ថ្ងៃសៅរ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០២៥

ម៉ែសេះ តារាភេទទី៣ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជនក្រោយបញ្ចេញស្នាដៃភាពយន្តខ្នាតធំដំបូង

០៣ កញ្ញា ២០២៥ | កម្សាន្ដ

 

 

មិនធ្លាប់សម្ដែងភាពយន្តខ្នាតធំពីមុនមកទេក៏ប៉ុន្តែ ម៉ែសេះ ជាតារាភេទទី៣ ក្នុងក្រុមរបស់ ប៉ីប៉ីឌី កំពុងផ្ទុះការគាំទ្រ និងចាប់អារម្មណ៍ពីមហាជនក្រោយបញ្ចេញស្នាដៃខ្នាតធំដំបូង។ជាលើកដំបូងហើយដែលតារាភេទទី៣ ម៉ែសេះ សមាជិកក្រុមកំប្លែង ប៉ីប៉ី ឌី បង្ហាញវត្តមានក្នុងខ្សែភាពយន្តខ្នាតធំ «ភូមិគ្រឹះអាគម» របស់ផលិតកម្ម Film Corner ខណៈដែលកន្លងមកគេធ្លាប់តែឃើញ ម៉ែសេះ បង្ហាញខ្លួនក្នុងរឿងខ្លឺៗ និងវីដេអូផ្សេងៗជាដើម។

 

 

ម៉ែសេះ បានបង្កើតភាពពិសេសមួយឱ្យខ្លួនឯង រហូតអ្នកគាំទ្រស្គាល់ច្បាស់ថា នាងជាតារាភេទទី៣ម្នាក់ដែលមានភាពឆ្នាស់ឆ្នើម កាច ហើយសម្លេងមុតស្រួចដូចទៅនឹងកែវភ្នែករបស់នាងតែម្តង។ តារាភេទទី៣ ម៉ែសេះ មិនដែលឱ្យទស្សនិកជនភាន់ច្រឡំនាងជាមួយសិល្បករដ៏ទៃឡើយ ព្រោះនាងមានសមត្ថភាព និងទេពកោសល្យពិសេសពីធម្មជាតិដែលគ្មាននរណាប្រដូចបានឡើយ។

 

 

ជាក់ស្តែង លោក សែម ឡុងឌី ហៅ ប៉ីប៉ី ឌី ចាងហ្វាងផលិតកម្ម Film Corner បានពោរសរសើរពីទេពកោសល្យសម្តែងរបស់ ម៉ែសេះ មិនដាច់ពីមាត់ និងសមត្ថភាពអាចបត់បែនបានគ្រប់ស្ថានភាព និងតួអង្គផ្សេងៗដែលផលិតករត្រូវការ។ ដោយហេតុថា ម៉ែសេះ ជាតារាភេទទី៣ តែ ប៉ីប៉ី ឌី ជឿជាក់ថា នាងជាមនុស្សមានសមត្ថភាពខ្ពស់ ស័ក្កសមនឹងត្រូវបានផ្តល់កិត្តិយស និងការលើកតម្កើង។

 

 

 

មិនទាន់អស់នៅឡើយទេ ខណៈដែលខ្សែភាពយន្តខ្នាតធំរឿង «ភូមិគ្រឹះអាគម» កំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្តទំនើបទូទាំងប្រទេស លើកលែងរោងភាពយន្តមានប្រភពពីសៀម ប៉ីប៉ី ឌី ក៏បានរំលឹកពីសម្តីរបស់អតីតអ្នកដឹកនាំរឿងឆ្នើម កៅ សីហា ដែលលោកធ្លាប់បាននិយាយអំឡុងពេលថតថា ម៉ែសេះ ជា ស្វែងសុជាតា ទី២។

 

យោងតាមសំណេររបស់ ប៉ីប៉ី ឌី បង្ហោះឡើងកាលពីថ្ងៃទី២៨ ខែសីហា កន្លងទៅ បានរៀបរាប់ថា «បន្ទាប់ពីបានមើលហើយគ្រប់គ្នាច្បាស់ជាយល់ហើយថា ហេតុអីខ្ញុំជ្រើសម៉ែសេះជាតួឯក ហើយនឹងបានឃើញយ៉ាងច្បាស់ថា ម៉ែសេះលេងបានគ្រប់ទម្រង់ មនុស្សមានសមត្ថភាពសក្តិសមនឹងលើកតម្កើង ... កំឡុងពេលថត បងសីហានិយាយថា “ម៉ែសេះជាម៉ែស្វែងសុជាតាទី2” និយាយការពិត»។

 

 

តើការលើកឡើងរបស់អតីតអ្នកដឹកនាំរឿងឆ្នើម កៅ សីហា នឹងក្លាយជាការពិតឬយ៉ាងណា? តើតារាភេទទី៣ ម៉ែសេះ អាចក្លាយជាអ្នកស្នងតំណែង ស្វែង សុជាតា ឬយ៉ាងណា? នៅពុំទាន់មានអ្នកអាចឆ្លើយតបសំណួរទាំងនេះបានឡើយ ប៉ុន្តែមតិទស្សនិកជនភាគច្រើន បានផ្តល់ទស្សនៈវិជ្ជមានលើការសម្តែងរបស់ ម៉ែសេះ និងបានសរសើរសមត្ថភាពសម្តែងនាងថែមទៀតផង។ 

 

 

តួយ៉ាង ម៉ែសេះ ពិតជាសម្តែងបានល្អខ្លាំងមែនទែនក្នុងរឿង «ភូមិគ្រឹះអាគម» ដោយនាងអាចសម្តែងបត់បែនសម្តែងបានទាំងតួអង្គចរិកស្លូតបូត សុភាពរាបសារ កំប្លែង និងកាចឆ្នាស់ឆ្នើមក្នុងពេលតែមួយ ហើយបើនិយាយពីទឹកមុខ និងខ្សែភ្នែកវិញនោះគឺមុតស្រួច បត់បែនបានគ្រប់ស្ថានការណ៍មិនខុសពីការសម្តែងរបស់ អ្នកនាង ស្វែង សុជាតា ប៉ុន្មានឡើយ៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025