ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥

ដើម្បីជាតិ ស៊ីន យូប៊ីន សុខចិត្តបោះបង់ការងារក្រៅស្រុកមួយចំនួនដោយមិនសោកស្តាយ 

១០ កញ្ញា ២០២៥ | កម្សាន្ដ

 

ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏តារាសម្តែងឆ្នើម កញ្ញា ស៊ីន យូប៊ីន នៅតែលើកតម្កើងមុខមាត់ប្រទេសជាតិជាធំ ដោយនាងសុខចិត្តបោះបង់ការងារក្រៅស្រុកមួយចំនួនដោយមិនសោកស្តាយប្រាក់កម្រៃ។

 

 

នេះជាការឆ្លើយតបដោយមិនស្ទាក់ស្ទើររបស់តារាសម្តែងឆ្នើមលំដាប់ប្រទេស កញ្ញា ស៊ីន យូប៊ីន ក្នុងបទសម្ភាសន៍ផ្ទាល់ជាមួយអ្នកសារព័ត៌មានសិល្បៈ កាលពីពេលថ្មីៗ ជុំវិញការចោតសួរថា «តើឆ្នាំនេះកញ្ញាមានគម្រោងទៅចូលរួមកម្មវិធីអន្តរជាតិនៅក្រៅស្រុកឬអត់?»។ សម្រាប់តារាស្រីដែលចូលចិត្តបង្ហាញទង្វើរច្រើនជាងពាក្យសម្តី ស៊ីន យូប៊ីន អ្វីដែលសំខាន់បំផុតចំពោះនាងតាំងពីដើមរហូតមកទល់ពេលនេះ គឺការការពារ និងការបង្ហាញឱ្យពិភពលោកឃើញពីអត្ថសញ្ញាណជាតិខ្មែរ ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

 

 

តួយ៉ាង កាលពីល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាបុរីកោះពេជ្រ តារាសម្តែងស្រីឆ្នើមលំដាប់ប្រទេស កញ្ញា ស៊ីន យូប៊ីន បានបង្ហាញខ្លួនយ៉ាងស្រស់ស្អាតលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្តកម្ពុជា-អាស៊ី លើកទី៣ (3rd Cambodia Asian Film Festival) ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ព្រមទាំងផលិតករភាពយន្ត សិល្បករ សិល្បការិនី និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សរុបប្រមាណ៥០០រូប។ 

 

 

ក្នុងរាត្រីដ៏អស្ចារ្យ និងគួរឱ្យចង់ចាំនេះ កញ្ញា ស៊ីន យូប៊ីន ត្រូវបានប្រកាសជាទូតសុឆន្ទៈមហោស្រពកម្ពុជាអាស៊ី លើកទី៣ ជាមួយតារាភាពយន្តហុងកុងល្បីឈ្មោះ កញ្ញា Samantha Ko។ រឹតតែពិសេស យូប៊ីន បានពាំនាំផ្ទាំងទស្សនីយភាពការសម្តែងដ៏អស្ចារ្យមួយ ជាទម្រង់សិល្បៈបង្កើតថ្មីអមភ្ជាប់ជាមួយបច្ចេកវិទ្យាទំនើប Ai មកបង្ហាញជូនថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ និងអង្គពិធីទាំងមូល ទស្សនាកម្សាន្តយ៉ាងរីករាយ។ 

 

 

នាងមានមោទនភាព និងរំភើបចំពោះតំណែងសុឆន្ទៈមហោស្រពកម្ពុជាអាស៊ី លើកទី៣ ហើយរឹតតែរំភើបខ្លាំង គឺកម្ពុជាយើងមានឱកាសធ្វើជាម្ចាស់ផ្ទះរៀបចំមហោស្រពភាពយន្តកម្ពុជា-អាស៊ី ជាថ្មីម្តងទៀត ដែលនេះសរបញ្ជាក់ឱ្យឃើញពីភាពវិជ្ជមាននៃវិស័យភាពយន្តខ្មែរដែលកំពុងបញ្ជ្រៀតខ្លួនចូលទៅទីផ្សារអន្តរជាតិបន្តិចម្តងៗ។ ម៉្យាង នេះក៏ជាការបញ្ជាក់ប្រាប់ឱ្យពិភពលោកដឹងថា ប្រទេសកម្ពុជាមានសុវត្ថិភាព និងសុខសន្តិភាពយ៉ាងពេញលេញ ប្រកបដោយស្នាមញញឹម ភាពរួសរាយរាក់ទាក់ ត្រៀមទទួលស្វាគមន៍ភ្ញៀវជាតិ-អន្តរជាតិដែលមានបំណងធ្វើដំណើរមកកម្ពុជាក្នុងន័យទាំង និងការងារធុរៈកិច្ចជាដើម។ នេះតាមការបញ្ជាក់របស់ កញ្ញា ស៊ីន យូប៊ីន។

 

 

ដោយឡែក ការដាក់បញ្ចូលផ្ទាំងទស្សនីយភាពរបាំបុរាណក្នុងមហោស្រពនេះ ជាផ្នែកមួយនៃផ្សព្វផ្សាយពីសិល្បៈវប្បធម៌ និងភាពរស់រវើកនៃរបាំខ្មែរយើង ផ្សារភ្ជាប់ជាមួយវីដេអូបង្កើតឡើងដោយបញ្ញាសប្បនិមិត្ម Ai បង្ហាញពីភាពរុងរឿងនៃអាណាចក្រខ្មែរ ការការពារ និងមនសិកាស្នេហាជាតិមាតុភូមិ។តារាសម្តែងជួរមុខលំដាប់ប្រទេសរូបនេះ ទទួលស្គាល់ថា ពេលខ្លះផ្លូវចិត្តរបស់នាងពិតជាប៉ះទង្គិចពីរឿងរ៉ាវជុំវិញខ្លួនមែន ប៉ុន្តែនាងមិនដែលខឹងស្អប់ចំពោះការរិះគន់ទាំងនោះឡើយ ព្រោះយើងតែម្នាក់មិនអាចល្អគ្រប់គ្រាន់តាមការចង់បានរបស់មនុស្សគ្រប់គ្នាឡើយ។ 

 

 

យ៉ាងណាមិញ នាងសូមឱ្យពុកម៉ែបងប្អូនផ្ទៀងផ្ទាត់ព័ត៌មាន ឬរឿងហេតុដែលបានកើតឡើងច្បាស់លាស់ មុនធ្វើការវាយប្រហារពាក្យសម្តីទៅលើបុគ្គលឬរឿងអ្វីមួយ ព្រោះអ្វីដែលយើងបានធ្វើសុទ្ធតែជះផលប៉ះទង្គិចដល់អ្នកជុំវិញខ្លួន។ ឆ្លៀតឱកាសនេះ យូប៊ីន ក៏មិនភ្លេចអរគុណទៅកាន់ទឹកចិត្តដ៏ធំធេងរបស់ពុកម៉ែបងប្អូន និងបណ្តាអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់នាង ដែលតែងតែឈរនៅក្រោយ ចាំលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់នាងគ្រប់ពេលវេលា ពិសេសពេលដែលនាងបាក់ទឹកចិត្តបំផុត គ្រប់គ្នានៅតែរួចសុខរួមទុក្ខជាមួយនាង៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025