ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥
ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធបានថ្កោលទោសការធ្វើឃាតដ៏សាហាវទៅលើសកម្មជនស្តាំនិយមលោក ឆាលី ឃើក (Charlie Kirk) ដោយហៅឃាតកម្មនេះថាជាពេលវេលាដ៏ខ្មៅងងឹតសម្រាប់អាម៉េរិក។ លោក ត្រាំ ក៏បានរិះគន់ចំពោះការបែកបាក់គ្នាផ្នែកនយោបាយនៅអាម៉េរិកថាជាកត្តាជំរុញឱ្យមានអំពើហិង្សាកាន់តែច្រើននៅសហរដ្ឋអាម៉េរិក។
លោកបានបន្ថែមថា អំពើហិង្សានយោបាយរបស់ក្រុមឆ្វេងនិយមជ្រុលបានធ្វើឱ្យប៉ះពាល់ដល់ប្រជាជនស្លូតត្រង់ដ៏ច្រើនបំផុត និងបានឆក់យកជីវិតមនុស្សច្រើនខ្លាំងណាស់ ហើយលោកបានអំពាវនាវឱ្យជនជាតិអាម៉េរិកទាំងអស់តាំងចិត្តគោរពគុណតម្លៃរបស់អាម៉េរិកចំពោះអ្វីដែលលោក ឆាលី ឃើក បានធ្វើក្នុងពេលលោកនៅរស់។
ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន នេតាន់យ៉ាហ៊ូ អតីតប្រធានាធិបតីអាម៉េរិកពីររូបគឺលោក ចូ បៃដិន និងលោក បារ៉ាក អូបាម៉ា ព្រមទាំងរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ាកូ រូប៊ីយ៉ូ ក៏បានផ្ញើសារថ្កោលទោសចំពោះការបាញ់សម្លាប់សកម្មជនស្តាំនិយមអាម៉េរិក និងជាអ្នកអត្ថាធិប្បាយដ៏ល្បីល្បាញរូបនេះផងដែរ។
សូមរំលឹកថា លោក ឆាលី ឃើក ដែលជាសម្ពន្ធមិត្តដ៏មានឥទ្ធិពលរបស់លោក ត្រាំ ត្រូវបានគេបាញចំកបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកាលពីថ្ងៃពុធនៅឯព្រឹត្តិការណ៍នៅសាកលវិទ្យាល័យមួយក្នុងរដ្ឋអូតាសហរដ្ឋអាម៉េរិក។ មកដល់ពេលនេះ គេមិនទាន់ដឹងច្បាស់ថាតើជនសង្ស័យត្រូវបានប៉ូលិសចាប់ខ្លួនបានហើយ ឬយ៉ាងណានោះទេ ហើយគេក៏មិនទាន់ដឹងអំពីមូលហេតុនៃការបាញ់ប្រហារនេះនៅឡើយដែរ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន