ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ឈាមជ័រស្មារតីខ្មែរតែមួយ តារាស្រី មាន សូនីតា ផ្តើមយុទ្ធនាការឈប់គាំទ្រ និងប្រើប្រាស់ផលិតផលថៃ និងទទូចឱ្យប្រជាពលរដ្ឋខ្មែរងាកមកគាំទ្រផលិតផលជាតិជំនួសវិញ។
មិនខុសពីសិល្បករផ្សេងៗទៀតដែលមានអារម្មណ៍ឈឺចាប់ខ្លាំងចំពោះទង្វើរឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព កញ្ញា មាន សូនីតា ឬគ្រប់គ្នាឱ្យរហ័សនាមថា រាជនីក្រម៉ា បានចេញមុខទទូចសូមអង្វរឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ឈប់គាំទ្រតារា និងផលិតផលថៃ តទៅទៀត។
កាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅ គេបានឃើញតារាស្រីរូបនេះបង្ហោះជាសាធារណៈលើទំព័រហ្វេសប៊ុកផ្លូវការរបស់នាងថា «យុទ្ធនាការណ៍ ឈប់គាំទ្រតារាថៃ និងផលិតផលថៃទៅ សុំអង្វរ» ដែលសំណេរដ៏ខ្លីរបស់នាងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីពុកម៉ែបងប្អូនប្រជាជនកម្ពុជា។
ទន្ទឹមនឹងការផ្តើមផ្តើមយុទ្ធនាការឈប់គាំទ្រ និងប្រើប្រាស់របស់ប្រទេសដែលឈ្លានពានទឹកដីខ្មែរ មាន សូនីតា ក៏ទទូចសូមឱ្យពុកម៉ែងបងប្អូនងាកមកគាំទ្រផលិតក្នុងស្រុកជំនួសវិញ ព្រោះបច្ចុប្បន្នខ្មែរយើងក៏មានផលិតផលដែលមានគុណភាពអាចផ្គត់ផ្គងតម្រូវការទីផ្សារបានផងដែរ។
មិនត្រឹមតែឈ្មុសឈ្មុលបង្កើតយុទ្ធនាការឈប់គាំទ្រ និងប្រើប្រាស់ផលិតផលថៃ តារាសម្តែងរូបស្រស់នេះ នាងថែមទាំងមានស្មារតីស្នេហាជាតិខ្ពស់ទៀតផង ដោយថ្មីៗនេះ សូនីតា បានចេញមុខធ្វើសកម្មភាពសប្បុរសធម៌ចុះជួយបងប្អូនជនភៀសសឹកតាមបន្ទាត់ព្រំដែន និងបានបង្ហោះសារវាយបកដោយមិនញញើតពួកឃ្មាំងឈ្លានពានទឹកដីខ្មែរទៀតផង។
ជាក់ស្តែង កាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅ មាន សូនីតា បានបង្ហោះឡើងថា «ខ្មែរយើងតែងតែគោរពអនុសាសន៍ និងការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល តែសៀមជាក្មេងក្បាលខូច បំភ្លៃឥតព្រំដែន!
គេខំរក្សារភាពស្ងប់ស្ងាត់ដើម្បីសន្តិភាព ហេតុអ្វីចោរឈ្លានពានមិនព្រមឈប់សោះ? វាយប្រហារនៅសមរភូមិមិនឈ្នះ មកវាយប្រហារតាមប្រព័ន្ធអុីនធឺណេតហើយបំភ្លៃការពិតទៀត ជាតិសាសន៍អ្នកឯងមានការពិតអត់? ជាតិសាសន៍អ្នកឯងស្គាល់ការពិតអត់?
ផ្តើមសង្គ្រាមក៏ជាអ្នក មិនព្រមបញ្ចប់សង្គ្រាមក៏ជាអ្នក បំផ្លាញទ្រព្យសម្បិត្តខ្មែរដែលជាសម្បត្តិបេតិកភណ្ឌអន្តរជាតិក៏ជាអ្នក ចង់ដណ្តើមទឹកដីខ្មែរក៏ជាអ្នក បំភ្លៃការពិតចោទប្រកាន់ខ្មែរក៏ជាអ្នក»៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ភីអិនអិន និងហ្វេសប៊ុក