ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
តើវាសនាកម្មវិធីប្រឡងចម្រៀងរ៉េប Rapper Fighter រដូវកាលទី២ នឹងទៅជាយ៉ាងណា ខណៈផេកផ្លូវការបង្ហោះតម្រុយនៃការរៀបចំរដូវកាលទី២ ប៉ុន្តែអ្នកផលិតកម្មវិធី បែរជាបង្ហោះសារខ្លីបែបនេះ ធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់ចង់ដឹងការពិតគ្រប់គ្នា។
មានការភ្ញាក់ផ្អើលមួយបានកំពុងកើតឡើង ដោយស្ងាត់ៗទំព័រហ្វេសប៊ុកផ្លូវការ Rapper Fighter បានបង្ហោះរូបថតមួយសន្លឹក ភ្ជាប់ជាមួយ Caption ថា «កំពុង x L O A D I N G … x … x…. ? តេីមានអ្នកចង់អោយមាន RAPPER FIGHTER 2.0 ឆាប់ៗៗៗ ប៉ុន្មាននាក់ចេញមុខមក? ? ? … អារម្មណ៍ Admin បន្ទាប់ពីប្រជុំ 24/7 … កប់យោបល់! និយាយត្រង់ សុំមែន x ម្នាក់ ១.១.១.១.១.១. ម៉ាត់ៗមក OK?»។
ការបង្ហោះដ៏រសើបនេះ ធ្វើឱ្យយុវវ័យអ្នកស្នេហាវិស័យចម្រៀងរ៉េប និងអ្នកនិយមគាំទ្រសិល្បៈរ៉េបនៅកម្ពុជា នាំគ្នាជ្រួលច្របល់ចង់ដឹងចង់ឮ ព្រោះបើយើងតាមរូបថតមួយសន្លឹកនោះ វាហាក់បីដូចជាតម្រុយនៃកម្មវិធីប្រឡងចម្រៀងរ៉េប Rapper Fighter រដូវកាលទី២ បន្ទាប់ពីជោគជ័យយ៉ាងខ្លាំងក្លាលើការរៀបចំរដូវកាលទី១ កាលពីដើមឆ្នាំ២០២៥ កន្លងទៅ។
ខណៈអ្នកគាំទ្រកំពុងជ្រួលជ្រើមចង់ដឹងពីការ update ថ្មីៗរបស់កម្មវិធី Rapper Fighter លោក រ៉ូមីអូ ដែលជាអ្នកផលិតកម្មវិធីប្រឡងចម្រៀងរ៉េប Rapper Fighter បែរជាបង្ហោះ Status ដ៏ខ្លីមួយថា «Rapper Fighter Season II គួរ ឬ មិនគួរ» បង្ហាញពីភាពស្រពិចស្រពិល និងភាពមិនច្បាស់លាស់នៃដំណើរការរៀបចំ Rapper Fighter រដូវកាលទី២ ទៅវិញ។
Status បង្កប់អត្ថន័យជ្រាលជ្រៅរបស់ផលិតករវ័យក្មេងពោរពេញដោយសមត្ថភាពរូបនេះ បានក្លាយជាចំណុចរសើបនៃការជជែកវែកញែកយ៉ាងក្តៅគគុករបស់អ្នកគាំទ្រជាច្រើនដែលចង់ឃើញការប្រឡង Rapper Fighter រដូវកាលទី២ ឱ្យបានឆាប់ៗ តែការបង្ហោះខាងលើហាក់បញ្ជាក់ពីភាពស្ទាក់ស្ទើរនៃការរៀបចំកម្មវិធីប្រឡង ទើបធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំងចង់ដឹងយ៉ាងអន្ទះសារថាតើ Rapper Fighter អាចនឹងមានរដូវកាលទី២ឬអត់? ខណៈផេកផ្លូវការបង្ហោះតម្រុយនៃការរៀបចំ តែផលិតករអ្នកដឹកនាំការផលិតបែរជាបង្ហោះសារបង្អាក់អារម្មណ៍ជ្រើមជ្រួលរបស់អ្នកហ្វេនទៅវិញ។
គួររំឮកឱ្យដឹងផងដែរថា Rapper Fighter ជាកម្មវិធីប្រឡងចម្រៀងរ៉េបដ៏ធំបង្កើតឡើងដោយស្នាដៃកូនខ្មែរសុទ្ធសាធ។ ក្រោមការសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់របស់ក្រុមការងារ និងផលិតករនៃស្ថានីយ៍ទូរទស្សន៍ទំនើបភីអិនអិន រដូវកាលទី១នៃការប្រឡងចម្រៀងរ៉េប Rapper Fighter បានបញ្ចប់ទៅភាពជោគជ័យគួរជាទីមោទនៈ ដោយយើងជ្រើសរើសបានជយលាភី Top 5 យ៉ាងល្អស័ក្កសមជាពន្លឺដ៏ត្រចះត្រចង់នៃសិល្បៈរ៉េបជំនាន់ថ្មី។
ដ្បិតជាការរៀបចំលើកទី១ តែកម្មវិធី Rapper Fighter ផ្ទុះការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីប្រជាជនកម្ពុជាទូទាំងប្រទេស ដោយវីដេអូចម្រៀងរ៉េបចាស់ៗរបស់បេក្ខភាពឆ្នើមៗនៃកម្មវិធី Rapper Fighter រដូវកាលទី១ មានអ្នកចុចចូលទស្សនាជិត 300M views ហើយវីដេអូភាគច្រើនដែលចែកចាយលើបណ្តាញសង្គមសុទ្ធតែមានអ្នកចុចចូលទស្សនាខ្ទង់លានដង ដែលនេះបង្ហាញពីសក្កានុពលដ៏ខ្លាំងក្លារបស់សិល្បៈរ៉េប និងជយលាភី Top 5 របស់ Rapper Fighter រដូវកាលទី១៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង ហ្វេសប៊ុក