ថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញនិវត្តន៍មកដល់រាជធានីភ្នំពេញ នាវេលារំលងអធ្រាត្រ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ នេះ បន្ទាប់ពីបញ្ចប់ការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីន ប្រទេសចិន តបតាមការអញ្ជើញ របស់ឯកឧត្តម Xi Jinping ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាសថា បេសកកម្មនេះ ទទួលបានជោគជ័យយ៉ាងធំធេងទាំងក្នុងក្របខ័ណ្ឌនយោបាយ ការទូត និងសេដ្ឋកិច្ច។ក្នុងជំនួបពិភាក្សាទ្វេភាគី ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីន បានចាត់ទុកវត្តមានរបស់សម្តេចធិបតី គឺជាកាលានុវត្តភាពដ៏សំខាន់ ដើម្បីបន្តរឹតចំណងមិត្តភាពដែកថែប និងពង្រីក សាមគ្គីភាពចិន-កម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត បន្ទាប់ពីទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម នៅកម្ពុជា កាលពីខែមេសាកន្លងទៅ។
ពាក់ព័ន្ធនឹងស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ ឯកឧត្តមប្រធានាធិបតី បានបញ្ជាក់ជាថ្មីពីជំហររបស់ចិនក្នុងការគាំទ្របទឈប់បាញ់ គាំទ្រយន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ាន ដែលដឹកនាំដោយ ម៉ាឡេស៊ី និងចង់ឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់។
ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីន ក៏បានគាំទ្រ និងផ្តល់ជំនួយមនុស្សធម៌ ចំនួន ២០លានយ៉ន់ ស្មើប្រមាណ ២លាន ៨សែនដុល្លារ ដល់កម្ពុជា ដើម្បីជួយស្ដារឡើងវិញនូវការខូចខាត និងជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធ បង្កឡើងដោយយោធាថៃ កាលពីចុងខែកក្កដា កន្លងទៅ។
ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែជួយគាំទ្រដល់ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា។សម្តេច បានគូសបញ្ជាក់ថា ការគាំទ្ររបស់មិត្តចិន គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា។
សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសកម្មរបស់មិត្តចិន ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ បានយ៉ាងឆាប់រហ័ស ដែលជាជំហានឈានទៅរកការការពារអាយុជីវិតប្រជាពលរដ្ឋ និងជួយស្តារជីវភាពរបស់ប្រជាជន ដែលរងផលប៉ះពាល់៕
អត្ថបទ និងរូបភាព៖ PNN