ថ្ងៃអង្គារ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥
ប្រទេសរុស្ស៊ី និងបេឡារុសបានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាហៅថា «សមយុទ្ធហ្សាផាតឆ្នាំ២០២៥ (Zapad-2025)» នៅកន្លែងហ្វឹកហ្វឺនក្នុងប្រទេសទាំងពីរកាលពីថ្ងៃសុក្រ ចំពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយអង្គការណាតូ និងក្រោយពេលពីរថ្ងៃបន្ទាប់ពីប៉ូឡូញបានបាញ់ទម្លាក់យន្តហោះដ្រូនរបស់រុស្ស៊ី ដែលបានហោះចូលក្នុងដែនអាកាសរបស់ប៉ូឡូញ។
រដ្ឋមន្ត្រីការពារជាតិបេឡារុសលោក វិកតូ ក្រេនីន បាននិយាយកាលពីថ្ងៃចន្ទថា តំណាងមកពីប្រទេសចំនួន២៣រួមទាំងសហរដ្ឋអាម៉េរិកផងបានចូលរួមធ្វើជាអ្នកសង្កេតការណ៍នៅក្នុងសមយុទ្ធយោធានៅប្រទេសបេឡារុស។
លោក ក្រេនីន បាននិយាយថា អ្នកសង្កេតការណ៍អាចសម្លឹងមើលនូវអ្វីដែលពួកគេចាប់អារម្មណ៍ ហើយថា វត្តមានរបស់កងទ័ពអាម៉េរិកពេលនេះគឺគួរឱ្យភ្ញាក់ផ្អើលជាខ្លាំង។ វត្តមានមន្ត្រីអាម៉េរិកនេះគឺជាសញ្ញាចុងក្រោយនៃទំនាក់ទំនងដ៏កក់ក្តៅរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមីនស៍របស់បេឡារុសដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៊ី ដែលបានអនុញ្ញាតឱ្យទីក្រុងមូស្គូប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីបញ្ជូនទាហានរាប់ម៉ឺននាក់ទៅធ្វើសង្គ្រាមនៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។
វត្តមានយោធាអាម៉េរិកនេះបានធ្វើឡើងក្រោយពីលោក ចន ខូល តំណាងរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅបេឡារុសកាលពីសប្ដាហ៍មុនដើម្បីពិភាក្សាជាមួយមេដឹកនាំបេឡារុសលោក អាឡិកសេនឌ័រ លូកាសេនកូ ដែលបានយល់ព្រមដោះលែងអ្នកទោស៥២នាក់រួមទាំងអ្នកកាសែត និងអ្នកនយោបាយមួយចំនួនផងដែរ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន