ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥

សារ៉ាយ សក្ខណា នៅតែធ្វើឱ្យទស្សនិកជនលាន់មាត់សរសើរពីការសម្ដែងក្នុងភាពយន្តថ្មី ទោះជាខកខានមួយរយៈក្ដី

១០ កញ្ញា ២០២៥ | កម្សាន្ដ

 

សាច់រឿងបែបកំប្លែងលាយឡំការអប់រំពីការរស់នៅប្រចាំថ្ងៃ នៃរឿង «កំពូលក្រមុំទាំង ៣» ធ្វើឱ្យអ្នកទស្សនាសើចផ្អើលសាលបញ្ចាំងភាពយន្តថ្ងៃសម្ភោធ ពិសេសការសម្តែងរបស់ សារ៉ាយ សក្ខណា តែម្តង រឹតតែសើចខ្លាំងលើសការរំពឹងទុក។

 

 

តារាសម្តែងពូកែលេងទឹកមុខគ្រមិចគ្រមើម អ្នកនាង សារ៉ាយ សក្ខណា បានលេចមុខក្នុងពិធីសម្ភោធខ្សែភាពយន្តថ្មីរបស់ផលិតកម្ម LD Entertainmnet ចំណងជើង «កំពូលក្រមុំទាំង ៣» (The Ladies) កាលពីល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលមិញ នៅផ្សារទំនើប Chip Mong 271 Mega Mall ជាមួយសិល្បករ សិល្បការនីល្បីៗយ៉ាងច្រើនកុះករ។

 

 

«កំពូលក្រមុំទាំង ៣» (The Ladies) ជាស្នាដៃភាពយន្តថ្មីរបស់ សារ៉ាយ សក្ខណា ដែលនាងសម្តែងជាតួអង្គសំខាន់ម្នាក់ក្នុងរឿងនេះ។ មិនខុសពីស្នាដៃមុនៗតារារូបនេះ នៅតែរក្សាការសម្តែងតួបែបកំប្លែងស្ងួត ពិសេសកាយវិកាយ ទឹកមុខគ្រមិចគ្រមើម ធ្វើឱ្យអ្នកទស្សនាផ្ទុះសំណើចសើចក្អាកក្អាយ។

 

 

លើសពីភាពយន្តបែបកំប្លុកកំប្លែងដែលផ្តល់សំណើចដល់អ្នកទស្សនា រឿង «កំពូលក្រមុំទាំង ៣» ផ្សារភ្ជាប់មកនូវអត្ថន័យបង្កប់ និងការអប់រំយ៉ាងជ្រាលជ្រៅដល់ជីវិតប្រចាំថ្ងៃរបស់អ្នក។

 

 

អ្នកដឹកនាំរឿង លោក ឌៀប សិលា និង អ្នកនិពន្ធ លោក នួន ម៉ូលីន ហ៊ានអះអាងថា សាច់រឿងនេះពិតជាថ្មីប្លែកសម្រាប់ទស្សនិកជន និងត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តទស្សនារឿងបែបកំប្លែងតែម្តង។

 

 

 

មិនខុសគ្នាពីការលើកឡើងខាងលើ តារាកំប្លែង ស្រីពីន , កញ្ញា ម៉ៅ រចនា និង លោក ប៊ុន ខេវិន តួអង្គសំខាន់ៗក្នុងរឿង «កំពូលក្រមុំទាំង ៣» លើកឡើងស្រដៀងគ្នាថា អ្នកទស្សនានឹងផ្ទុះសំណើចក្អាកក្អាយពេលបានទស្សនារឿង ព្រោះមានឈុតឆាកកំប្លែងៗច្រើនលើសពីការរំទុក។ 

 

 

 

រឿង «កំពូលក្រមុំទាំង ៣» (The Ladies) នឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទំនើបទូទាំងប្រទេស ចាប់ពីថ្ងៃទី១១ ខែកញ្ញា នេះតទៅ! កុំភ្លេចចូលរួមទស្សនាភាពយន្តខ្មែរឱ្យបានច្រើនកុះករផងណា!

 

 


អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025