ថ្ងៃអង្គារ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥
លោក Mike Johnson ប្រធានសភា ,ថ្នាក់ដឹកនាំសភា, និងសមាជិកសភា បានប្រារព្ធពិធីគោរពវិញ្ញាណខន្ធលោក Charlie Kirk នៅសាល Statuary Hall នៅវិមានកាពីតូល នៅថ្ងៃច័ន្ទ(១៥កញ្ញា)។
តាមរូបភាព គេនឹងឃើញវត្តមានសមាជិកសភាជាច្រើនរូបកាន់ភ្លើងទៀត នៅពេលពួកគេជួបជុំនៅជុំវិញរូបថតរបស់លោកKirk និងគ្រួសាររបស់លោក។
លោកKirk ជាសហស្ថាបនិកនៃក្រុមនិស្សិតប្រកាន់គោលជំហរអភិរក្សនិយម(Turning Point USA ឬចំណុចរបត់នៃសហរដ្ឋអាមេរិក) និងជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ប្រធានាធិបតីTrump។ លោកKirk ត្រូវបានបាញ់សម្លាប់កាលពីសប្តាហ៍មុន ដោយខ្មាន់កាំភ្លើងម្នាក់បាញ់ចេញពីដំបូលអាគារមួយ អំឡុងពេលកម្មវិធីនៅទីវាលខាងក្រៅដែលមានអ្នកចូលរួម៣០០០នាក់ នៅមហាវិទ្យាល័យ Utah Valley University។
អ្នកនយោបាយគណបក្សសាធារណៈរដ្ឋជាច្រើន រួមមានទាំងលោកប្រធានាធិបតីTrump ភ្លាមៗយ៉ាងឆាប់រហ័សបានដាក់ការស្តីបន្ទោស ទៅលើក្រុមនយោបាយឆ្វេងនិយម ដោយនិយាយថា ក្រុមអ្នកនយោបាយសេរីនិយម កំពុងចែកចាយយ៉ាងសុះសាយ ឱ្យកើតមានការស្អប់ខ្ពើមយ៉ាងខ្លាំង ប្រឆាំងនឹងក្រុមនយោបាយអភិរក្ស ហើយការស្អប់បែបនេះ អាចជំរុញឱ្យកើតមានការប្រព្រឹត្តអំពើហឹង្សា។
អ្នកនយោបាយគណបក្សប្រជាធិបតេយ្យ ដែលជាទូទៅតែងតែបដិសេធហិង្សានយោបាយនិងអំពាវនាវឱ្យមានច្បាប់គ្រប់គ្រងអាវុធយ៉ាងតឹងរឹងនោះ បានតបតទៅលោកប្រធានាធិបតិTrump វិញថា លោកTrump ខ្លួនឯងតែងតែប្រើវោហាសាស្ត្ររលាក ដើម្បីបង្អាប់សត្រូវនយោបាយ ចៅក្រម និងប្រព័ន្ធផ្សព្វផ្សាយ។
ប្រែសម្រួល៖ណាវ័ន្ត