ថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥

 ចាន់ ស្រីខួច ដាច់ចិត្តសម្រួចខ្លួនចូលវិស័យតន្ត្រីពេញលេញ ក្រោយរកឃើញទ្រនំកក់ក្តៅ

៣០ ឧសភា ២០២៥ | កម្សាន្ដ

 

 

លិចអណ្តែតៗលើវិស័យចម្រៀងច្រើនឆ្នាំ កញ្ញា ចាន់ ស្រីខួច រកឃើញកន្លែងដែលនាងអាចបញ្ចេញសមត្ថភាពចម្រៀងបានហើយ គឺកន្លែងតែមួយជាមួយក្រុមចម្រៀងរ៉េបដ៏ល្បី La Cima Cartel។

 

 

នៅទីបំផុត តារាចម្រៀងស្រីវ័យក្មេងពោរពេញដោយទេពកោសល្យ និងទឹកដមសម្លេងពីរោះរណ្តំ កញ្ញា ចាន់ ស្រីខួច រកឃើញទ្រនំសម្រាប់ឱ្យខ្លួនឯងបង្ហាញសមត្ថភាពចម្រៀងរបស់នាងហើយ នោះគឺ Plus 855 Music ជាកន្លែងតែមួយជាមួយក្រុមចម្រៀងរ៉េបដ៏ល្បី La Cima Cartel។

 

 

ជួបជាមួយអ្នកសារព័ត៌មានសិល្បៈភីអិនអិនក្នុងថ្ងៃប្រកាសជាសិល្បករផ្លូវការរបស់ Plus 855 ស្រីខួច ថា នាងពិតជាសប្បាយចិត្តដែលបានចូលរួមដំណើរជាមួយ  Plus 855 ក្នុងការកសាងស្នាដៃចម្រៀងថ្មីៗ។ តួយ៉ាង កន្លងទៅថ្មីៗនេះ នាងបានចាប់ដៃផលិតចម្រៀងរួមគ្នាជាមួយ Meezy 24K ចំណងជើងថា «បណ្តូលចិត្ត» ដោយបទនេះផ្ទុះការគាំទ្រយ៉ាងខ្លាំងលើសពីការរំពឹងទុករបស់នាងទៅទៀត។

 

 

ស្រីតូចច្រឡឹងរូបនេះទទួលស្គាល់ថា កន្លងមកនាងនៅលិបលរៗជាមួយវិស័យចម្រៀង ដោយសារតែមិនអាចរកកន្លែងណាដែលស័ក្កសមជាមួយខ្លួនឯង ប៉ុន្តែ Plus 855 ផ្តល់ភាពកក់ក្តៅឱ្យនាងយ៉ាងខ្លាំង ប្រៀបបីដូចផ្ទះទី២ដូច្នោះដែរ។ បើប្រៀបធៀបទៅនឹងគ្រួសារ ស្រីខួច ថា នាងដូចកូនស្រីពៅដែលបងបងមើលថែយ៉ាងដិតដល់។

 

 

 

គ្រាន់តែប្រកាសជាសិល្បករផ្លូវការក្រោមទ្រនំជាមួយក្រុមចម្រៀងរ៉េប La Cima Cartel ភ្លាម ស្រីខួច រៀបចំគម្រោងផែនការចម្រៀងថ្មីៗជាច្រើនទុកសម្រាប់កំដរអារម្មណ៍ប្រិយមិត្តទស្សនិកជន ជាពិសេស ការបង្កើតរសជាតិចម្រៀងថ្មីលាយបញ្ចូលឧបករណ៍ភ្លេងខ្មែរ ឬសិល្បៈអ្វីមួយដែលឆ្លុះបញ្ចាំងពីអត្ថសញ្ញាញខ្មែរយើង។ 

 

 

 

គួររំឮកឱ្យដឹងផងដែរថា ចាន់ ស្រីខួច មិនត្រឹមតែមានទឹកដមសំនៀងពីរោះរណ្តំប៉ុណ្ណោះទេ តែនាងជាតារាស្រីវ័យក្មេងម្នាក់ដែលពូកែតុបតែងលម្អខ្លួនឱ្យមើលទៅមានភាពទាក់ទាញស៊ីវិល័យទៀតផង។

 

 

ក្រៅពីការច្រៀង ស្រីខួច ជាតារាស្រីម្នាក់ដែលមានទីផ្សារសិល្បៈខ្ពស់ ទាំងការថតស៉្បតពាណិជ្ជកម្ម និងថតប្រម៉ូតផ្សព្វផ្សាយផ្សេងៗជាដើម ជាហេតុដែលនាងមិនដែលបាត់មុខពីសិល្បៈនោះឡើយ ទោះកន្លងមកការច្រៀងពុំសូវរលូន តែនាងតែងតែបង្ហាញខ្លួនតាមរយៈការងារសិល្បៈផ្សេងៗជារឿយៗ៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025