ថ្ងៃសៅរ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០២៥
សប្តាហ៍ក្រោយដល់ថ្ងៃប្រកួតផ្តាច់ព្រ័ត្រ MUC 2025 កញ្ញា សុខគា គីមលាង ហៅ កូនអាន បង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការដណ្តើមយកមកុដ MUC 2025 និងអះអាងថា បើនាងឈ្នះមកុដនេះ នឹងមិនខ្លាចក្នុងការតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិនោះឡើយ។
នៅទីបំផុតស្ថាប័ន MUC គ្រប់គ្រងដោយ លោក ឈួង យីវឆូយ បានសម្រេចកំណត់ថ្ងៃប្រកួតផ្តាច់ព្រ័ត្រជាថ្មីសម្រាប់កម្មវិធី Miss Universe Cambodia 2025 គឺនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ នៅស្ទូឌីយ៉ូស្ថានីយទូរទស្សន៍ PNN ចាប់ពីម៉ោង៤ល្ងាចតទៅ និងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ភីអិនអិន PNN TV និងយូធូប Miss Universe ចាប់ពីម៉ោង៧យប់តទៅ។ នេះបើយោងតាមការបង្ហោះជាសាធារណៈរបស់ទំព័រហ្វេសប៊ុកផ្លូវការ Miss Universe Cambodia កាលពីរសៀលថ្ងៃទី២៧ ខែសីហា ម្សិលមិញ។
បេក្ខភាពផ្លូវការទាំងអស់ រួមទាំង កញ្ញា សុខគា គីមលាង ហៅ កូនអាន បានត្រៀមខ្លួនជាស្រេចសម្រាប់ការបង្ហាញសមត្ថភាព និងភាពអស្ចារ្យភ្លឺចែងចាំងរបស់ពួកគេនៅលើឆាក Miss Universe Cambodia 2025 នាថ្ងៃផ្តាច់ព្រ័ត្រ។ ប្រាប់ឱ្យភីអិនអិនដឹងក្នុងកម្មវិធី «សិល្បៈសប្បុរសធថម៌ដើម្បីវីរៈកងទ័ព» រៀបចំដោយសាលាមធ្យមវិចិត្រសិល្បៈ កាលពីពេលថ្មីៗកន្លងទៅ កូនអាន ថា នាងរំភើបខ្លាំងមែនទែនពេលដឹងគិតដល់ការប្រកួតផ្តាច់ព្រ័ត្រ MUC 2025 សប្តាហ៍ក្រោយនេះ។
នាថការនីរបាំបុរាណដ៏ប៉ិនប្រសព្វរូបនេះថា នាងបានត្រៀមខ្លួនជាស្រេចសម្រាប់ការដណ្តើមមកុដដ៏មានតម្លៃពីកម្មវិធី Miss Universe Cambodia 2025 ដើម្បីមានឱកាសក្លាយជាបវរកញ្ញាតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ។ក្រៅពីការរៀបចំតុបតែង និងឈុតសម្លៀកបំពាក់ កូនអាន ក៏បានហ្វឹកហាត់សមត្ថភាពនិយាយជាសាធារណៈសម្រាប់វគ្គ Q&A ជាវគ្គដ៏សំខាន់ក្នុងការប្រកួតបវរកញ្ញាផងដែរ។
មិនខ្វល់លទ្ធផលបែបណា កូនអាន ស្ម័គ្រចិត្តទទួលយក ដើម្បីដុះខាតសមត្ថភាពខ្លួនឯងឱ្យរឹតតែខ្លាំងក្លា ប៉ុន្តែប្រសិនបើនាងពិតជាមានឱកាសគ្រងមកុដ MUC 2025 ប្តេជ្ញាបង្ហាញពីសក្កានុពល ភាពរស់វើកនៃសិល្បៈវប្បធម៌ខ្មែរទៅកាន់ពិភពលោក និងមិនញញើតខ្លាចក្នុងការប្រកាសប្រាប់ឱ្យពិភពលោកបានដឹងរឿងរ៉ាវទាំងអម្បាលមាណដែលបានកើតឡើងមកលើកម្ពុជានោះឡើយ។
ក្នុងនោះផងដែរ បេក្ខភាព MUC15 អះអាងថា នាងមិនខ្លាចនឹងតំណាងកម្ពុជាទៅប្រកួតកម្មវិធីអន្តរជាតិ ដែលគ្រោងរៀបចំឡើងនៅសៀមនោះឡើយ ព្រោះនាងជឿជាក់លើសមត្ថភាព ភាពប៉ិនប្រសព្វ និងទឹកចិត្តមុះមុតអង្គអាចរបស់ស្ត្រីខ្មែរ។ ម៉្យាង មុនពេលដាក់ពាក្យចូលប្រកួតនាងបានដឹង និងបានត្រៀមចិត្តស្រាប់ហើយ ពេលនេះមានតែពាក្យថា ខំឱ្យអស់ពីសមត្ថភាព៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងភីអិនអិន