប្រមាណ ៤១៥លានដុល្លារអាមេរិក កើនឡើងប្រមាណ ១៤% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។អំឡុងខែមករា ដល់ខែឧសភានេះ កម្ពុជា បាននាំចេញទំនិញគ្រប់ប្រភេទទៅកាន់ ចក្រភពអង់គ្លេស ប្រមាណ ៣៩៤លានដុល្លារអាមេរិក កើនឡើងជាង ១៥% ខណៈការនាំចូលមកវិញ មានប្រមាណ ២១លានដុល្លារអាមេរិក ធ្លាក់ចុះជាង ១០%។

 


ចំពោះមុខទំនិញសំខាន់ៗ ដែលកម្ពុជា នាំចេញទៅកាន់ ចក្រភពអង់គ្លេស រួមមាន សម្លៀកបំពាក់, វាយនភណ្ឌ, សម្ភារៈធ្វើដំណើរ, ទោចក្រយាន និងផលិតផលកសិកម្ម ហើយមុខទំនិញដែលកម្ពុជា នាំចូលមកវិញ គឺមាន យានយន្ត, គ្រឿងម៉ាស៊ីន និងឱសថជាដើម។គួររម្លឹកថា ក្នុងរយៈពេល ៥ខែ ដើមឆ្នាំនេះ ប្រទេសកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មអន្តរជាតិប្រមាណ ២៥ពាន់លានដុល្លារអាមេរិក មានការកើនឡើង ១៨% បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025