ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥

ក្រុមហ៊ុនធំមួយរបស់ចិន គ្រោងបោះទុនវិនិយោគ ក្នុងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ទំនើបនៅកម្ពុជា 

១២ កញ្ញា ២០២៥ | សេដ្ឋកិច្ច

 

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្រុមហ៊ុនដ៏ធំមួយ និងឈានមុខគេពីខេត្ត Guilin នៃប្រទេសចិន គ្រោងបោះទុនវិនិយោគ ក្នុងគម្រោងអភិវឌ្ឍទេសចរណ៍ដ៏ទំនើប និងប្រើប្រាស់បញ្ញាសប្បនិមិត្តនៅកម្ពុជា។ 

 

 

ក្នុងជួបសំដែងការគួរសម ពិភាក្សាការងាររវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក MA Tieqiao អគ្គនាយកក្រុមហ៊ុន Guilin Junda Transportation ដើម្បីស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ព្រមទាំងកិច្ចសហការគាំទ្រលើគម្រោងវិនិយោគ ក្នុងវិស័យទេសចរណ៍ ត្រូវបានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងថា ក្រុមហ៊ុនដ៏ធំ និងឈានមុខគេ Guilin Junda Transportation មកពីខេត្ត Guilin នៃសាធារណៈរដ្ឋប្រជាមានិតចិន គ្រោងបោះទុនវិនិយោគ ក្នុងគម្រោងអភិវឌ្ឍទេសចរណ៍ដ៏ទំនើប និងប្រើប្រាស់បញ្ញាសប្បនិមិត្តនៅកម្ពុជា ខណៈរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្វាគមន៍ រាល់ការវិនិយោគលើវិស័យទេសចរណ៍ ក្នុងប្រទេសកម្ពុជា និងបានស្នើឱ្យក្រុមហ៊ុនខាងលើ រៀបចំគម្រោងវិនិយោគ ឱ្យបានរួចរាល់ និងបញ្ជូនមករាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យ និងសម្រេច ក្នុងន័យពង្រឹងទំនាក់ទំនង ជាមួយវិស័យឯកជនកម្ពុជា និងកៀរគរអ្នកវិនិយោគមកបណ្តាក់ទុនលើការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត។

 


ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជំនួបនាពេលនេះ ជាជំហានមួយឈានទៅដល់ការអនុវត្តជាក់ស្តែង នៃគម្រោងវិនិយោគដ៏ធំ និងមានសារៈសំខាន់ ដល់វិស័យវិនិយោគ ដូច្នេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជូនពរ ដល់អគ្គនាយកក្រុមហ៊ុន និងសហការី ឱ្យទទួលបានជោគជ័យប្រកបដោយផ្លែផ្កា ក្នុងដំណើរទស្សនកិច្ចសិក្សាសមិទ្ធិភាពនៃគម្រោងវិនិយោគ នៅកម្ពុជានាពេលនេះ។

 


លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើមបោះទុនវិនិយោគរបស់ក្រុមហ៊ុន ដែលបានចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍ ប្រកបដោយថាមពលរបស់កម្ពុជា ដែលជាទីផ្សារទើបនឹងរះ ព្រមទាំងការជឿជាក់ដ៏មុតមាំ លើការដឹកនាំប្រកប ដោយគតិបណ្ឌិតត្រឹមត្រូវ និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបន្តធានានូវកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ជួយឱ្យមានការអភិវឌ្ឍន៍ឥតឈប់ឈរ លើគ្រប់វិស័យជាពិសេស ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដល់វិស័យទេសចរណ៍ និងការធានាសុខសុវត្ថិភាព ដល់អ្នកទេសចរជាតិ និងអន្តរជាតិ។

 


សូមជម្រាបថា បើតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ប្រទេសចិន បានឈរលំដាប់លេខ១ ដែលបានមកដាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេនៅឆ្នាំ២០២៤ ក្នុងទំហំទឹកប្រាក់ ៣,៤៥ពាន់លានដុល្លារអាមេរិក ដែលបានរួមចំណែកប្រមាណ ៥០% នៃទុនវិនិយោគសរុបដែលកម្ពុជា ទទួលបាន ៦ពាន់លានដុល្លារអាមេរិក៕
 

 

 

អត្ថបទ៖ ថុន សុកតុមាលា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025