ថ្ងៃអង្គារ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥

លោក ម៉ាឌូរ៉ូ ថា ការវាយប្រហាររបស់អាម៉េរិកលើនាវាថ្មីៗនេះគឺជាការឈ្លានពានវេណេស៊ុយអេឡា

១៦ កញ្ញា ២០២៥ | ព័ត៌មានអន្តរជាតិ

រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបង្កើតវត្តមានយោធាអាម៉េរិកនៅសមុទ្រខារីប៊ីនខាងត្បូងជិតប្រទេសវេណេស៊ុយអេឡា ដែលជាផ្នែកមួយនៃការបង្ក្រាបអ្នកជួញដូរគ្រឿងញៀន ។

 

 

 

យ៉ាងណាមិញ កាលពីថ្ងៃចន្ទលោក ត្រាំ បាននិយាយថា យោធាអាម៉េរិកបានវាយប្រហារនាវាមួយគ្រឿងដែលដឹកគ្រឿងញៀនទៅអាម៉េរិកបណ្ដាលឱ្យស្លាប់មនុស្ស៣នាក់នៅដែនសមុទ្រអន្តរជាតិ ដែលជាការវាយប្រហារលើកទីពីរក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ។

 

 

នៅក្នុងខែនេះ ការវាយប្រហាររបស់អាម៉េរិកនៅសមុទ្រខារីប៊ីនបានសម្លាប់មនុស្ស១១នាក់ និងបានពន្លិចនាវាមកពីប្រទេសវេណេហ្ស៊ុយអេឡាដែលលោក ត្រាំ បានអះអាងថាកំពុងដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ទៅកាន់សហរដ្ឋអាម៉េរិក។

 

 

ពាក់ព័ន្ធនឹងការវាយប្រហារនេះ លោក ម៉ាឌូរ៉ូ បានចាត់ទុកទង្វើនេះថាមិនមែនជាភាពតានតឹងរវាងប្រទេសទាំងពីរទេ ប៉ុន្តែវាជាទង្វើនៃការឈ្លានពានរបស់អាម៉េរិកលើវេណេស៊ុយអេឡា។ លោក ម៉ាឌូរ៉ូ បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយដែលមានការចូលរួមពីមេទ័ពកំពូលៗ និងមន្ត្រីដទៃទៀតកាលពីថ្ងៃចន្ទថា ទង្វើនេះគឺជាការឈ្លានពាននយោបាយ ការឈ្លានពានការទូត និងការឈ្លានពានបែបយោធា។

 

 

លោកម៉ាឌូរ៉ូ បានបន្ថែមថា រដ្ឋាភិបាលអាម៉េរិកកំពុងព្យាយាមបង្ហាញភាពត្រឹមត្រូវរបស់ពួកគេចំពោះការចាប់ផ្តើមនូវការវាយប្រហារបែបឧក្រិដ្ឋកម្មទៅលើប្រទេសរបស់លោក៕


ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025