ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥
តារាចម្រៀងរ៉េបកូរ៉េ និងជាមេក្រុម BTS - RM បានប្រារព្ធខួបកំណើតរបស់ខ្លួនដោយបានធ្វើការបរិច្ចាគសប្បុរសធម៌ដ៏មានអត្ថន័យសម្រាប់មន្ទីរពេទ្យចំនួនពីរ។ប្រធានក្រុមចម្រៀងកូរ៉េ BTS RM នៅថ្ងៃទី 12 ខែកញ្ញានេះបានបរិច្ចាគដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Seoul Asan និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រសាកលវិទ្យាល័យកូរ៉េ នូវថវិកាចំនួន 100 លានវ៉ុន ស្មើនឹងប្រហែល 72,000 ដុល្លារ ក្នុងមួយមន្ទីរពេទ្យ ដែលសរុបទាំងអស់គឺចំនួន 200 លានវ៉ុន ឬប្រហែល 14 ម៉ឺនដុល្លារ។
តារាចម្រៀងដែលទើបឈានចូលវ័យ 31 ឆ្នាំរូបនេះបានកត់សម្គាល់ថា លោកសម្រេចចិត្តបរិច្ចាគព្រោះចង់ចូលរួមចំណែកក្នុងការងារដ៏មានអត្ថន័យសម្រាប់ខួបកំណើតខ្លួន។ លោកសង្ឃឹមថា ការបរិច្ចាគនេះ នឹងក្លាយជាជំនួយតិចតួចដល់អ្នកជំងឺដែលត្រូវការការព្យាបាល ប៉ុន្តែកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ។
តាមរយៈជំនួយបរិច្ចាគនេះ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Seoul Asan គ្រោងនឹងយកទៅប្រើប្រាស់ដើម្បីជួយរ៉ាប់រងថ្លៃព្យាបាល និងវះកាត់សម្រាប់អ្នកជំងឺងាយរងគ្រោះ ឬជួបការលំបាកផ្នែកហិរញ្ញវត្ថុ ខណៈមជ្ឈមណ្ឌលវេជ្ជសាស្ត្រសាកលវិទ្យាល័យកូរ៉េនឹងប្រើប្រាស់ការបរិច្ចាគរបស់លោកដើម្បីកែលម្អបរិយាកាសព្យាបាល និងពង្រីកសេវាកម្មវេជ្ជសាស្រ្តរបស់ខ្លួន។
កើតនៅថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 1994 ជាមួយឈ្មោះកំណើត Kim Nam-joon, RM ត្រូវបានអ្នកគាំទ្រខេប៉ុបស្គាល់យ៉ាងច្បាស់ក្នុងនាមជាប្រធានក្រុម BTS ដែលមានសមត្ថភាពខ្លាំងខាងរ៉េប និងនិពន្ធចម្រៀងផងដែរ។ លោកបានចាប់ផ្ដើមប្រើឈ្មោះ RM ជាឈ្មោះក្នុងសិល្បៈចាប់តាំងពីឆ្នាំ 2017។
ក្នុងឆ្នាំ 2015 RM បានចេញអាល់ប៊ុម “mixtape” ដំបូងរបស់ខ្លួន និងបានចេញអាល់ប៊ុមទោលទីពីរមានចំណងជើងថា 'Mono' ក្នុងឆ្នាំ 2018។ កាលពីថ្ងៃទី 10 ខែមិថុនា លោកបានបញ្ចប់កាតព្វកិច្ចយោធាកាលជាមួយមិត្តរួមក្រុម V បន្ទាប់ពីបានបំពេញការងារបម្រើជាតិរយៈពេល 18 ខែ ៕
ប្រែសម្រួល៖ វ៉ាន់ថន