ថ្ងៃសៅរ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០២៥

តួរឿង “Downton Abbey” ជួបជុំគ្នាសម្ពោធវគ្គចុងក្រោយជាកុនខ្នាតធំ

០៥ កញ្ញា ២០២៥ | កម្សាន្ដ

 

តារាសម្តែងជាច្រើនពីរឿង "Downton Abbey" បានចូលរួមសម្ពោធភាពយន្តកុនទីបី និងជារឿងចុងក្រោយមានចំណងជើថា "Downton Abbey: The Grand Finale" នៅទីក្រុងឡុងដ៍។

 


តារាសម្តែងទាំងចាស់ទាំងថ្មីពីរឿង "Downton Abbey" បានចូលរួមសម្ពោធភាពយន្តកុនទីបី និងជារឿងចុងក្រោយសម្រាប់ Franchise ភាពយន្តដ៏ល្បីនេះ រយៈពេល ១៥ ឆ្នាំបន្ទាប់ពីវគ្គដំបូងដែលជារឿងភាគទូរទស្សន៍បានចាក់ផ្សាយ និងទទួលបានការគាំទ្រយ៉ាងច្រើននៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ 

 

 


ភាពយន្តមានចំណងជើងថា "Downton Abbey: The Grand Finale" នឹងបន្តរៀបរាប់ពីរឿងរ៉ាវរបស់គ្រួសារ Crawley និងអ្នកបម្រើរបស់ពួកគេនៅវិមានដ៏ធំមួយក្នុងប្រទេសអង់គ្លេសនាដើមសតវត្សទី ២០ ដោយវគ្គចុងក្រោយឈានចូលដល់ទសវត្សរ៍ឆ្នាំ ១៩៣០។

 

 

ក្នុងវគ្គនេះ តួអង្គមេគ្រួសារ Robert Crawley ដែលសម្តែងដោយលោក Hugh Bonneville បានត្រៀមខ្លួនដើម្បីប្រគល់តំណែងឱ្យកូនស្រីឈ្មោះ Mary ជាអ្នកស្នងមរតកបន្ត ប៉ុន្តែមិនយូរប៉ុន្មាន Mary ដែលសម្ដែងដោយតារាស្រី Michelle Dockery ក៏ត្រូវប្រឈមមុខនឹងរឿងអាស្រូវល្បីខ្ទរខ្ទារ ខណៈគ្រួសារក៏ត្រូវជួបបញ្ហាហិរញ្ញវត្ថុជាថ្មី។ 

 


ក្នុងកម្មវិធីសម្ពោធនៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី៣ ខែកញ្ញា តារាសម្ដែង Hugh Bonneville បានប្រាប់សារព័ត៌មានរ៉យទ័រថា “លោក Julian Fellowes ដែលជាអ្នកនិពន្ធរឿងបានបង្កើតសារដ៏រំភើបជាមួយការបញ្ចប់យ៉ាងសមស្រប សម្រាប់ទស្សនិកជនដែលបានតាមដានរឿងនេះយ៉ាងស្មោះស្ម័គ្រតាំងពីដើមមក”។

 


គួរបញ្ជាក់ថា "Downton Abbey" បានចាក់ផ្សាយរឿងភាគរដូវកាលដំបូងក្នុងឆ្នាំ ២០១០ ហើយក៏បានចេញដល់ប្រាំមួយរដូវកាល បន្តដោយខ្សែភាពយន្តខ្នាតធំចំនួន ២ ដែលចេញនៅឆ្នាំ ២០១៩ និង ២០២២ ។ ភាពយន្តខ្នាតធំទី៣ ដែលជាភាគចុងក្រោយនឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីសប្តាហ៍ក្រោយនៅថ្ងៃទី ១១ ខែកញ្ញា ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025