ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥
បន្ទាប់ពីកើបចំណូលបានយ៉ាងក្រាស់ក្រែលនៅអាស៊ី នៅពេលនេះភាពយន្តគំនូរជីវចល Demon Slayer ថ្មីរបស់ជប៉ុនក៏បានបន្តវាយលុកទីផ្សារអាមេរិកនិងអឺរ៉ុប ដោយមានតារាសម្ដែងល្បីហូលីវូដ Channing Tatum ចូលរួមបញ្ចូលសំឡេងភាសាអង់គ្លេស។
តារាសម្តែងអាមេរិក Channing Tatum និងកូនស្រីរបស់ខ្លួនឈ្មោះ Everly Tatum បានស្ថិតក្នុងចំណោមតារាជាច្រើនទៀតដែលចូលរួមការសម្ពោធបញ្ចាំងលើកដំបូងនៅទីក្រុង Los Angeles សម្រាប់ភាពយន្តគំនូរជីវចលដ៏ល្បីពីប្រទេសជប៉ុន "Demon Slayer: Kimetsu no Yaiba Infinity Castle" កាលពីថ្ងៃទី 9 ខែកញ្ញា។
ខ្សែភាពយន្តនេះគឺជាវគ្គដំបូងក្នុងចំណោមរឿងសរុប 3 ភាគដែលនិយាយពីក្រុមអ្នកកម្ចាត់បិសាច Demon Slayer Corps ខណៈពួកគេត្រូវប្រឈមមុខនឹងបិសាចលំដាប់ខ្ពស់ Upper Rank នៅក្នុងការប្រយុទ្ធដ៏អស្ចារ្យមួយ ហើយការប្រយុទ្ធចុងក្រោយជាមួយស្ដេចបិសាច Muzan Kibutsuji ត្រូវចាប់ផ្តើម។
សម្រាប់ការដាក់បញ្ចាំងជាភាសាអង់គ្លេសនៅអាមេរិក តារាសម្ដែង Channing Tatum បានចូលរួមជាអ្នកបញ្ចូលសំឡេងមួយរូប ព្រមជាមួយតារាបញ្ចូលសំឡេងពីប្រទេសជប៉ុនដូចជា Natsuki Hanae និង Aleks Le។
មុនចាប់ផ្ដើមបញ្ចាំងនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដានៅថ្ងៃទី 12 ខែកញ្ញានេះ ភាពយន្ត "Demon Slayer: Infinity Castle" បានកើបចំណូលបានប្រមាណ 300 លានដុល្លារទៅហើយពីការបញ្ចាំងនៅទីផ្សារអាស៊ី។
មិនត្រឹមតែអាចបំបែកំណត់ត្រាប្រាក់ចំណូល Box Office ជាច្រើននោះទេ ប៉ុន្តែរឿងនេះក៏បានបង្កើតកំណត់ត្រាថ្មីសម្រាប់ចំនួនអ្នកទស្សនាផងដែរ។ ចាប់តាំងពីចេញបញ្ចាំងដំបូងនៅប្រទេសជប៉ុនកាលពីថ្ងៃទី18 ខែកក្កដា "Demon Slayer: Infinity Castle" មានអ្នកចូលទស្សនាសរុប 22 លាននាក់ហើយ ដែលធ្វើឱ្យរឿងនេះក្លាយជាភាពយន្តជប៉ុនដែលប្រើពេលលឿនបំផុតដើម្បីទទួលបានអ្នកទស្សនាច្រើនដល់កម្រិតនេះ ៕
ប្រែសម្រួល៖ វ៉ាន់ថន