ថ្ងៃច័ន្ទ ទី០៨ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី០៨ ខែកញ្ញា ឆ្នាំ២០២៥
បន្ទាប់ពីប្រឡូកសិល្បៈជាង ៣០ឆ្នាំ តារាស្រីតៃវ៉ាន់ Shu Qi ក៏បង្ហាញភាពយន្តដែលខ្លួនដឹកនាំដំបូងមានចំណងជើងថា “Girl” ដែលត្រូវបានចាក់បញ្ចាំងលើកដំបូងនៅមហោស្រពភាពយន្តក្រុង Venice។
តារាសម្តែងជួរមុខតៃវ៉ាន់ដែលបានវិវត្តខ្លួនក្លាយជាផលិតករភាពយន្ត គឺ Shu Qi (ស៊ូ ឈី) បាននាំយកភាពយន្តជាស្នាដៃដឹកដំបូងរបស់នាងមានចំណងជើងថា "Girl" ទៅចាក់បញ្ចាំងលើកដំបូងនៅមហោស្រពភាពយន្តក្រុង Venice ប្រទេសអ៊ីតាលី កាលពីថ្ងៃទី ៤ ខែកញ្ញា ។
មុនដល់ពេលបញ្ចាំងភាពយន្ត តារាស្រីវ័យ ៤៩ឆ្នាំរូបនេះព្រមជាមួយតួសម្តែងរបស់នាង រួមមានតារាសម្ដែង Roy Chiu, Bai Xiao-Ying និងតារាចម្រៀង 9m88 បានថតរូបជុំគ្នាសម្រាបសន្និសីទសារព័ត៌មានរបស់កម្មវិធីមហោស្រព។
ឆ្លើយតបអ្នកសារព័ត៌មាន Shu Qi បានរៀបរាប់ថានាងបាននិពន្ធរឿង “Girl” ឡើងដោយដកស្រង់បទពិសោធន៍ជីវិតដ៏លំបាករបស់នាងពេលនៅក្មេង ខណៈត្រូវធំឡើងជាមួយឪពុកដែលញៀនស្រា។ថា
តារាស្រីដែលបានសម្ដែងភាពយន្តរាប់រយចំណងជើងចាប់តាំងពីប្រឡូកសិល្បៈនៅឆ្នាំ១៩៩៦រូបនេះ បានចំណាយពេល ១០ ឆ្នាំដើម្បីនិពន្ធរឿង "Girl" នេះឡើង ដែលសាច់រឿងនិយាយអំពីគ្រួសារក្រីក្រមួយក្នុងរដ្ឋធានីតៃប៉ិរបស់តៃវ៉ាន់ក្នុងចុងទសវត្សរ៍ឆ្នាំ ១៩៨០។
សូមបញ្ជាក់ថា "Girl" គឺជាខ្សែភាពយន្តមួយក្នុងចំណោមភាពយន្តចំនួន ២១ ដែលមានឈ្មោះប្រកួតប្រជែងដណ្តើមពានរង្វាន់ Golden Lion ជាពានរង្វាន់ធំរបស់មហោស្រព Venice ដែលនឹងប្រកាសអ្នកឈ្នះនៅថ្ងៃទី៦ ខែកញ្ញានេះ ៕
ប្រែសម្រួល៖ វ៉ាន់ថន