ថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០២៥

មិនខ្វល់ពីលទ្ធផលចេញមកបែបណា ម៉ៅ វឌ្ឍនៈ យុទ្ធ ប្ដេជ្ញាធ្វើដល់ទីបញ្ចប់ដើម្បីលើកមុខមាត់ កម្ពុជា លើឆាកអន្តរជាតិ!

០៥ មិថុនា ២០២៥ | កម្សាន្ដ

 

លោក ម៉ៅ វឌ្ឍនៈ យុទ្ធ  កំពុងមានវត្តមាននៅប្រទេសថៃ ក្នុងការប្រកួតប្រជែងដណ្តើមជយលាភីពីកម្មវិធី Manhunt International លើកទី២៣។ មិនថាលទ្ធផលបែបនេះលោកបានប្ដេជ្ញាចិត្តនឹងធ្វើឱ្យបានល្អពីការតំណាងឱ្យ កម្ពុជា។

 

 

 កម្លោះសង្ហា ម៉ៅ វឌ្ឍនៈ យុទ្ធ ត្រូវតំណាងកម្ពុជាទៅចូលរួមប្រកួតកម្មវិធី Manhunt International លើកទី២៣ នៅទីក្រុងបាងកក ប្រទេសថៃ ដោយឆ្នាំនេះមានបេក្ខភាពបុរសឯកមកពី ៣៦ប្រទេសជុំវិញពិភពលោកមកចូលរួមប្រកួតប្រជែងដណ្តើមជយលាភី។ 

 

 

ក្នុងចំណោមបុរសឯកទាំង ៣៦ប្រទេស ក៏មានវត្តមានបុរសឯកពីប្រទេសកម្ពុជាផងដែរ គឺលោក ម៉ៅ វឌ្ឍនៈ យុទ្ធ ដែលពេលនេះកំពុងដាក់កាយដាក់ចិត្តប្រកួតយ៉ាងស្វិតស្វាញ ដើម្បីដណ្តើមភាពជោគជ័យឱ្យប្រទេសកម្ពុជា។

 

 

មុនចេញទៅប្រកួតលើឆាកអន្តរជាតិ Manhunt Cambodia 2025 ធ្លាប់ផ្តល់បទសម្ភាសន៍ឱ្យដឹងថា នេះជាក្តីស្រមៃដ៏ធំរបស់លោកដែលចង់តំណាងឱ្យកម្ពុជាលើឆាកអន្តរជាតិ។ ដូចនេះលោកនឹងក្តោបក្តាប់ឱកាសនេះឱ្យបានល្អបំផុត និងបង្ហាញឱ្យពិភពលោកឃើញថា បុរសឯកកម្ពុជាមានសមត្ថភាព ភាពទាក់ទាញ និងចេះបត់បែនបានគ្រប់កាលៈទេសៈ។ 

 

 

បើទោះបីជាការប្រកួតត្រូវជួបផលលំបាកច្រើន ក៏ វឌ្ឍនៈ យុទ្ធ មិនរុញរា ប៉ុន្តែលោកតាំងចិត្តថា នឹងជម្នះឧបសគ្គទាំងនោះឱ្យបាន ដើម្បីមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។ តាមការបង្ហើបបេក្ខភាពរូបនេះ ក្រៅពីឈុតប្រើប្រាស់ប្រចាំថ្ងៃលោក នឹងនាំយកនូវឈុតតំណាងជាតិដ៏ប្រណីត ប្រកបដោយអត្ថន័យជ្រាលជ្រៅបង្ហាញពីភាពរស់រវើកនៃសិល្បៈ វប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ខ្មែរយើងទៅបង្ហាញលើវេទិកាអន្តរជាតិ។ 

 

 

មិនដឹងលទ្ធផលចុងក្រោយទៅជាយ៉ាងណា តែបេក្ខភាពតំណាងកម្ពុជារូបនេះ ប្តេជ្ញាបញ្ចេញឱ្យអស់ពីសមត្ថភាពដែលមាន ដើម្បីដណ្តើមពានរង្វាន់ ឬជយលាភីណាមួយត្រឡប់មកកម្ពុជាវិញឱ្យ ប៉ុន្តែកត្តាចម្បងដែលត្រូវធ្វើនៅពេលនេះ គឺប្រត្តិបត្តិខ្លួនឱ្យល្អស័ក្កសមជាបុរសឯកតំណាងប្រទេស និងធ្វើឱ្យបានល្អបំផុតគ្រប់វិញ្ញាសារដែលស្ថាប័នអន្តរជាតិបានកំណត់៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025