ថ្ងៃសុក្រ ទី០៥ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៥ ខែកញ្ញា ឆ្នាំ២០២៥
គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៤៩១គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៧ពាន់ ២រយលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជាង ៣៣ម៉ឺនកន្លែង។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញថា គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៤៩១គម្រោង ដោយគម្រោងទាំងអស់ មានទុនវិនិយោគសរុបប្រមាណ ៧ពាន់ ២រយលានដុល្លារអាម៉េរិក ដោយតួលេខនេះមានការកើនឡើង ២០៤គម្រោង ស្មើនឹងប្រមាណ ៧១% ខណៈទុនវិនិយោគកើនឡើងជាង ២ពាន់ ៥រយលានដុល្លារអាមេរិក ស្មើនឹង ៥០% បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។
រយៈពេល ៨ខែនេះ ប្រភពទុនវិនិយោគឈានមុខ គឺប្រទេសចិន មានចំណែក ៥២%, កម្ពុជា មានចំណែក ៣១% ខណៈសិង្ហបុរី មានចំណែក ៧% នៃទុនវិនិយោគសរុប។
ចំពោះវិស័យដែលលេចធ្លោជាងគេ គឺ វិស័យឧស្សាហកម្មប្រមាណ ៥ពាន់លានដុល្លារ បន្ទាប់មកគឺ វិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗប្រមាណ ១ពាន់ ៨រយលានដុល្លារ ក្រៅពីនោះគឺ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ទទួលបានការវិនិយោគ ៣៧០លានដុល្លារ និងវិស័យទេសចរណ៍ ប្រមាណ ១៧៥លានដុល្លារ។
ក្នុងខែសីហា ឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៥១គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៦០៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជាង ២ម៉ឺនកន្លែង។
ប្រភពទុនវិនិយោគធំជាងគេក្នុងខែសីហា គឺមកពីប្រទេសកម្ពុជា ដែលមានចំណែក ៤៥% និងចិន មាន ៤៣% ខណៈសិង្ហបុរី មានចំណែក ៥% នៃទុនវិនិយោគសរុប។សូមបញ្ជាក់ថា ក្នុងឆ្នាំ ២០២៤កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទាក់ទាញគម្រោងវិនិយោគសរុបប្រមាណ ៤១៤គម្រោង គិតជាទឹកប្រាក់ប្រមាណ ៧ពាន់លានដុល្លារអាមេរិក ដោយវិស័យឧស្សាហកម្ម ជាវិស័យលេចធ្លោជាងគេក្នុងការស្រូបទាញវិនិយោគក្នុងឆ្នាំ ២០២៤៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ