ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥

ម៉ូដែលល្បីៗពោរពេញដោយសមត្ថភាព ផន ស្រីពី , ឈុំ ចាន់ដារ៉ា និង មាលា ត្រូវបានជ្រើសរើសទៅដើរម៉ូដលំដាប់អន្តរជាតិ New York Fashion Week 2025  

១១ កញ្ញា ២០២៥ | កម្សាន្ដ

 

កៀកដល់ថ្ងៃដើរម៉ូដកម្មវិធីលំដាប់អន្តរជាតិ New York Fashion Week នៅសហរដ្ឋអាមេរិក អ្នកច្នៃម៉ូដស្រីដំបូងគេរបស់កម្ពុជា កញ្ញា តាំង សុខហុង ទម្លាយមូលហេតុពិតពីក្រោយការជ្រើសរើសតារាស្រី និងបវរកញ្ញា ត្រឹមតែ ៣រូប គឺ ផន ស្រីពី , ឈុំ ចាន់ដារ៉ា និង មាលា ទៅដើរម៉ូដកម្មវិធីនេះ។

 

 

ជាលើកដំបូងដែលអ្នកច្នៃម៉ូដស្រីរបស់កម្ពុជា កញ្ញា តាំង សុខហុង ធ្វើការនាំយកសម្លៀកបំពាក់ច្នៃពីថ្វីដៃកូនខ្មែរសុទ្ធសាធក្រោមស្លាកយីហោ ALmée Couture (អាល់មី ខនតួ) ទៅចូលរួមដើរបង្ហាញម៉ូដ ក្នុងកម្មវិធីលំដាប់អន្តរជាតិ New York Fashion Week 2025 Spring/Summer ’26 នៅទីក្រុងញ៉ូយ៉ក សហរដ្ធអាមេរិក នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង 7:00 យប់ (ម៉ោងនៅសហរដ្ឋអាមេរិក)។

 

 

ក្នុងនោះ អ្នកច្នៃម៉ូដ តាំង សុខហុង នឹងបញ្ចេញស្នាដៃច្នៃម៉ូដដ៏ប្រណីតជិត២០ឈុត ដើម្បីបង្ហាញលើឆាកអន្តរជាតិមួយនេះ។ គំនិតសំខាន់បង្កប់ដោយអត្ថសញ្ញាណខ្មែរ និងត្រូវឆ្លុះបញ្ចាំងនៅលើឈុតទាំងនេះ ស្របពេលដែលអ្នកតាមដានវិស័យហ្វេសសិនលើកឡើងថា សុខហុង មានជំនាញលើការរចនាឈុតបានស្រស់ស្អាត ពិសេសគឺការប៉ាក់ឌិនដែលធ្លាប់បានសាងភាពលេចធ្លោជាច្រើនដងរហូតទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាកាលពីពេលកន្លងមក។

 

 

ពាក់ព័ន្ធឈុតសម្លៀកបំពាក់ដែលត្រៀមនាំទៅដើរម៉ូដក្នុងកម្មវិធី New York Fashion Week 2025 Spring/Summer ’26  មានឈ្មោះថា «Spirit Of The Forgotten» ជា Collection ថ្មីសន្លាងច្នៃឡើងយ៉ាងពិសេសបំផុង ប្រកបដោយភាពផ្ចិតផ្ចង់ ភាពរស់រវើកនៃដួងព្រលឹងសិល្បៈ និងអត្ថសញ្ញាណខ្មែរយើង។

 

 

បន្ថែមពីលើអត្ថន័យនៃឈុតសម្លៀកបំពាក់ អ្នកច្នៃម៉ូដវ័យក្មេងពោរពេញដោយទេពកោសល្យរូបនេះ ក៏នាំតារាស្រី និងបវរកញ្ញា ៣រូប ទៅចូលរួមដើរបង្ហាញម៉ូដក្នុងកម្មវិធី New York Fashion Week 2025 Spring/Summer ’26 នេះផងដែរ គឺ កញ្ញា ផន ស្រីពី Miss Cosmo Cambodia 2025, កញ្ញា ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2024 និង តារាស្រីកូនកាត់ ២ សាសន៍ ខ្មែរ-បារាំង កញ្ញា មាលា ខនស្តេនទីន (Melia Constantin)។ ជាមួយគ្នានេះ សុខហុង ក៏បានទម្លាយឱ្យដឹងមូលហេតុពីក្រោយការសម្រេចចិត្តជ្រើសរើសយកតារាស្រី និងបវរកញ្ញាត្រឹមតែ ៣រូប ទៅចូលរួមដើរម៉ូដកម្មវិធីលំដាប់អន្តរជាតិនេះផងដែរ។

 

 

សូមជម្រាបឱ្យដឹងថា ពេលនេះអ្នកច្នៃម៉ូដវ័យក្មេងកម្ពុជា កញ្ញា តាន់ សុខហុង និង តារាស្រី និងបវរកញ្ញា ៣រូប គឺ ផន ស្រីពី , ឈុំ ចាន់ដារ៉ា និង មាលា បានធ្វើដំណើរទៅដល់ទឹកដីសហរដ្ឋអាមេរិកដោយសុវត្ថិភាពហើយ និងបានកំពុងត្រៀមសម្រាប់កម្មវិធី New York Fashion Week 2025 Spring/Summer ’26 នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ក្រៅពី កញ្ញា ផន ស្រីពី , ឈុំ ចាន់ដារ៉ា និង មាលា ក៏នឹងមានតារាម៉ូដែលអន្តរជាតិជាច្រើនរូបទៀតដែលនឹងត្រូវស្លៀកឈុតច្នៃឡើងដោយប្រេនកូនខ្មែរ ALmée Couture (អាល់មី ខនតួ) ដើម្បីដើរបង្ហាញម៉ូដក្នុងកម្មវីធី Fashion Show ដ៏ធំលំដាប់អន្តរជាតិនេះ៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025