ថ្ងៃសៅរ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០២៥

ភាពយន្តសោកនាដកម្មលើក្មេងស្រីប៉ាឡេស្ទីនលេចធ្លោខ្លាំងនៅមហោស្រព Venice

០៥ កញ្ញា ២០២៥ | កម្សាន្ដ

 

ភាពយន្តសោកនាដកម្មលើក្មេងស្រីក្នុងសង្គ្រាមអ៊ីស្រាអែលនិងប៉ាឡេស្ទីនបានទទួលការសាទរខ្លាំងជាប្រវត្តិសាស្ត្រ នៅមហោស្រពភាពយន្តទីក្រុង Venice លើកទី៨២។សំឡេងអង្វរករចុងក្រោយដ៏សោកសៅរបស់ក្មេងស្រីប៉ាឡេស្ទីនអាយុ ៥ ឆ្នាំដែលជាប់ក្នុងឡានត្រូវភ្លើងឆេះក្រោមការដុតកម្ទេចរបស់អ៊ីស្រាអែលត្រូវបានយកមកបង្ហាញឡើងវិញនៅក្នុងខ្សែភាពយន្ត "The Voice of Hind Rajab" ដែលបានទទួលការចាក់បញ្ចាំងលើកដំបូងនៅឯមហោស្រពភាពយន្តទីក្រុង Venice កាលពីថ្ងៃទី ៣ ខែកញ្ញា។ 

 


ជាស្នាដៃនិពន្ធ និងដឹកនាំដោយផលិតករស្រី Kaouther Ben Hania ភាពយន្តនេះត្រូវបានសហការផលិតដោយមានតារាហូលីវូដជួរមុខជាច្រើនចូលរួមជាផលិតករប្រតិបត្តិដូចជាតួរឿង “Joker” លោក Joaquin Phoenix, តារាសម្ដែង Brad Pitt និងតារាស្រី Rooney Mara ជាដើម។

 


ភាពយន្តបែបជីវិតពិតផ្តោតលើរឿងរ៉ាវប្រតិបត្តិករអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនដែលព្យាយាមជាច្រើនម៉ោងដើម្បីជួយដល់កុមារី Hind Rajab ដែលកំពុងជាប់គាំងនិងស្រែកសុំការជួយសង្គ្រោះពីក្នុងរថយន្ត ខណៈមីង ពូ និងបងប្អូនជីដូនមួយរបស់នាងនៅក្បែរនោះបានស្លាប់ទាំង៣នាក់មុនទៅហើយ។ សំឡេងដើមរបស់ក្មេងតូចនិយាយថា "ខ្ញុំខ្លាចណាស់ សូមមកជួយខ្ញុំផង" ត្រូវបានរំលេចឡើងក្នុងរឿង ធ្វើឱ្យភាពយន្តកាន់តែមានឥទ្ធិពលខ្លាំង។ 

 


បន្ទាប់ពីការរង់ចាំរយៈពេលបីម៉ោង ទីបំផុត អឌ្ឍចន្ទក្រហម បានទទួលភ្លើងខៀវពីអ៊ីស្រាអែល ដើម្បីបញ្ជូនរថយន្តសង្គ្រោះបន្ទាន់ ទៅជួយសង្គ្រោះក្មេងតូចរូបនោះ។ ទោះយ៉ាងណា ការទាក់ទងជាមួយក្មេងស្រី និងក្រុមអ្នកជួយសង្គ្រោះត្រូវបានកាត់ផ្ដាច់បន្ទាប់ពីរថយន្តសង្គ្រោះមកដល់កន្លែងកើតហេតុ ។ ប៉ុន្មានថ្ងៃក្រោយមក សាកសពក្មេងស្រីនេះត្រូវបានគេរកឃើញ រួមជាមួយនឹងសាច់ញាតិរបស់នាងនៅក្នុងរថយន្ត។

 

 

ចំណែក ធាតុរបស់បុគ្គលិករថយន្តសង្គ្រោះដែលស្លាប់ពីរនាក់ក៏ត្រូវបានរកឃើញពីរថយន្តដែលត្រូវបានគេបំផ្ទុះផងដែរ។ ដំបូងឡើយ កងកម្លាំងការពារអ៊ីស្រាអែលបាននិយាយថា កងទ័ពរបស់ខ្លួនមិនបានបាញ់រថយន្តនោះទេ។

 

 

ទោះយ៉ាងណា ការស៊ើបអង្កេតឯករាជ្យបានជំទាស់នឹងការអះអាងនេះ ហើយរបាយការណ៍ជាបន្តបន្ទាប់របស់អង្គការសហប្រជាជាតិបាននិយាយថា ទ័ពអ៊ីស្រាអែលបានបំផ្លាញរថយន្តរបស់ Rajab និងបានសម្លាប់គ្រូពេទ្យពីរនាក់ដែលព្យាយាមជួយសង្គ្រោះនាង។ 

 


ខ្សែភាពយន្តនេះទទួលបានការអបអរជាមួយការក្រោកឈរទះដៃរយៈពេល ២៤ នាទីក្រោយការបញ្ចាំងលើកដំបូង ជាកំណត់ត្រាការឈរទះដៃរយៈពេលវែងបំផុតក្នុងប្រវត្តិសាស្ត្រសម្រាប់មហោស្រពភាពយន្ត Venice និងជាសញ្ញាថាភាពយន្តនេះនឹងអាចឈ្នះពានរង្វាន់ធំ Golden Lion ដែលនឹងត្រូវប្រកាសនៅថ្ងៃទី ៦ ខែកញ្ញា ៕
 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025