ថ្ងៃសុក្រ ទី០៥ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៥ ខែកញ្ញា ឆ្នាំ២០២៥
លោក ហ្សឺឡិនស្គី បាននិងកំពុងជំរុញឱ្យមានជំនួបជាមួយលោក ពូទីន ដើម្បីពិភាក្សាអំពីលក្ខខណ្ឌដែលអាចកើតមានកិច្ចព្រមព្រៀងសន្តិសុខ ខណៈប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ចង់ឃើញមេដឹកនាំទាំងពីរជួបគ្នា។
ពាក់ព័ន្ធនឹងជំនួបទ្វេភាគីនេះ លោក ពូទីន បានឆ្លើយតបចេញពីទីក្រុងប៉េកាំងប្រទេសចិនកាលពីថ្ងៃពុធថា លោកត្រៀមខ្លួនជានិច្ចដើម្បីជួបពិភាក្សាជាមួយលោក ហ្សឺឡិនស្គី ឱ្យតែលោកសុខចិត្តធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ ប៉ុន្តែលោក ពូទីន បានបញ្ជាក់ជាថ្មីនូវជំហរដដែលៗរបស់វិមានក្រឹមឡាំងថា កិច្ចប្រជុំបែបនេះត្រូវរៀបចំឱ្យបានល្អជាមុន ហើយនាំទៅរកលទ្ធផលជាក់ស្តែង។
លោក ពូទីន យល់ឃើញថា អ៊ុយក្រែនចាំបាច់ត្រូវលុបចោលច្បាប់អាជ្ញាសឹក រៀបចំការបោះឆ្នោត និងធ្វើប្រជាមតិអំពីទឹកដី។ រុស្ស៊ីបានទាមទារយកទឹកដីមួយចំនួនដែលរុស្ស៊ីដណ្ដើមបានក្នុងការឈ្លានពាននៅឆ្នាំ២០២២ ប៉ុន្តែត្រូវបានបដិសេធពីទីក្រុងកៀវ និងបណ្តាប្រទេសលោកខាងលិចដោយពួកគេចោទថាជាការប៉ុនប៉ងដណ្តើមយកទឹកដីខុសច្បាប់នៅក្នុងសង្រ្គាមដណ្តើមកាន់កាប់តាមបែបអាណានិគម។
នៅថ្ងៃនោះដែរ ប្រធានាធិបតីបារាំងលោក ម៉ាក្រុង បានជួបជាមួយលោក ហ្សឺឡិនស្គី នៅក្នុងទីក្រុងប៉ារីសដោយនិយាយថា ការធានាសន្តិសុខសម្រាប់អ៊ុយក្រែនបានត្រៀមខ្លួនរួចហើយ ហើយនឹងធ្វើការអនុម័តនៅថ្ងៃព្រហស្បតិ៍នេះ។
លោក ហ្សឺឡិនស្គី បាននិយាយថា លោក ហ្សឺឡិនស្គី បាននិយាយថា ជំហររួបរួមរបស់អឺរ៉ុប អ៊ុយក្រែន និងសហរដ្ឋអាម៉េរិកនឹងជួយជំរុញឱ្យរុស្ស៊ីឆ្ពោះទៅរកដំណោះស្រាយការទូតទោះជាលោកមិនបានឃើញសញ្ញាណាមួយដែលថារុស្ស៊ីចង់បញ្ចប់សង្រ្គាមក៏ដោយ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន