ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥

កម្ពុជា សង្ឃឹមថា សហភាពអឺរ៉ុប នឹងបន្តពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិជាមួយកម្ពុជាបន្ថែមទៀត

១៣ មិថុនា ២០២៥ | សេដ្ឋកិច្ច

 

សម្តេចមហាបវរធិបតី សង្ឃឹមថា សហភាពអឺរ៉ុប នឹងបន្តធ្វើជាដៃគូជាមួយកម្ពុជាក្រោយពេលចាកចេញ ពីឋានៈជាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អាល់តូនីញ៉ូ ខូសស្តា ប្រធានក្រុមប្រឹក្សាអឺរ៉ុប ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) ចាប់ពីថ្ងៃទី៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង បានលើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អនេះ សម្តេចមហាបវរធិបតី សង្ឃឹមយ៉ាងមុតមាំថា សហភាពអឺរ៉ុប នឹងនៅតែបន្តធ្វើជាដៃគូជាមួយកម្ពុជា ក្រោយពេលចាកចេញពីឋានៈជាក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ខាងមុខ ខណៈ សហភាពអឺរ៉ុបបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជាកន្លងមក តាមរយៈការអនុវត្តគម្រោងរួមគ្នារវាងកម្ពុជា-សហភាពអឺរ៉ុប។ 

 


ក្នុងឱកាសនោះ សម្តេចមហាបវរធិបតី បានបន្តថា ចំពោះដោះស្រាយបញ្ហាប្រឈមក្នុងវិស័យជលផល កម្ពុជាបានដាក់ចេញនូវវិធានការជាក់ស្តែងជាច្រើន ដែលក្នុងនោះ មានការជំរុញការអនុម័តច្បាប់ស្ដីពីជលផលដែលបានឆ្លងរដ្ឋសភា រួចហើយ ព្រឹទ្ធសភានឹងបន្តពិនិត្យលើសេចក្តីព្រាងច្បាប់នេះ ក្នុងខែមិថុនានេះ។

 

 

ក្រៅពីវិស័យជលផល កម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ ដើម្បីជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០% នៅឆ្នាំ២០៣០ និងសម្រេចបាននូវអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ បើទោះបីជាប្រទេសកម្ពុជា មិនមែនជាប្រទេសដែលបំភាយឧស្ម័នកាបូនិកក៏ដោយ។

 


ជាការឆ្លើយតប ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការបន្តពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយកម្ពុជា។

 


សូមជម្រាបថា យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ការនាំចេញរបស់កម្ពុជាទៅសហភាពអឺរ៉ុបបានឈានដល់ ១,៤៤ លានដុល្លារអាមេរិក នៅក្នុងរយៈពេល ៤ខែដំបូង នៃឆ្នាំ២០២៥ កើនឡើង ២៣% ពី ១,១៧ លានដុល្លារអាមេរិក បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ 

 


ជាមួយគ្នានេះ ការកើនឡើងខ្លាំងនៃការនាំចេញទៅកាន់សហភាពអឺរ៉ុប គឺជាសញ្ញានៃការប្រកួតប្រជែងផលិតផលកម្ពុជា ដែលអនុញ្ញាតឱ្យទទួលការបញ្ជាទិញកាន់តែច្រើន និងឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការរបស់អឺរ៉ុប៕
 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ក្រុមការងារនាយករដ្ឋមន្ត្រី 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025