ថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥
តុក្កតា Labubu ទំហំប៉ុនមនុស្សអាចលក់បានក្នុងតម្លៃខ្ពស់បំផុតមិនធ្លាប់មាន គឺរហូតដល់ ១៥ ម៉ឺនដុល្លារក្នុងការលក់ដេញថ្លៃមួយនៅប្រទេសចិន កាលពីពេលថ្មីៗ។ក្រុមហ៊ុនដេញថ្លៃនៅទីក្រុងប៉េកាំងបានលក់តុក្កតា Labubu ទំហំប៉ុនមនុស្សក្នុងតម្លៃជាង ១លានយ័ន ស្មើនឹងប្រមាណ ១៥ ម៉ឺនដុល្លារអាមេរិក ដែលបានក្លាយជាកំណត់ត្រាថ្មីមួយសម្រាប់តុក្កតា "Blind Box” ដ៏ពេញនិយមនេះ។
រៀបចំឡើងដោយក្រុមហ៊ុន Yongle International Auction ដែលមានឯកទេសខាងទំនិញសិល្បៈទំនើប និងសហសម័យ ក៏ដូចជាគ្រឿងអលង្ការ ព្រឹត្តិការណ៍ដេញថ្លៃនេះបានក្លាយជាការដេញថ្លៃលើកដំបូងមិនធ្លាប់មានសម្រាប់តុក្កតា Labubu ដែលជាផលិតផលលក់ដាច់បំផុតរបស់ក្រុមហ៊ុនលក់របស់លេងចិន Pop Mart។
កម្មវិធីដេញថ្លៃដែលបានធ្វើឡើងកាលពីថ្ងៃទី១០ ខែមិថុនា បានដាក់ដេញថ្លៃទំនិញថ្មីចំនួន ៤៨ មុខ ដោយមានអ្នកដេញថ្លៃចូលរួមផ្ទាល់ប្រហែល ២០០ ខណៈមានអ្នកដេញថ្លៃអនឡាញរាប់ពាន់អ្នកទៀតតាមកម្មវិធីទូរស័ព្ទ។
តម្លៃដេញថ្លៃសម្រាប់ទំនិញទាំងអស់ចាប់ផ្ដើមពីសូន្យ ហើយនៅទីបំផុតអាចលក់បានគិតជាទឹកប្រាក់សរុប ៣,៧៣ លានយន់ ឬ ៥២ ម៉ឺនដុល្លារ។ ក្នុងនោះតុក្កតា Labubu កម្ពស់ ១៣១ សង់ទីម៉ែត្រដែលមានតែមួយគត់លើពិភពលោក ទទួលបានការដេញថ្លៃខ្ពស់បំបែកកំណត់ត្រាជាង ១ លានយន់។
គួររំឭកថា តុក្កតា Labubu ត្រូវបានបង្កើតឡើងកាលពីមួយទសវត្សរ៍មុនដោយវិចិត្រករហុងកុងឈ្មោះ Kasing Lung ។ នៅឆ្នាំ ២០១៩ លោកក៏បានយល់ព្រមអនុញ្ញាតឱ្យ Pop Mart ដាក់លក់តុក្កតានេះ។
យ៉ាងណាមិញ ប្រជាប្រិយភាពរបស់ Labubu បានកើនឡើងខ្លាំងបំផុតបន្ទាប់ពីសមាជិកក្រុម BLACKPINK Lisa បានបង្ហាញថានាងមាននិងចូលចិត្តតុក្កតានេះនៅក្នុងការសម្ភាសន៍ ហើយក្រោយមកតារាល្បីៗ និងមនុស្សម្នាជាច្រើនទៀតក៏ចាប់ផ្ដើមទិញតាមនាង ៕
ប្រែសម្រួល៖ វ៉ាន់ថន