ថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥
ប៉ូលិសបាននិយាយថា បុគ្គលិកសន្តិសុខ៦នាក់ និងក្រុមសកម្មប្រយុទ្ធ៦នាក់បានស្លាប់កាលពីថ្ងៃអង្គារក្នុងការវាយប្រហារលើមូលដ្ឋានកងកម្លាំងប៉ារ៉ាមួយកន្លែងនៅភាគពាយព្យនៃប្រទេសប៉ាគីស្ថានដោយផ្តើមចេញពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតដែលបានវាយលុកមូលដ្ឋាននោះ បង្កឱ្យមានការប្រយុទ្ធគ្នាដោយកាំភ្លើងរយៈពេល១២ម៉ោង។
លោក សាចចាដ ខាន់ (Sajjad Khan) មេប៉ូលិសប្រចាំតំបន់បាននិយាយថា អ្នកវាយប្រហារបានបើករថយន្តផ្ទុកដោយគ្រឿងផ្ទុះទម្លុះជញ្ជាំងមូលដ្ឋានទាហានប៉ារ៉ានៅក្នុងទីក្រុងបាននូ (Bannu) កាលពីព្រឹកថ្ងៃអង្គារដើម្បីបើកផ្លូវសម្រាប់ក្រុមសកម្មប្រយុទ្ធផ្សេងទៀតចូលទៅក្នុងមូលដ្ឋាននោះ។
លោក ខាន់ បាននិយាយថា ការវាយប្រហារនេះក៏បានធ្វើឱ្យបុគ្គលិកសន្តិសុខចំនួន១៦នាក់ និងជនស៊ីវិល៣នាក់រងរបួសផងដែរ ហើយថា កងកម្លាំងរបស់ពួកគេបានប្រយុទ្ធគ្នាយ៉ាងក្លាហានអស់រយៈពេលប្រហែល១២ម៉ោង។ រហូតមកដល់ពេលនេះ មិនមានក្រុមសកម្មប្រយុទ្ធណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។
សូមរំលឹកថា ទីក្រុងបាននូគឺស្ថិតនៅជិតតំបន់ព្រំដែនគ្មានច្បាប់ទម្លាក់ជាប់នឹងប្រទេសអាហ្វហ្គានីស្ថានដែលគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធឥស្លាមនិយមតាលីបង់៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន