ថ្ងៃអង្គារ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥

ការចរចាពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចអាមេរិក និងចិន ឈានដល់ជុំចុងក្រោយ

១៦ កញ្ញា ២០២៥ | សេដ្ឋកិច្ច

 

ការចរចាពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចអាមេរិក និងចិន ឈានដល់ជុំទី ៤ ដែលជាជុំចុងក្រោយ ហើយកំពុងធ្វើឡើងនៅប្រទេសអេស្ប៉ាញ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែកញ្ញានេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង ២ របស់ពិភពលោកគឺអាមេរិក និងចិន បានរៀបចំកិច្ចចរចាចំនួន ៣លើករួចមកហើយ ចាប់តាំងពីខែឧសភា នៅទីក្រុងហ្សឺណែវ ទីក្រុងឡុងដ៍ និងរដ្ឋធានី Stockholm។

 


កិច្ចចរចាជុំទី១ ដែលបានធ្វើឡើងនៅទីក្រុងហ្សឺណែវ កាលពីពាក់កណ្តាលខែឧសភា បានកត់សម្គាល់ពីការចូលរួមទ្វេភាគីលើកដំបូង ចាប់តាំងពីអាមេរិក បានដាក់ពន្ធលើទំនិញរបស់ចិន ដែលកិច្ចចរចានេះ តត្រូវបានដឹកនាំដោយលោក He Lifeng ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងលោក Scott Bessent រដ្ឋលេខាធិការរតនាគារសហរដ្ឋអាមេរិក ដើម្បីរក្សាទំនាក់ទំនងជាប្រចាំលើទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

 


បន្ទាប់ពីកិច្ចពិភាក្សានេះ ភាគីទាំង ២ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយប្រកាសអំពីវិធានការកែសម្រួលពន្ធ រួមទាំងការផ្អាករយៈពេល ៩០ថ្ងៃនៃពន្ធចំនួន ២៤% របស់សហរដ្ឋអាមេរិក រួមជាមួយនឹងវិធានការតបតពីប្រទេសចិនផងដែរ។ប្រហែលមួយខែក្រោយមក នៅទីក្រុងឡុងដ៍ ភាគីទាំង ២ បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍មួយ ដើម្បីអនុវត្តក្របខ័ណ្ឌទីក្រុងហ្សឺណែវ និងពង្រឹងវឌ្ឍនភាព។

 


ជាមួយនឹងការផ្អាកពន្ធគយរយៈពេល ៩០ថ្ងៃបានឈានដល់ នៅក្នុងកិច្ចពិភាក្សាទីក្រុងហ្សឺណែវដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី ១២ ខែសីហា កិច្ចចរចាជុំទី ៣ បានធ្វើឡើងនៅរដ្ឋធានី Stockholm ប្រទេសស៊ុយអែត នៅចុងខែកក្កដា។កិច្ចប្រជុំរយៈពេល ២ថ្ងៃបានឃើញថា ភាគីទាំងពីរបានយល់ព្រមក្នុងការជំរុញឱ្យមានការពន្យារពេលលើពន្ធគយចំនួន ២៤% របស់សហរដ្ឋអាមេរិក និងវិធានការតបតរបស់ប្រទេសចិន។

 


យោងតាមសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយនៅជុំទី ៤នេះ សហរដ្ឋអាមេរិក នឹងបន្តការព្យួរពន្ធលើប្រទេសចិនរយៈពេល ៩០ថ្ងៃទៀត ហើយប្រទេសចិន ក៏នឹងបន្តផ្អាកការដំឡើងពន្ធរបស់ខ្លួនលើទំនិញរបស់សហរដ្ឋអាមេរិក សម្រាប់រយៈពេល ៩០ថ្ងៃ។ នេះមានន័យថា ការផ្អាកលើកដំបូងដែលបានឈានដល់ក្នុងអំឡុងកិច្ចចរចាក្រុងហ្សឺណែវនឹងនៅតែមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី ២០ ខែវិច្ឆិកា។

 


សូមជម្រាបថា ទោះបីជាប្រទេសទាំង ២ រហូតមកដល់ពេលនេះ បានបរាជ័យក្នុងការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលនឹងដកពន្ធរបស់លោក ដូណាល់ ត្រាំ មកវិញ អ្នកជំនាញយល់ឃើញថា ប្រទេសចិន និងសហរដ្ឋអាមេរិក កំពុងឆ្ពោះទៅរកទិសដៅត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មតាមរយៈការសន្ទនា និងការពិគ្រោះយោបល់៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025