ថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥
ថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥
ហេតុតែចិត្តស្រលាញ់ និងជាក្តីស្រមៃតាំងពីយូរមកហើយ ពិធីករល្បីឈ្មោះលោក ប៉ែន ចំរ៉ុង សុខចិត្តបោះចោលប្រាក់ចំណូលខ្ទង់ពាន់ ហើយយកលុយខ្ទង់ម៉ឺនទៅវិនិយោគលើការផលិតខ្សែភាពយន្តខ្នាតធំមួយនេះ។
ពិធីករល្បីឈ្មោះពូកែវោហាសព្ទផ្តោះផ្តងពាក្យសម្តី លោក ប៉ែន ចំរ៉ុង បានទទួលស្គាល់ថា រយៈពេលចុងក្រោយនេះលោកពិតជាបាត់មុខពីការងារសិល្បៈមែន ដោយសារតែជាប់រវល់ធ្វើផលិតករដឹកនាំថតរឿងខ្នាតធំរឿង «ភូមិគ្រឹះម្លិះ» ដែលមានការសហការជាមួយផលិតករ អុល ចំរើន ក្នុងផលិតកម្ម 4U Media ដែលជាក្ដីស្រមៃរបស់ខ្លួន។
មែនទែនទៅ ប៉ែន ចំរ៉ុង មិនត្រឹមតែជាផលិតករដឹកនាំថតរឿងនេះប៉ុណ្ណោះទេ លោកក៏ជាតួអង្គសម្តែងម្នាក់ក្នុងរឿងនេះផងដែរ ជាហេតុធ្វើឱ្យលោកមមាញឹកខ្លាំងខកខ្លួនស្ទើរពុំរួច។ ពិធីកររូបនេះថា ដោយសារតែក្តីស្រមៃ ចិត្តស្រលាញ់ និងបំណងចង់ឱ្យសិល្បករចាស់ៗមានការងារ ទើបលោកតស៊ូពុះពារ ហ៊ានចំណាយទាំងកម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួនផលិតខ្សែភាពយន្តខ្នាតធំនេះឡើងមក។
«ភូមិគ្រឹះម្លិះ» ជាភាពយន្តបែបរន្ធត់ព្រឺព្រួច លងបន្លាច និងមានឈុតឆាកពញ្ញាក់អារម្មណ៍ទស្សនិកជនជាច្រើន ពិសេសអ្នកនិយមទស្សនារឿងបែបរន្ធត់ៗ ដឹងតែពេញចិត្តស្តូកតែម្តង។ បច្ចុប្បន្ន ពិធីករល្បីឈ្មោះរូបនេះ និងក្រុមការងារកំពុងយកចិត្តទុកដាក់ និងសម្រិតសម្រាំងខ្លាំងលើគុណភាព និងបច្ចេកទេសផ្សេងៗ ដើម្បីប្រាកដថា រឿងនេះត្រូវចិត្ត និងត្រូវតាមតម្រូវការទីផ្សារ ពេលចាប់ចាក់បញ្ចាំងលើផ្ទាំងសំពត់សរនៃរោងភាពយន្ត។
ផលិតករថ្មីថ្មោងរូបនេះ មិនអាចបញ្ជាក់ពីខ្ទង់ចំណាយលើការផលិតខ្សែភាពយន្តខ្នាតធំនេះឡើយ គ្រាន់តែបញ្ជាក់ថា ច្រើនគួរសម ដូច្នេះទើបលោកទទូចសូមឱ្យទស្សនិកជន ពុកម៉ែបងប្អូននាំគ្នាទៅទស្សនាឱ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្តផលិតករ និងតួសម្តែង ខណៈដែលពេលនេះយើងគ្មានការនាំចូលភាពយន្តពីសៀមទៀតនោះឡើយ។
លោក ប៉ែន ចំរ៉ុង ចាត់ទុកថា នេះជាឱកាសល្អដែលបណ្តាផលិតកម្ម ផលិតករ និងប្រជាពលរដ្ឋខ្មែរ ត្រូវរួបរួមគ្នាជាធ្លុងមួយ ហើយងាកមកជម្រុញខ្សែភាពយន្តខ្មែរយើងឱ្យររីកចម្រើនទៅមុខ និងសូមធ្វើការរិះគន់ក្នុងន័យស្ថាបនាជាជាងការរិះគន់បែបជាន់ពន្លិច៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងភីអិនអិន