ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
មិនអាចឱបដៃឈរទ្រាំមើលទង្វើដ៏អសីលធម៌របស់បុគ្គលអគតិ ណាវ៉ាត់ និងតារា ល្បីៗច្រើនទៀត តារាចម្រៀងឯករាជ្យ ម៉ុង ម៉ានិត បង្ហោះសារពាក្យសម្តីដ៏មុតស្រួចឆ្លើយតបទៅវិញដោយមិនញញើតខ្លាចអ្វីទាំងអស់។
អត់ទ្រាំចំពោះទង្វើអសីលធម៌របស់បុគ្គលអគតិ ណាវ៉ាត់ អ៊ីសារ៉ាក្រៃសីល អ្នកគ្រប់គ្រងកម្មវិធី Miss Universe Thailand រួមនឹងតារា ថៃ ជាច្រើន ដែលព្រហើនហ៊ានវាយប្រហារ បង្កាច់បង្ខូច និងប្រមាថតិះដៀលប្រមុខថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងធ្ងន់ធ្ងរ តារាចម្រៀងឯករាជ្យ និងជាអ្នកនិពន្ធល្បីឈ្មោះ លោក ម៉ុង ម៉ានិត មិនសំចៃដៃចេញមុខព្រលះបុគ្គលអគតិរូបនេះផ្អើលអស់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។
យោងតាមការបង្ហោះជាសាធារណៈលើទំព័រហ្វេសប៊ុក Manith Jupiter នៅព្រឹកមិញនេះ ម្ចាស់បទ «មាននាងក៏ធុញ គ្មាននាងក៏ធុញ» បានប្រើប្រាស់ពាក្យពេចន៍ធ្ងន់ៗស្តាប់ទៅមុតស្រួចវាយបកទៅបុគ្គលអគតិ ណាវ៉ាត់ ដោយគ្មានភាពញញើតកោតខ្លាចអ្វីទាំងអស់ បង្ហាញភាពមុះមុតក្នុងការការពារកត្តិយសដ៏ខ្ពង់ខ្ពស់ និងភាពថ្លៃថ្នូររបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលប្រជាជនខ្មែរគោរព ស្រលាញ់ និងដឹងគុណយ៉ាងជ្រាលជ្រៅ។
តួយ៉ាង ប៉ុន្មានថ្ងៃកន្លងមកនេះ ម៉ានិត មិនឱបដៃសំងំមើលបុគ្គលជ្រុលនិយមថៃវាយប្រហារមកលើកម្ពុជានោះឡើយ ដោយលោកបានលូកដៃឈឺឆ្អាលគ្រប់រឿងទាំងអស់ដែលមានកើតឡើងលើមកលើប្រទេសកម្ពុជា មិនឱ្យជាតិសាសន៍ផ្សេងប្រមាថម៉ាកងាយខ្មែរយើងបានឡើយ។
ក្នុងនាមជាប្រជាជនកម្ពុជា និងជាកូនខ្មែរដែលកើតមកលើទឹកដីព្រះរាជាណាចក្រកម្ពុជា មិនមែនមានតែ លោក ម៉ុង ម៉ានិត ម្នាក់នោះឡើយ ដែលផ្ទុះកំហឹងវាយបកទៅកាន់តែបុគ្គលជ្រុលនិយមថៃ តែក៏មានសិល្បករជាច្រើនរូបទៀតដែលចេញមុខធ្វើសង្គ្រាមពាក្យសម្តីជាមួយបុគ្គលជ្រុលនិយមថៃ ពិសេសគឺបុគ្គលអគតិ ណាវ៉ាត់ តែម្តង ថែមទាំងនាំគ្នាប្រឆាំងក្នុងការប្រើប្រាស់ផលិតផលថៃទៀតផង ដែលនេះបង្ហាញពីស្មារតីជាតិនិយមយ៉ាងខ្លាំងក្លាពីសំណាក់តារាខ្មែរយើង៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ភីអិនអិន និងហ្វេសប៊ុក