ថ្ងៃអង្គារ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥

វៀតណាម សម្រេចការនាំចេញម្រេចជាង ១ពាន់លានដុល្លារ ក្នុងរយៈពេល ៨ខែ

១៦ កញ្ញា ២០២៥ | សេដ្ឋកិច្ច

 

ការនាំចេញម្រេចរបស់វៀតណាម បានកើនឡើងដល់ ១ពាន់ ១រយលានដុល្លារ ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៥ កើនឡើង ២៨% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន និងជាតួលេខខ្ពស់បំផុត ក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។

 

 

សមាគមម្រេច និងគ្រឿងទេសវៀតណាម បានបញ្ជាក់ថា ការកើនឡើងនៃការនាំចេញម្រេចរបស់វៀតណាម ត្រូវបានជំរុញដោយស្ថិរភាពនៃតម្រូវការសកល និងការផ្គត់ផ្គង់ដ៏តឹងតែង ដែលបានរក្សាតម្លៃនាំចេញឱ្យមានស្ថិរភាព។ក្នុងខែសីហា ប្រទេសវៀតណាមបាននាំចេញម្រេចចំនួនជាង ២ម៉ឺនតោន ដែលមានតម្លៃ ១៣៩លានដុល្លារ កើនឡើង ២% ជាបរិមាណ និង ១% បើគិតជាតម្លៃ។

 


ចាប់ពីខែមករា ដល់ខែសីហា ប្រទេសវៀតណាម បាននាំចេញម្រេចបានចំនួន ១៦ម៉ឺនតោន ក្នុងនោះម្រេចខ្មៅ ១៤ម៉ឺនតោន និងម្រេច ស ២ម៉ឺនតោន ដោយបរិមាណធ្លាក់ចុះ ៩% ប៉ុន្តែតម្លៃស្ថិតនៅកម្រិតខ្ពស់។ជាក់ស្តែង តម្លៃនាំចេញជាមធ្យមឈានដល់ ៦ពាន់ ៦រយដុល្លារក្នុងមួយតោន សម្រាប់ម្រេចខ្មៅ និង ៨ពាន់ ៧រយដុល្លារក្នុងមួយតោនសម្រាប់ម្រេច ស កើនឡើង ៤១% និង ៣៨% រៀងគ្នា។

 


សហរដ្ឋអាមេរិក នៅតែជាអ្នកទិញធំជាងគេ ដោយបាននាំចូល ៣ម៉ឺន ៥ពាន់តោន និងស្មើនឹង ២១% នៃចំណូលនាំចេញម្រេចរបស់វៀតណាម ក្នុងរយៈពេល ៨ខែនេះ។
ការនាំចេញទៅកាន់ប្រទេសចិន បានកើនឡើង ៥៨% ដល់ ១ម៉ឺន ៣ពាន់តោន ខណៈដែលការលក់ទៅកាន់ប្រទេសអារ៉ាប់រួម និងឥណ្ឌា បានកើនឡើង ៩% និង ១៣% រៀងគ្នា។

 


ដោយឡែក វៀតណាម បាននាំចូលម្រេចចំនួន ៣ម៉ឺន ៤ពាន់តោន ដែលមានតម្លៃ ២១៥លានដុល្លារ ក្នុងរយៈពេល ៨ខែនេះ ដោយប្រទេសប្រេស៊ីល នៅតែជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតរបស់ខ្លួន បន្ទាប់មកគឺកម្ពុជា និងឥណ្ឌូនេស៊ី។ជាចុងក្រោយ អ្នកជំនាញខាងឧស្សាហកម្មវៀតណាម រំពឹងថា ការផ្គត់ផ្គង់ នឹងរក្សាតម្លៃខ្ពស់ ក្នុងរយៈពេលដ៏ខ្លីខាងមុខ ជាពិសេសដោយសារក្រុមហ៊ុនវៀតណាម មានគម្រោងកាត់បន្ថយការនាំចូលម្រេចឆៅសម្រាប់កែច្នៃ និងនាំចេញទៅកាន់សហរដ្ឋអាមេរិក ដោយសារតែពន្ធបដិការ កើនឡើងរហូតដល់ ៤០% លើទំនិញឆ្លងកាត់៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ
 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025