ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥
ធ្លាប់តែឃើញកាន់ម៉ៃក្រូហ្វូនច្រៀងលើឆាក ស្រាប់តែលើកនេះ តារាចម្រៀង SK ប្តូរមកដើរបង្ហាញម៉ូដវិញម្តង ទោះមិនធ្លាប់ហាត់រៀនដើរ តែនាងធ្វើបានល្អមិនចាញ់អ្នកអាជីពប៉ុន្មានឡើយ។
តារាចម្រៀងសាច់សរខ្ចីដូចបណ្តូលចេក កញ្ញា SK បានធ្វើឱ្យមហាជន និងអ្នកគាំទ្រនាងភ្ញាក់ផ្អើលជាខ្លាំង ក្រោយបង្ហាញវត្តមានក្នុងកម្មវិធីសន្និសីទសារព័ត៌មានពីការត្រៀមនាំស្លាកយីហោសម្លៀកបំពាក់ ALmée Couture (អាល់មី ខនតួ) ទៅចូលរួមដើរបង្ហាញម៉ូដកម្មវិធី fashion show លំដាប់អន្តរជាតិ New York Fashion Week 2025 នៅទីក្រុងញ៉ូយ៉ក សហរដ្ធអាមេរិក នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។
គួរឱ្យកត់សម្គាល់ ដៃគូចម្រៀងដ៏ស្និទ្ធស្នាលរបស់ Step មិនបានតែងខ្លួនស្អាតៗចូលរួមក្នុងនាមជាភ្ញៀវកិត្តិយសនោះទេ តែ កញ្ញា ជាតារាបង្ហាញម៉ូដម្នាក់ដែលដើរបើកក្បាលឱ្យ fashion show នោះតែម្តង។
ផ្តល់បទសម្ភាសន៍ក្រោយចប់ការដើរបង្ហាញម៉ូដ ម្ចាស់បទ «សំខាន់ច្រើននាក់» ថា នេះជាលើកទីមួយសម្រាប់នាងដែលចូលរួមដើរបង្ហាញម៉ូដចំពោះមុខសាធារណជន ទាំងមិនធ្លាប់រៀនដើរម៉ូដពីមុនមកសោះតែម្តង។ គ្រប់យ៉ាងកើតឡើងបានដោយសារការស្រលាញ់ និងការតាំងចិត្ត ទើបអាចបានល្អដូចអ្វីដែលបានឃើញ។
ដ្បិតនេះជាដំបូងដែលតារាចម្រៀង SK បង្ហាញសមត្ថភាពដើរម៉ូដក៏ពិតមែន តែកន្លងមកស្រីស្រស់សោភារូបនេះ តែងលេចមុខក្នុងទស្សនាវដ្តីល្បីប្រចាំកម្ពុជា Prestige ជាញឹកញយ។
ជាមួយនឹងរូបសម្រស់ ការតុបតែងខ្លួន គួបផ្សំជាមួយសមត្ថភាព ច្រៀង រាំ និងសម្តែងបានយ៉ាងល្អ ធ្វើឱ្យតារាស្រីរូបនេះច្បាមបានប្រជាប្រិយភាពខ្លាំងយ៉ាងឆាប់រហ័ស ថែមទាំងទាក់ទាញប្រេនធំៗជាច្រើនបានទាក់ទងដើម្បីផ្សាយពាណិជ្ជកម្ម និងធ្វើជាអ្នកតំណាង ឬបង្ហាញផលិតផលទៀតផង។ ឆាប់ៗនេះ ប្រិយមិត្ត អ្នកគាំទ្រនឹងបានឃើញស្នាដៃថ្មីរបស់ SK ដែលត្រៀមបង្ហាញជាបន្តបន្ទាប់៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច