ថ្ងៃអង្គារ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥

រយៈពេល ៨ខែ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ឈានដល់ ៤២ពាន់លានដុល្លារ

១៦ កញ្ញា ២០២៥ | សេដ្ឋកិច្ច

 

នៅក្នុងរយៈពេល ៨ខែ ដើមឆ្នាំ ២០២៥នេះ ប្រទេសកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មអន្តរជាតិជាង ៤២ពាន់លានដុល្លារអាមេរិក មានការកើនឡើង ១៥% បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យផ្លូវការចេញផ្សាយដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។  អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៥ កម្ពុជា សម្រេចបានការនាំចេញជាង ២០ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ១៤% ខណៈនៅពេលដូចគ្នា ឆ្នាំ ២០២៤ កម្ពុជា នាំចេញទៅកាន់ទីផ្សារអន្តរជាតិជាង ១៧ពាន់លានដុល្លារអាមេរិក។

 


ទន្ទឹមគ្នានេះ កម្ពុជា បាននាំចូលទំនិញជិត ២២ពាន់លានដុល្លារអាមេរិក ដែលមានការកើនឡើង ប្រហែល ១៦% ប៉ុន្តែវាបានធ្វើឲ្យ កម្ពុជា កើតមានឱនភាពពាណិជ្ជកម្មជាង ១ពាន់ ៧រយលានដុល្លារអាមេរិក។

 


អំឡុងពេល ៨ខែនេះ ចិន គឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដោយការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន មានទំហំ ១ពាន់លានដុល្លារអាមេរិក ដោយការនាំចូលមកកាន់កម្ពុជាវិញ មានដល់ទៅ ១១ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យ កម្ពុជា កើតនូវឱនភាពពាណិជ្ជកម្មជាង ១០ពាន់លានដុល្លារអាមេរិក ជាមួយនឹងប្រទេសចិន។

 


រីឯ អាមេរិក ឈរនៅលំដាប់លេខ ២ ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា ប្រមាណ ៨ពាន់ ៥រយលានដុល្លារអាមេរិក ដោយក្នុងនោះ កម្ពុជា នាំចេញទំនិញទៅកាន់អាមេរិកជាង ៨ពាន់ រយលានដុល្លារអាមេរិក ខណៈកម្ពុជា នាំចូលមកជាង ២៤៣លានដុល្លារអាមេរិក។

 


ទន្ទឹមគ្នា វៀតណាម ឈរនៅលំដាប់លេខ ៣ ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា គិតជាទឹកប្រាក់ប្រមាណ ៥ពាន់ ៥រយលានដុល្លារអាមេរិក ដោយក្នុងនោះ កម្ពុជា នាំចេញទំនិញទៅកាន់វៀតណាមជាង ២ពាន់ ៧រយលានដុល្លារអាមេរិក ខណៈកម្ពុជា នាំចូលមកវិញជាង ២ពាន់ ៨រយលានដុល្លារអាមេរិក ប្រហាក់ប្រហែលគ្នា។
សម្រាប់មុខទំនិញសំខាន់ៗ ដែលកម្ពុជា នាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន ផលិតផលវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ផលិតផលកសិកម្ម គ្រឿងអេឡិចត្រូនិក ឧបករណ៍អគ្គិសនី និងផលិតផលកង់ជាដើម។

 


សូមជម្រាបថា ក្នុងឆ្នាំ ២០២៤កន្លងទៅនេះ ប្រទេសកម្ពុជា សម្រេចបាននូវ ការនាំចេញ-នាំចូលទំនិញទៅកាន់ទីផ្សារអន្តរជាតិប្រមាណ ៥៤ពាន់លានដុល្លារអាមេរិក មានការកើនឡើង ១៧% ដោយ កម្ពុជា សម្រេចបានការនាំចេញជាង ២៦ពាន់លានដុល្លារអាមេរិក កើនឡើង ១៥% និងការនាំចូលមកវិញ ប្រមាណ ២៨ពាន់លានដុល្លារអាមេរិក ដែលមានការកើនឡើង ប្រហែល ១៨% ហើយវាបានធ្វើឲ្យ កម្ពុជា សម្រេចឱនភាពពាណិជ្ជកម្មប្រមាណ ២,៣ពាន់លានដុល្លារអាមេរិក៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ
 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025