ថ្ងៃអាទិត្យ ទី០៧ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី០៧ ខែកញ្ញា ឆ្នាំ២០២៥
នៅសប្តាហ៍ទី១ ដើមខែកញ្ញា នេះ តម្លៃប្រេងឆៅសកល បានកើនឡើងជាង ១% បន្ទាប់ពីមេរិកសម្រេចដាក់ទណ្ឌកម្មលើ ប្រព័ន្ធប្រេងរបស់ប្រទេសអ៊ឺរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។
នៅលើទីផ្សារប្រេងសកល ក្នុងសប្តាហ៍ទី ១ ខែកញ្ញា នេះ តម្លៃប្រេងឆៅ Brent របស់អង់គ្លេស ស្ថិតនៅរង្វង់ ៦៩ដុល្លារអាមេរិកក្នុងមួយបារ៉ែល បន្ទាប់ពីកើនឡើងជាង ១% ខណៈប្រេងឆៅ West Texas Intermediate របស់អាមេរិក ស្ថិតនៅរង្វង់ ៦៥ដុល្លារអាមេរិកក្នុងមួយបារ៉ែល ដែលមានការកើនឡើងប្រមាណ ១% ដូចគ្នា។
តម្លៃប្រេងបានឡើងថ្លៃជាង ១% ក្នុងមួយបារ៉ែល កាលពីថ្ងៃអង្គារ បន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្ម ផ្តោតទៅលើលំហូរប្រាក់ចំណូលប្រេងរបស់អ៊ីរ៉ង់ និងនៅមុនកិច្ចប្រជុំ OPEC+ នៅថ្ងៃអាទិត្យ ដែលអ្នកវិភាគរំពឹងថា ក្រុមនេះនឹងមិនបន្ធូរបន្ថយការកាត់បន្ថយផលិតកម្មប្រេងនោះទេ។
នាយកដ្ឋានរតនាគារសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើ បណ្តាញក្រុមហ៊ុនដឹកជញ្ជូន និងនាវាដែលដឹកនាំដោយពាណិជ្ជករអ៊ីរ៉ាក់-ឃីតធីត សម្រាប់ការរត់ពន្ធប្រេងអ៊ីរ៉ង់ដែលក្លែងធ្វើជា ប្រេងអ៊ីរ៉ាក់។រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំង កំពុងរក្សាសម្ពាធលើប្រទេសអ៊ីរ៉ង់ ខណៈដែលកិច្ចចរចានុយក្លេអ៊ែរ បានជាប់គាំង។
ការចរចាលើកទី ៦ ត្រូវបានផ្អាក បន្ទាប់ពីការចាប់ផ្តើមនៃសង្រ្គាមរយៈពេល ១២ថ្ងៃនៅក្នុងខែមិថុនា។អ្នកវិភាគជាន់ខ្ពស់នៃក្រុមហ៊ុន Price Futures Group បានបញ្ជាក់ថា ការបង្ក្រាបរបស់សហរដ្ឋអាមេរិកលើការនាំចេញប្រេងរបស់អ៊ីរ៉ង់ គឺពិតជាគាំទ្រដល់ តម្លៃប្រេងនៅថ្ងៃនេះ។
ជាចុងក្រោយ វិនិយោគិន ក៏កំពុងតាមដានកិច្ចប្រជុំ អង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ នៅថ្ងៃទី ៧ ខែកញ្ញា ខាងមុខ ដោយក្រុមអ្នកវិភាគ ជឿថា ក្រុមនេះ នឹងមិនបន្ធូរបន្ថយការកាត់បន្ថយផលិតកម្មប្រេង ដែលកំពុងគាំទ្រទីផ្សារ និងរក្សាតម្លៃក្នុងកម្រិត ៦០ដុល្លារក្នុងមួយបារ៉ែល៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ