ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥

រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញទីតាំង និងម៉ោងចេញដំណើររបស់រថយន្តក្រុង សម្រាប់ជិះឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

១២ កញ្ញា ២០២៥ | ព័ត៌មានជាតិ


រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន៥៩៧គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅកាន់ស្រុកកំណើត នៅតាមបណ្តាខេត្ត និងនៅក្នុងរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលមានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញា ខាងមុខ ។ 

 


ក្នុងចំណោមរថយន្តក្រុងចំនួនជិត ៦០០គ្រឿងនេះ គឺរថយន្តក្រុងចំនួន ១០០គ្រឿង ប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃក្នុង រាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS)។ រីឯរថយន្តក្រុងចំនួន ៤៩៧គ្រឿង ប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅ លេងស្រុកកំណើត និងការវិលត្រលប់មកវិញ ដោយមានបែងចែកជាខ្សែរត់ធំៗចំនួន ៧ គោលដៅ។

 


ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី១១ កញ្ញានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានកំណត់ពេលវេលាចេញដំណើរ គឺចាប់ពីម៉ោង៦និង៣០នាទីព្រឹក ដល់ម៉ោង១១ និង៣០នាទីព្រឹក។

 

 

ដោយឡែក តាំងចេញដំណើរ មាន៦ទីតាំង រួមមាន ស្ថានីយរថយន្តក្រុងវាលស្បូវ, សា្ថនីយរថយន្តក្រុងចាក់អង្រែលើ,សា្ថនីយរថយន្តក្រុងផ្លូវ២០០៤,ស្ថានីយរថយន្តក្រុងសួនច្បារឬស្សីកែវ,ដីឡូត៍តំបន់OCIC ជ្រោយចង្វារ និងស្ថានីយរថយន្តក្រុងរង្វង់មូលកាំភ្លើងគួចកាណុង។

 


ទន្ទឹមគ្នានេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំទឹកពិសាបរិសុទ្ធ ដោយឥតគិតថ្លៃ តាមគោលដៅចេញដំណើរផងដែរ។ ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏អំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូន អ្នកដំណើរទាំងអស់ សូមរក្សាតម្លៃដឹកជញ្ជូននៅដដែល កុំដំឡើងថ្លៃ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ។ 

 

 

អត្ថបទ៖ សន រដ្ឋា ,រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025