ថ្ងៃសៅរ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០២៥
លោក Donald Trump ប្រធានាធិបតីអាមេរិក នៅថ្ងៃព្រហស្បតិ៍(៤កញ្ញា) បានរៀបចំអាហារពេលល្ងាចប្រណីតលំដាប់ជាន់ខ្ពស់ទទួលស្វាគមន៍បណ្តាប្រធានក្រុមហ៊ុនបច្ចេកវិទ្យាច្រើនជាង២០នាក់នៅឧទ្យានក្នុងសេតវិមានWhite House Rose Garden ដែលទើបជួសជុលថ្មី។ ក្នុងពិធីជប់លៀង បណ្តាមេដឹកនាំឧស្សាហកម្មបច្ចេកវិទ្យាទាំងអស់នោះ បានលើកសរសើរពីជំហររបស់រដ្ឋបាលលោកប្រធានាធិបតីTrump ទៅលើបញ្ញាសិប្បនិម្មិត និងធុរកិច្ច។
ភ្ញៀវចូលរួមមាន លោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta , លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុនApple,លោកBill Gates ស្ថាបនិកក្រុមហ៊ុនMicrosoft ,លោក Sam Altman នាយកប្រតិបត្តិក្រុមហ៊ុនOpenAI , និងលោក Sundar Pichai និងលោកSergey Brinដែលជាសហនាយកប្រតិបត្តិក្រុមហ៊ុនGoogle ។
លោក Zuckerberg បានប្រាប់ទៅលោក Trump ថា ក្រុមហ៊ុនជាច្រើន បានបោះទុនវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិក ដោយប៉ាន់ស្មានថា ក្រុមហ៊ុនMeta និងក្រុមហ៊ុនដទៃទៀត នឹងចាយទឹកប្រាក់ច្រើនជាង៦០០ពាន់លានដុល្លារ ទៅលើមជ្ឈមណ្ឌលទិន្នន័យ និងនវានុវត្តន៍រហូតដល់ឆ្នាំ ២០២៨។
លោក Brin និងលោកPichai បានលើកសរសើរចំពោះអ្វីដែលពួកគេចាត់ទុកថា ជាទំនាក់ទំនងល្អប្រសើរជាមួយរដ្ឋបាលទីក្រុងវ៉ាស៊ីនតោន ទៅលើនយោបាយបញ្ញាសិប្បនិម្មិតAI ស្របពេលដែលលោកស្រី Lisa Su នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាAMD បានលើកសរសើររដ្ឋបាលលោកTrumpថាបានជំរុញល្បឿនអភិវឌ្ឍ៍បន្ទះឈីប។ លោកSatya Nadella និងលោក Gates ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft ក៏បានថ្លែងអំណរគុណចំពោះលោកTrump និងជំទាវទី១អាមេរិក Melania Trumpចំពោះការយកចិត្តទុកដាក់របស់អ្នកទាំង២ ទៅលើការបណ្ដុះបណ្ដាលបុគ្គលិកបម្រើការងារនិងទំនុកចិត្តលើបច្ចេកវិទ្យា។
លោកCookនិយាយថា ក្រុមហ៊ុនApple កំពុងធ្វើការវិនិយោគដ៏ធំទៅលើរោងចក្រនៅអាមេរិក ទាំងនេះអរគុណដល់គោលនយោបាយរបស់រដ្ឋបាលលោកTrump។ ជាមួយគ្នា លោក Altman បានហៅប្រធានាធិបតីTrumpថាជាប្រធានាធិបតីគាំទ្រធុរកិច្ច និងជាប្រធានាធិបតីគាំទ្រនវានុវត្តន៍ ដែលវិធីសាស្ត្ររបស់លោកកំពុង ជួយដល់ក្រុមហ៊ុនអាមេរិកជាច្រើន ឱ្យនាំមុខគេក្នុងវិស័យបញ្ញាសិប្បនិមិត្ត។
ពិធីជប់លៀង បានបង្ហាញពីការផ្លាស់ប្តូរមួយ នៅក្នុងទំនាក់ទំនងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនជាមួយលោកTrump ដែលធ្លាប់មានទំនាស់ទៅលើបទប្បញ្ញត្តិ និងបញ្ហាមាតិកា ប៉ុន្តែឥឡូវ ទំនាក់ទំនងបានប្រសើរឡើងវិញ ចាប់តាំងពីលោកបានឈ្នះការបោះឆ្នោតលើកទី២។
ពិធីជប់លៀង បានបង្ហាញពីការផ្លាស់ប្តូរមួយនៅក្នុងទំនាក់ទំនងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនជាមួយលោកប្រធានាធិបតីTrump ដែលធ្លាប់មានទំនាស់ ទៅលើបទប្បញ្ញត្តិ និងបញ្ហាមាតិកា ប៉ុន្តែឥឡូវ ទំនាក់ទំនងបានប្រសើរឡើងវិញ ចាប់តាំងពីលោកTrump បានឈ្នះការបោះឆ្នោតប្រធានាធិបតិអាមេរិកជាលើកទី២។
ប្រែសម្រួល៖ណាវ័ន្ត