ថ្ងៃសុក្រ ទី០៥ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៥ ខែកញ្ញា ឆ្នាំ២០២៥
លោក Emmanuel Macron ប្រធានាធិបតីបារាំង នៅថ្ងៃពុធ(៣កញ្ញា) បាននិយាយថា ផែនការធានាសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែន បានរៀបចំរួចរាល់ ហើយនៅថ្ងៃព្រហស្បតិ៍(៤កញ្ញា) នឹងត្រូវដាក់ឱ្យក្រុមប្រទេសគាំទ្រអ៊ុយក្រែនអនុម័ត្ត។
លោក Emmanuel Macron បានលើកឡើងដូច្នេះ«យើងជាប្រជាជាតិអឺរ៉ុប បានត្រៀមរួចជាស្រេចហើយ ដើម្បីផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែន និងប្រជាជនអ៊ុយក្រែន នៅថ្ងៃដែលកិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខា» និងបានបន្ថែមថា «ការងារត្រៀមលក្ខណៈបានធ្វើរួចហើយ»។
លោក Macron ជាម្ចាស់ផ្ទះទទួលស្វាគមន៍លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy នៅវិមានហ្សង់អេលីហ្សេ នៅទីក្រុងប៉ារីស នៅមុនជំនួបជាមួយបណ្តាមេដឹកនាំនៃក្រុមប្រទេសគាំទ្រអ៊ុយក្រែនដែលកំពុងមានសង្គ្រាមជាមួយប្រទេសរុស្ស៊ី។
លោកប្រធានាធិបតីអ៊ុយក្រែនZelenskiy បានលើកឡើងថា ជំហររួបរួមរបស់សហភាពអ៊ឺរ៉ុប អ៊ុយក្រែន និងសហរដ្ឋអាមេរិក នឹងជួយជំរុញឱ្យប្រទេសរុស្ស៊ីងាកទៅរកដំណោះស្រាយការទូត ទោះជាលោកប្រធានាធិបតីអ៊ុយក្រែនរូបនេះបានលើកឡើងថា លោកមិនឃើញសញ្ញាដែលរុស្ស៊ីចង់បញ្ចប់សង្គ្រាមឡើយ។
កងទ័ពរុស្ស៊ី បើកការវាយប្រហារដែនអាកាសលើប្រទេសអ៊ុយក្រែន នៅថ្ងៃពុធ បានបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធថាមពល និងដឹកជញ្ជូន។
នៅពេលមានការគាំទ្រពីអន្តរជាតិឱ្យរុស្ស៊ីបញ្ចប់សង្គ្រាមដែលមានរយៈពេល៣ឆ្នាំកន្លះមកនេះ ឃើញថា រដ្ឋាភិបាលអ៊ុយក្រែន ចង់បានការធានាសន្តិសុខដើម្បីរារាំងការវាយប្រហារផ្សេងៗបន្ថែមទៀតពីប្រទេសរុស្ស៊ី។
ប្រែសម្រួល៖ណាវ័ន្ត