ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥
ប្រធានាធិបតីលីទុយអានីលោក ហ្គីតាណាស នូសេដា (Gitanas Nauseda) កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ប្រទេសបេឡារុសបានដោះលែងអ្នកទោសចំនួន៥២នាក់ដែលមានសញ្ជាតិផ្សេងៗគ្នា បន្ទាប់ពីមានការអំពាវនាវពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ។
លោក នូសេដា បានប្រាប់អ្នកកាសែតក្នុងទីក្រុងវីលញៀស (Vilnius) ប្រទេសលីទុយអានីថា អ្នកទោសទាំង៥២នាក់នេះរួមមានឥស្សរជនប្រឆាំង អ្នកកាសែត អ្នកតវ៉ា ពលរដ្ឋបរទេស និងអ្នកទោសបេឡារុសផងដែរ ហើយលោកក៏សប្បាយរីករាយណាស់ដែរដោយបានឃើញពលរដ្ឋលីទុយអានីចំនួន៦នាក់ក្នុងចំណោមអ្នកដែលត្រូវបានដោះលែងទាំងនេះ។ លោកបានបញ្ជាក់ថា ពេលនេះអ្នកទោសទាំងនេះត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសលីទុយអានីអស់ហើយ។
កាលពីខែមុន លោក ត្រាំ បានស្នើសុំឱ្យប្រធានាធិបតីបេឡារុសលោក អាឡិកសានឌ័រ លូកាសេនកូ ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធនឹងសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ឱ្យធ្វើការដោះលែងអ្នកទោសជាង១ពាន់នាក់ដែលលោក ត្រាំ ចាត់ទុកថាជា «ចំណាប់ខ្មាំង» មិនមែនជាអ្នកទោសទេ។
អ្នកនាំពាក្យស្ថានទូតអាម៉េរិកប្រចាំទីក្រុងវីលញៀសបាននិយាយថា ជាថ្នូរនឹងកាយវិការរបស់លោក លូសេនកូ នេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងផ្តល់ការបន្ធូរបន្ថយទណ្ឌកម្មដល់ក្រុមហ៊ុនអាកាសចរណ៍ជាតិបេឡាវី (Belavia) របស់ប្រទេសបេឡារុសដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុននេះអាចបម្រើ និងទិញគ្រឿងបន្លាស់សម្រាប់យន្តហោះរបស់ពួកគេរួមទាំងការទិញពីក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីងរបស់អាម៉េរិកផងដែរ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន