ថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥

ផលិតករសាទរការបញ្ឍប់បញ្ចាំងរឿង ថៃ នៅគ្រប់រោងភាពយន្ត ! 

១៤ មិថុនា ២០២៥ | កម្សាន្ដ

 

ផលិតករក្នុងស្រុកជាច្រើនបានសាទរចំពោះការបញ្ឍប់ការបញ្ចាំងរឿង ថៃ នៅគ្រប់រោងភាពយន្ត ដើម្បីឱ្យភាពយន្តក្នុងស្រុកទទួលបានការចាប់អារម្មណ៍ពីមហាជន ។ស្របពេលដែលខាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈចេញសេចក្តីជូនដំណឹងឱ្យក្រុមហ៊ុនចែកចាយភាពយន្ត និងរោងភាពយន្តទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា បញ្ឍប់ការចាក់បញ្ចាំងភាពយន្ត ថៃ នៅតាមរោងភាពយន្តរបស់ខ្លួន និងនៅតាមទីតាំងផ្សេងទៀតជាកំហិតនោះ មានផលិតករក្នុងស្រុកជាច្រើនបានសាទរចំពោះសេចក្តីប្រកាសនេះ ។ 

 

 

នៅព្រឹកថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០២៥ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសេចក្តីជួនដំណឹងថា សូមជម្រាបជូនដំណឹងដល់លោក លោកស្រីដែលជាម្ចាស់ក្រុមហ៊ុន ចែកចាយភាពយន្ត និងម្ចាស់រោងភាពយន្តទាំងអស់ មេត្តាជ្រាបថា ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០២៥ នេះតទៅ សូមគ្រប់ក្រុមហ៊ុនចែកចាយភាពយន្ត និងរោងភាពយន្តទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា បញ្ឍប់ការចាក់បញ្ចាំងភាពយន្តថៃ នៅតាមរោងភាពយន្តរបស់ខ្លួន និងនៅតាមទីតាំងផ្សសេងទៀតជាកំហិត ។ សេចក្តីបានជម្រាបជូនខាងលើ សូមលោក លោកស្រីដែលជាម្ចាស់ក្រុមហ៊ុន ចែកចាយភាពយន្តនិងម្ចាស់រោងភាពយន្តទាំងអស់ ចូលរួមសហការអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ 

 

 

សម្រាប់ផលិតករនៅក្នុងស្រុកវិញបានសម្តែងនូវការត្រេអរនិងសាទរចំពោះសេចក្តីប្រកាសរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។ លោក ឆាយ បូរ៉ា ដែលជាផលិតករល្បីឈ្មោះក្នុងស្រុកមួយរូបបានចូលរួមគាំទ្រយ៉ាងពេញទំហឹងនូវសេចក្តីប្រកាសនេះ ដោយលោកបានបញ្ជាក់ថា ឈប់ផ្សាយភាពយន្ត ថៃ ជាឱកាសល្អសម្រាប់ផលិតករខ្មែរ ត្រូវគិតពីយុទ្ធសាស្រ្តដើម្បីទ្រងទ្រង់វិស័យភាពយន្តខ្មែរ ។

 

 

 តាមពិតអ្នកទស្សនាភាពយន្ត ថៃ ថមថយច្រើន តាំងពី២ឆ្នាំកន្លងទៅហើយ។ ទស្សនិកជន ខ្មែរ មិនផ្តោតលើភាពយន្ត ថៃ ប៉ុន្មានទេ និយាយដោយឡែកភាពយន្តតាមរោងភាពយន្ត ។

 

 

ចំពោះការបិទមិនអអោយចាក់ផ្សាយ ឬបញ្ចាំងភាពយន្ត ថៃ ជាការសម្រេចដ៏ត្រឹមត្រូវ ឆ្លើយតបចំពោះទង្វើរបស់អ្នកនយោបាយ ថៃ ចំពោះកម្ពុជា ។ វាមិនមែនជាឱកាសធំដុំសម្រាប់ផលិតករខ្មែរប៉ុន្មាននោះទេ តែវាគ្រាន់តែជាជញ្ជីង ពាណិជ្ជកម្ម និងកិត្តិយសនៃជាតិសាសន៍ យើងដែល ប្រមុខរដ្ឋាភិបាលយើងថ្លឹងថ្លែងអោយស្មើតែប៉ុណ្ណោះ ។

 

 

ដោយឡែកលោក លៀក លីដា ដែលជាម្ចាស់ផលិតកម្ម LD និងជាផលិតករមួយរូបបានសម្តែងនូវការគាំទ្រថា ៖ គាំទ្រដោយក្តីគោរព នេះជាដំណឹងល្អសម្រាប់ផលិតករខ្មែរនិងសិល្បៈករខ្មែរទាំងអស់ ។

 

 

ព្រោះគេពិតជាជ្រុលនិយមណាស់រឿងថៃមួយដែលយកតារាសម្ដែងខ្មែរកញ្ញា ញ៉ែម ស្រីពេជ្រ យកទៅសម្ដែងជាតួឯកដែលផលិតដោយផលិតករ ថៃ ក៏គេមិនគាំទ្រដែរ តែបើរឿងគេវិញចូលមកយើងតួសម្ដែងគេយើងគាំទ្រទាំងអស់ ។ មិនត្រឹមតែផលិតករខ្មែរនោះទេដែលគាំទ្រក្នុងការ បញ្ឍប់ការចាក់បញ្ចាំងភាពយន្ត ថៃ នៅតាមរោងភាពយន្ត សូម្បីតែសិល្បករជាច្រើនក៏ចូលរួមគាំទ្រផងដែរ ចំណែកខាងសមាគមសិល្បករខ្មែរ ក៏បានអំពាវនាវនិងចូលរួមគាំទ្រចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ៕ 

 

 


អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន និង ហ្វេសប៊ុក 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025