ថ្ងៃសុក្រ ទី០៥ ខែកញ្ញា ឆ្នាំ២០២៥

អ្នកសង្កេតការណ៍អន្តរកាលចំនួន៥ប្រទេស បន្តចុះពិនិត្យស្ថានភាពក្រោយបទឈប់បាញ់ នៅខេត្តពោធិ៍សាត់ 

០៤ កញ្ញា ២០២៥ | ព័ត៌មានជាតិ

 


ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពីប្រទេសចំនួន៥ រួមមាន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម នៅថ្ងៃទី៣ កញ្ញានេះ បានដំណើរឆ្ពោះទៅខេត្តពោធិ៍សាត់ ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែនក្រោយបទឈប់បាញ់។ 

 


បើតាមក្រសួងការពារជាតិ ដែលជាអ្នកសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាលនេះ បានឲ្យដឹងថា  បេសកកម្មសង្កេតការណ៍នៅខេត្តពោធិ៍សាត់នេះ ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ហើយបេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នាពេលនេះគឺ បានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេស ដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)កាលពីថ្ងៃទី៧ ខែសីហា  កន្លងទៅ។

 


គួរបញ្ជាក់ រយៈពេលជាងមួយខែ ក្រោយបទឈប់បាញ់បានចូលជាធរមាន បើទោះបីស្ថានភាពបទឈប់បាញ់ នៅផុយស្រួយ ប៉ុន្តែមានកិច្ចខិតខំប្រឹងប្រែងជាច្រើនត្រូវបានធ្វើឡើងរវាងភាគីកម្ពុជា-ថៃ និងភាគីពាក់ព័ន្ធ ហើយបានសម្រេចលទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់ ដោយបញ្ចៀសការផ្ទុះអាវុធជាថ្មី។ 

 


ក្នុងនោះរួមមាន កិច្ចប្រជុំនិងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)កាលពីថ្ងៃទី៧ ខែសីហា  កន្លងទៅ ដោយឯកភាពគ្នា១៣ ,កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ចំនួន៤លើក ,ភាគីកម្ពុជានិងថៃ ក៏បានរៀបចំនៅក្នុងប្រទេសរៀងៗខ្លួននូវដំណើរបេសកកម្មអង្គទូត និងក្រុមអ្នកសង្កេតអន្តរកាលដែលមានសមាសភាពពីអនុព័ន្ធយោធាបរទេសប្រចាំប្រទេសនីមួយៗ ដោយបានរៀបចំជាច្រើនលើកទៅកាន់តំបន់ព្រំដែន ដែលមានជម្លោះដើម្បីពិនិត្យមើលជាក់ស្តែង ក៏ដូចជាធ្វើជាសាក្សី។

 

 

ក្រៅពីនេះ ថ្នាក់ដឹកនាំកំពូលកម្ពុជា ថៃ និងម៉ាឡេស៊ី បានទំនាក់ទំនងគ្នាជាបន្តបន្ទាប់ ដើម្បីជជែកដោះស្រាយបញ្ហានានា ក្នុងន័យបញ្ចៀសភាពតានតឹង ធ្វើយ៉ាងណារក្សាបទឈប់បាញ់នៅជាធរមាន៕
 

 

 

អត្ថបទ៖ សន រដ្ឋា ,រូបភាព៖ ក្រសួងការពារជាតិ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025