ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥
ប្តូររសជាតិមកសម្តែងតអង្គធ្មប់លើកដំបូង កូនកាត់ខ្មែរ-បារាំង មាលា ត្រូវហ្វេនៗនាំគ្នាមកគាំទ្រកក្រើកផ្សារទំនើប ក្នុងថ្ងៃសម្ភោធចាក់បញ្ចាំងរឿង «កំហឹងធ្មប់»។ទស្សនីយភាពដ៏ប្លែកភ្នែក ដែលត្រូវបានរៀបចំឡើងក្នុងថ្ងៃសម្ភោធភាពយន្តខ្មែរខ្នាតធំឆ្លុះបញ្ចាំងពីឈុតឆាកពិសេសមួយនៅក្នុងរឿង «កំហឹងធ្មប់» ដែលបានប្រកាសដាក់បញ្ចាំងជាផ្លូវការ មានការអញ្ជើញចូលរួមគាំទ្រពីភ្ញៀវកិត្តិយសជាច្រើន នៅផ្សារទំនើបអនសែនសុខ កាលពីរាត្រីថ្ងៃទី ១១ ខែមិថុនា កន្លងទៅនេះ។
មហាជនអ្នកទៅទស្សនាផ្ទាល់ជាច្រើនរយនាក់ បានផ្ទុះការអបអរសាទរយ៉ាងកក្រើកផ្សារ ខណៈពេលដែលស្រីស្អាតកូនកាត់ ២ សាសន៍ ខ្មែរ-បារាំអ កញ្ញា មាលា ខនស្តេនទីន (Melia Constantin) ក្លាយជាអ្នកគ្រងម្កុដកញ្ញាឯកសម័យលង្វែកឆ្នាំ២០២៥ យ៉ាងភ្ញាក់ផ្អើលតែម្តង។
តួឯកស្រីរូបស្រស់ កញ្ញា មាលា កាន់ដៃអ្នកម្តាយជាទីស្រលាញ់មកទស្សនាសមិទ្ធផលភាពយន្តថ្មីរបស់ខ្លួនដោយក្តីរំភើប ចំពោះភាពយន្តដែលរូបនាងនិងក្រុមការងារ បានដាក់ចិត្តដាក់កាយក្នុងការផលិតយ៉ាងយកចិត្តទុកដាក់បំផុត ជាមួយសាច់រឿងដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំង។
តាមការបញ្ជាក់ពី មាលា ជាតួឯកស្រី សាច់រឿង «កំហឹងធ្មប់» នេះ នឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទៅស្គាល់អំពីនារីម្នាក់ឈ្មោះ មាលា ពីក្មេងស្រីស្លូតបូតម្នាក់ ប្រែក្លាយទៅជាធ្មប់ ដែលពោរពេញដោយគំនុំសងសឹកយ៉ាងកាចសាហាវ ដែលធ្វើឱ្យអ្នកភូមិភ័យខ្លាចខ្លាំងបំផុត ដោយសារតែបាត់បង់មនុស្សជាទីស្រលាញ់របស់ខ្លួន។
សោភាកូនកាត់ខ្មែរ-បារាំងរូបនេះថា ប្រសិនចង់ដឹងថា ការតាមសងសឹករបស់ មាលា នឹងមានរឿងអ្វីនឹកស្មានមិនដល់កើតឡើងខ្លះ? កុំភ្លេចមកទស្សនារឿង «កំហឹងធ្មប់» ចាប់ពីថ្ងៃទី១៨ មិថុនា តទៅ។
ក្រឡេកទៅមើល លោក អ៊ិន វិចិត្រ ជាផលិតករ ឯណោះវិញ មានសេចក្តីសោមនស្សរីករាយ និងបានបង្ហាញការពេញចិត្តនឹងគុណភាពនៃភាពយន្តខ្មែរមួយនេះយ៉ាងខ្លាំង ដោយលោក និងក្រុមការងារលះបង់អស់កម្លាំងកាយចិត្តដើម្បីស្នាដៃភាពយន្តខ្នាតធំមួយនេះ ហើយលោកហ៊ានធានាថា ការដែលបានមកគាំទ្រភាពយន្តខ្មែររឿង កំហឹងធ្មប់ មិនខាតបង់អ្វីឡើយ ថែមទាំងឈ្នះកាដូរង្វាន់ដល់ទៅខ្សែកពេជ្រថែមទៀត។
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ PNN