ថ្ងៃសុក្រ ទី០៦ ខែមិថុនា ឆ្នាំ២០២៥

ទោះមិនទទួលផលទ្ធផលល្អតែហ្សូលីយ៉ា រ៉ូសហ្សែល ទទួលការសរសើរពីមហាជនពីការតាំងចិត្តខ្ពស់លើឆាកអន្តរជាតិ

០៣ មិថុនា ២០២៥ | កម្សាន្ដ

 

កញ្ញា ហ្សូលីយ៉ា រ៉ូសហ្សែល ទទួលការកោតសរសើរពីអ្នកគាំទ្រ កម្ពុជា ពីការហ៊ានតាំងចិត្តខ្ពស់លើឆាកអន្តរជាតិពីការប្រកួត Miss World នៅប្រទេស ឥណ្ឌា ទោះមិនទទួលលទ្ធផលល្អក្ដី។

 

 

ការប្រកួត Miss World លើកទី៧២ ដែលរៀបចំឡើងនៅរដ្ឋ Telangana ប្រទេសឥណ្ឌា បានបញ្ចប់ទៅដោយជោគជ័យ កាលពីពេលថ្មីៗ ដោយម្ចាស់មកុដបានទៅលើបវរកញ្ញា Opal Suchata មកពីប្រទេស ថៃ។ ក្នុងនោះ បវរកញ្ញាកម្ពុជាយើងក៏មានវត្តមានក្នុងការប្រកួតនេះផងដែរ តែគួរឱ្យសោកស្តាយយើងនៅពុំទាន់អាចបំបែកកំណត់ត្រាឈានចូលដល់វគ្គ Top ចុងក្រោយនៃកម្មវិធីនេះនៅឡើយទេ។

 

 

ក្រោយចប់ការប្រកួតអន្តរនេះ កញ្ញា ហ្សូលីយ៉ា រ៉ូសហ្សែល បានវិលត្រលប់មកដល់មាតុប្រទេសដោយសុវត្ថិភាពហើយ អមដោយក្រុមការងារ និងអ្នកគ្រប់គ្រងថ្នាក់ជាតិនៃកម្មវិធី Miss World Cambodia ដែលលោក និងក្រុមការងារបានទៅចូលរួមទស្សនាការប្រកួតដោយផ្ទាល់នៅឯប្រទេសឥណ្ឌា។

 

 

អ្វីដែលគួរឱ្យភ្ញាក់ផ្អើល និងជារឿងដ៏រំភើបនោះគឺ កញ្ញា ហ្សូលីយ៉ា រ៉ូសហ្សែល ទទួលការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីលោកឧកញ្ញា ចិន សំណាង ម្ចាស់ហាងមាសពេជ្រ CSNJ ដោយលោកបានមកលើកទឹកចិត្ត កញ្ញា ហ្សូលីយ៉ា ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញអន្តរជាតិ ជាមួយកម្រងផ្កា និងបាច់ផ្កា សរុបជាទឹកប្រាក់ចំនួន ៣៦០០ដុល្លារអាមេរិក ជាការលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែង និងតស៊ូយ៉ាងស្វិតស្វាញរបស់បវរកញ្ញារូបនេះក្នុងការតំណាងកម្ពុជាទៅប្រកួតលើវេទិកាអន្តជាតិ Miss World 2025 នៅប្រទេសឥណ្ឌា។

 

 

ផ្តល់បទសម្ភាសន៍នៅច្រកចេញអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២ ខែមិថុនា ម្សិលមិញនេះ លោកឧកញ្ញា ចិន សំណាង ថា កម្រងផ្កា និងបាច់ផ្កា ជាទឹកប្រាក់ចំនួន ៣៦០០ដុល្លារអាមេរិកនេះ ជាការលើកទឹកចិត្តបន្តិចបន្តួចសម្រាប់ ហ្សូលីយ៉ា Miss World Cambodia 2025 ដែលនាងមានភាពក្លាហានក្នុងការតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិក្នុងអាយុ ១៧ឆ្នាំ ថែមទាំងការរៀបចំមានពេលវេលាតិចទៀតនោះ ជារឿងដ៏ពិបាកមែនទែន ប៉ុន្តែបវរកញ្ញារូបនេះហ៊ានលះបង់កម្លាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួនដើម្បីប្រទេសកម្ពុជា ដូច្នេះទោះបីជាពេលនេះកម្ពុជាយើងនៅពុំទាន់ទទួលបានជោគជ័យក្នុងការជាប់ក្នុងវគ្គ Top ចុងក្រោយ ក៏លោកនៅតែលើកទឹកចិត្តនាង និងជំរុញឱ្យនាងបន្តខិតខំប្រឹងប្រែង យកវេទិកានេះជាបទពិសោធន៍សម្រាប់ការប្រកួតផ្សេងទៀត។

 

 

ក្រឡេកទៅមើល កញ្ញា ហ្សូលីយ៉ា រ៉ូសហ្សែល Miss World Cambodia 2025 រំភើបខ្លាំងរកអ្វីថ្លែងពុំបាន ព្រោះនាងសឹងតែមិនជឿថា ពុកម៉ែងបងប្អូនស្រលាញ់គាំទ្រនាងច្រើនបែបនេះឡើយ ទាំងដែលនាងធ្វើមិនទាន់បានល្អសម្រាប់កម្ពុជាយើង។ ទោះជាយ៉ាងនេះក្តី នាងពិតជាមានមោទនភាពដែលបានតំណាងកម្ពុជាទៅប្រកួតលើវេទិកាអន្តរជាតិដ៏ធំនេះ ក្នុងនាមជាបវរកញ្ញាកម្ពុជានាងបានបង្ហាញឱ្យពិភពលោកឃើញពីភាពមុតស្រួចនៃធនធានកម្ពុជាយើង ព្រោះនាងទៅទីនោះមិនមែនដើម្បីខ្លួនឯង តែដើម្បីប្រទេសកម្ពុជាទាំងមូល។

 

 

ក្រោយត្រឡប់ពីការប្រកួតអន្តរជាតិនេះវិញ កូនកាត់ខ្មែរ-អង់គ្លេស ហ្សូលីយ៉ា រ៉ូសហ្សែល នឹងបន្តបេសកម្មរបស់នាងបន្តទៀត ពិសេសគម្រោង «Reading with Julia» ជាការងារមនុស្សធម៌ក្នុងការប្រម៉ូតផ្សព្វផ្សាយឱ្យធនធានជំនាន់ក្រោយចេះស្រលាញ់ការអាន និងបណ្តុះស្មារតីការអានទៅកាន់ប្អូនៗជំនាន់ក្រោយ។ បន្ថែមពីលើនោះ ហ្សូលីយ៉ា ក៏មានការងារសិល្បៈផ្សេងៗដែលត្រៀមធ្វើបន្តបន្ទាប់ទៀតផងដែរ៕

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ PNN 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025