ថ្ងៃសៅរ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០២៥
ទោះបីមានការងារសិល្បៈផ្សេងៗក្នុងដៃក៏ពិតមែន តែ ឌីជេ កាកា នៅតែស្រលាញ់ និងចិញ្ចឹមចិត្តចង់លើកស្ទួយវិស័យឌីជេនៅកម្ពុជាឱ្យមានភាពរីកចម្រើនឆ្ពោះទៅឆាកអន្តរជាតិ ដូចវិស័យសិល្បៈផ្សេងៗទៀត។
ក្នុងចង្កោមតារាកំប្លែងល្បីៗឈានមុខនៅកម្ពុជា ដូចជានាយគ្រឿន នាយពាក់មី និង ងួន សុបិន្ត ជាដើម ឌីជេ កាកា ក៏ត្រូវបានចាត់ទុកជាតារាសម្ដែងបែបកំប្លែងជួរមុខមុខម្នាក់ផងដែរ ដោយកន្លងមកគេរមែងតែងឃើញលោកចូលរួមសម្តែងវីដេអូសំណើចខ្លីៗ និងភាពយន្តបែបកំប្លុកកំប្លែងជាមួយតារាល្បីៗដ៏ទៃទៀត។ក្រៅពីការសម្តែង និងអាជីពជាតារាកំប្លែងហើយនោះ ឌីជេ កាកា ក៏ជាឌីជេចាក់ភ្លេងម្នាក់ និងធ្លាប់មានអាជីពជាតារាចម្រៀងរ៉េបតាំងពីអំឡុងឆ្នាំ២០០៦ មកម៉្លេះ។
ជុំវិញវិស័យឌីជេ និងចម្រៀងរ៉េបនេះផងដែ ឌីជេ កាកា ថា លោកនៅតែស្រលាញ់ខ្លាំង ទោះបីពេលនេះវ័យរបស់លោករៀងជ្រេបន្តិចមែន ប៉ុន្តែលោកនៅតែចិញ្ចឹមចិត្តចង់លើកស្ទួយវិស័យនេះឱ្យមានភាពរីកចម្រើន និងចង់ឃើញឌីជេខ្មែរយើងមានឱកាសឡើងទៅឆាកអន្តរជាតិដូចវិស័យផ្សេងៗដែរ។ សម្រាប់ ឌីជេ កាកា នៅតែជាជឿជាក់ថា អាជីពជាឌីជេមានតម្លៃ ទោះជាការងារពេលរាត្រី តែវាក៏ផ្តល់ប្រយោជន៍ច្រើនដល់យើង រួមទាំងការកម្សាន្តទៀតផង។
ទោះបីវិស័យឌីជេនៅកម្ពុជាហាក់បីដូចជានៅមានកម្រិត តែលោកសប្បាយចិត្តក្នុងនាមរៀមច្បងម្នាក់ ពេលបានឃើញប្អូនៗឌីជេជំនាន់ក្រោយមានសមត្ថភាពអាចនាំស្នាដៃ និងសមត្ថភាពរបស់ខ្លួននៅបង្ហាញនៅអន្តរជាតិ។
ដោយចិត្តស្រលាញ់ និងចង់លើកស្ទួយវិស័យនេះឱ្យមានភាពរីកចម្រើន ឌីជេ កាកា បានសម្រេចចិត្តបើកថ្នាក់បណ្តុះបណ្តាអាជីពឌីជេ និងការចាក់ភ្លេងដល់ប្អូនៗជំនាន់ក្រោយដែលស្រលាញ់អាជីពនេះ ហើយចង់ចេះឱ្យត្រឹមត្រូវតាមក្បូនខ្នាត។
សិស្សដែលរៀនជាមួយលោក មានឱកាសអនុវត្តស្នាដៃ និងឱកាសការងារនៅផាប់ផ្ទាល់ខ្លួនរបស់លោកតែម្តង ឈ្មោះថា «Follow Pub» ដែលទើបសម្ភោធបើកដំណើរការកាលពីពេលថ្មីៗកន្លងទៅ។
ទោះមមាញឹកជំនួញផ្ទាល់ខ្លួនច្រើន តែ ឌីជេ កាកា មិនបោះចោលសិល្បៈឡើយ ដោយលោកបន្តទទួលធ្វើការងារជាធម្មតាទាំងការថតភាពយន្ត ថតវីដេអូ និងការថតផ្សព្វផ្សាយផ្សេងៗ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក