ថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥
តារារ៉េបល្បីឈ្មោះ ឃីងឈី រៀបរាប់ទាំងអួលដើមក មិនស្មានថា គ្រប់គ្នាអាណិតស្រលាញ់ក្រុមគ្រួសារលោកខ្លាំង ដល់ថ្នាក់ហ៊ានរៀបចំប្រគំតន្ត្រីរៃអង្កាសថវិកាសម្រាប់ជួយភរិយាលោកក្នុងការផ្លាស់ប្តូរក្រលាន។ កាលពីដើមខែឧសភាកន្លងទៅ គណនីហ្វេសប៊ុករបស់ភិរិយាសណព្វចិត្តរបស់តារារ៉េបល្បីឈ្មោះ ឃីងឈី ឈ្មោះថា Manolen Kheng បានប្រកាសឱ្យដឹងដំណឹងស្តុតចិត្តមួយ ដែលពេលនេះអ្នកនាងកំពុងបញ្ហាខូចក្រលៀន តម្រូវឱ្យធ្វើការលាងឈាមជាប្រចាំ។
គ្រាន់តែដឹងដំណឹងនេះភ្លាម មហាជនទីជិតទីឆ្ងាយរួមទាំងសិល្បកររួមអាជីព តារារ៉េបចាស់ក្មេងប្រុសស្រី បានបង្ហាញក្តីអាណិតអាសូរដល់ក្រុមគ្រួសារ តារារ៉េបខាងលើ ជាពន់ពេក ជីវិតកំពុងល្អសុខៗមិនគួរណាមកជួបរឿងបែបនេះនោះឡើយ។ ជំងឺកាចសាហាវដែលកើតឡើងដោយនឹកស្មានពុំដល់នេះ ធ្វើឱ្យភរិយាតារារ៉េបលោក ទទួលយកស្ទើរពុំបាន តែដោយសារការលើកទឹកចិត្ត និងការមើលថែយ៉ាងដិតដល់ពីស្វាមី ធ្វើឱ្យស្ថានភាពជំងឺ និងផ្លូវចិត្តរបស់អ្នកនាងបានធូរស្រាលប្រសើរជាងមុន តែក៏ត្រូវបន្តលាងឈាមជាប្រចាំមុនឈានដល់ដំណាក់កាលប្តូរក្រលាន។
ស្ថិតក្នុងកាលៈទេសៈដ៏លំបាកដែល តារារ៉េបល្បីឈ្មោះរូបនេះ ជាមេគ្រួសារកំពុងមានបន្ទុកត្រូវព្យាបាលថ្លៃពេទ្យរបស់ភរិយា និងត្រូវរ៉ាបរងការចំណាយក្នុងក្រុមគ្រួសារ បូករួមការចំណាយដ៏ច្រើនសម្រាប់ការផ្លាស់ប្តូរក្រលានផងនោះ គេស្រាប់តែឃើញទំព័រហ្វេសប៊ុកឈ្មោះថា «9 - ណែន» ប្រកាសរៀបចំកម្មវិធីប្រគំតន្ត្រីមួយ ដើម្បីរៃអង្កាសថវិកាបន្ថែមសម្រាប់ភរិយាតារារ៉េប ឃីងឈី ដើម្បីបញ្ជូនគាត់ទៅមន្ទីរពេទ្យដើម្បីផ្លាស់ប្តូរក្រលាន។
តាមការបង្ហោះខាងលើបានឱ្យដឹងថា ការប្រគំតន្ត្រីពិសេសនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ហើយសិល្បករល្បីៗដែលនឹងចូលរួមមានដូចជា KingChi, Sophia Kao, Juvie, MC Sey និង 1NE ជាដើម។ សំបុត្រចូលរួមការការប្រគំតន្ត្រីពិសេសតម្លៃ 10$ ហើយរាល់ថវិកាដែលប្រមូលបាន នឹងបរិច្ចាគជូនដល់គ្រួសារ KingChi ទាំងអស់ 100% តែម្តង។
ដំណឹងនៃការប្រគំតន្ត្រីពិសេសនេះ ធ្វើឱ្យគ្រូបង្វឹកដ៏មានទេពកោសល្យនៃការប្រឡងចម្រៀង Rapper Fighter ឃីងឈី រំជួលចិត្តជាខ្លាំង រៀបរាប់ទាំងអួលដើមករលើទំព័រហ្វេសប៊ុកផ្លូវការលោកថា «ខ្ញុំមិនដែលហូរទឹកភ្នែកព្រោះទុក្ខលំបាកទេ តែពេលនេះទឹកភ្នែកខ្ញុំហូរព្រោះក្តីស្រលាញ់របស់បងប្អូនចំពោះគ្រួសារខ្ញុំ» ខណៈភរិយាលោកក៏រៀបរាប់ឡើងថា «យើងខ្ញុំកំពុងតែខ្វះថវិការសម្រាប់ព្យាបាលវះកាត់ប្ដូរតម្រងនោមពិតប្រាកដមែន ពួកយើងនឹងព្យាយាមគ្រប់វិធី បងប្អូនជួយគាំទ្រតន្ដ្រីតូចមួយនេះផង»។
មកទល់ពេលនេះ យើងនៅពុំទាន់ដឹងថា តារារ៉េប ឃីងឈី នឹងនាំភរិយារបស់លោកទៅផ្លាស់ប្តូរក្រលាននៅមន្ទីរពទ្យណាមួយនោះឡើយ ប៉ុន្តែកន្លងមកលោកបានស្វះស្វែងរកថវិកាគ្រប់មធ្យោបាយ ដើម្បីចំណាយលើការព្យាបាលរបស់ភិរិយាសំណព្វចិត្ត។
ចាប់តាំងពីជួបបញ្ហាក្រលានតម្រូវឱ្យលាងឈាមជាប្រចាំ តារារ៉េបដ៏មានប្រជាប្រិយភាព និងជាគ្របង្វឹកក៏មានទេព កោសល្យរបស់ Rapper Fighter ឃីងឈី បានសម្រេចចិត្តលក់ផ្ទះផ្ទាល់ខ្លួនរបស់លោកក្នុងខេត្តបាត់ដំបង ដើម្បីយកលុយមកព្យាបាលភរិយា ហើយក៏មានសិល្បកររួមអាជីព និងសប្បុរសជនមួយចំនួន បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ឃីងឈិ និងភរិយា យកក្តីអាណិតស្រលាញ់ ការរាប់អាន និងភាពស្មោះស្ម័គ្រ។
យ៉ាងណាមិញ ថវិកាដែលទទួលបានពុំទាន់គ្រប់គ្រាន់សម្រាប់ការចំណាយច្រើនលើសលុបលើការផ្លាស់ប្តូរក្រលាននោះឡើយ ទើប ឃីងឈី ខំប្រឹងចេញច្រៀងទាំងយប់ទាំងថ្ងៃដើម្បីថ្លៃព្យាបាលប្រពន្ធ និងសង្ឃឹមថាមានសប្បុរសជនបន្តបរិច្ចាគថវិកាជួយបន្តទៀត។
គួររំឮកឱ្យដឹងផងដែរថា ឃីងឈី ជាតារារ៉េបល្បីឈ្មោះម្នាក់ក្នុងវិស័យរ៉េបនៅកម្ពុជា។ សមត្ថភាព ទេពកោសល្យ ពាក្យពេចន៍ចុងចួនដ៏រអិលរបស់លោកត្រូវបានគេទទួលស្គាល់ និងកោតស្ញប់ស្ញែងលើសិល្បៈដ៏រស់រវើក រហូតលោកត្រូវអញ្ញើញឱ្យធ្វើជា Coach ការប្រឡងចម្រៀង Rapper Fighter រដូវកាលទី១។ ស្របពេលដែលទំព័រហ្វេសប៊ុកផ្លូវការ Rapper Fighter ប្រកាសពីការរៀបចំការប្រកួតរដូវកាលទី២ ហ្វេនៗកំពុងរង់ចាំអ៊ុតមើលថា តើ ឃីងឈី នឹងបន្តធ្វើជា Coach ការប្រឡងចម្រៀង Rapper Fighter រដូវកាលទី២ ឬអត់? ព្រោះកូនក្រុមដែលលោកបណ្តុះបណ្តាលកាលពីរដូវកាលទី១ ផ្ទុះប្រជាប្រិយភាពយ៉ាងខ្លាំង និងកំពុងមានផ្លែផ្កាលើវិថីសិល្បៈ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ភីអិនអិន និងហ្វេសប៊ុក